ព័ត៍មានសុខភាព
ជំងឺរលាកសួតបង្កឡើងដោយ វីរុស បាក់តេរី និងផ្សិត ខុសគ្នាដូចម្តេចទៅ?
×
ជំងឺរលាកសួតអាចកើតឡើងដោយសារតែមានការវាយប្រហារដោយវីរុស ផ្សិត ឬបាក់តេរី ចូលទៅក្នុងសួតរបស់យើង។ ពេលនោះវានឹងធ្វើឲ្យថង់ទងសួតតូចៗជាច្រើនទៅជារលាក និងផ្ទុកទៅដោយទឹក ឬខ្ទុះ។ បើសិនជាអ្នកមានសុខភាពល្អ និងព្យាបាលបានត្រឹមត្រូវ វាច្រើនតែមិនបង្កអ្វីគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ។ ប៉ុន្តែវាអាចជារឿងមួយគ្រោះថ្នាក់ចំពោះក្មេងតូចៗ មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។
ភាគច្រើន រាងកាយរបស់យើងបញ្ចេញ ឬយកឈ្នះមេរោគដែលចូលទៅក្នុងសួតចេញមកខាងក្រៅវិញតាមរយៈការក្អក។ បើសិនជាវាចូលទៅក្នុងខ្លួនយើងមែន ប្រព័ន្ធភាពស៊ាំច្រើនតែសម្លាប់វាចោលមុនពេលបង្កជាជំងឺ។ ប៉ុន្តែបើសិនជាមេរោគនោះខ្លាំង ឬរាងកាយមិនអាចសម្លាប់វាបាន សួតអាចនឹងរងការបង្ករោគ។ នៅពេលប្រព័ន្ធភាពស៊ាំបញ្ជូនភ្នាក់ងារសម្លាប់មេរោគ សួតអាចនឹងរងការរលាក ហើយបង្កជាជំងឺរលាកសួតតែម្តងទៅ។
ក្រោយពីឆ្លងជំងឺនេះរួច អ្នកអាចនឹងមានអាការៈ ក្តៅខ្លួនខ្លាំង គ្រុនញ៉ាក់ ពិបាកដកដង្ហើម និងឈឺទ្រូងពេលដកដង្ហើម។ អ្នកប្រហែលជាក្អកខ្លាំង និងជាប់រហូត ព្រមទាំងមានស្លេស្តដ៏ខាប់ទៀតផង។
ជំងឺរលាកសួតបង្កដោយបាក់តេរី
មេរោគតូចៗមួយចំនួនគឺជាផ្នែកមួយធម្មតារបស់រាងកាយដូចជាបាក់តេរីក្នុងពោះវៀន ព្រោះវាជាអ្នកជួយរំលាយអាហារ។ ប៉ុន្តែក្រៅពីនេះគឺអាចធ្វើឲ្យអ្នកមានជំងឺបាន។ ភាគច្រើនជំងឺរលាកសួតលើមនុស្សធំបង្កឡើងដោយបាក់តេរី។ ហើយកាលណាជំងឺបង្កឡើងដោយបាក់តេរី មានតែការប្រើថ្នាំផ្សះទេទើបអាចសម្លាប់វាបាន។
ជំងឺរលាកសួតបង្កឡើងដោយវីរុស
វីរុសបង្កជំងឺផ្តាសាយគឺជាមូលហេតុដ៏ចំបងមួយក្នុងការបង្កជំងឺរលាកសួតលើមនុស្សធំ ប៉ុន្តែវីរុសទាំងអស់ដែលបង្ករោគក្នុងមាត់ ច្រមុះ បំពង់ក ឬសួតសុទ្ធតែអាចបង្កជំងឺរលាកសួតបានទាំងអស់។ រោគសញ្ញារបស់ជំងឺនេះវិញច្រើនតែស្រាលជាងបង្កដោយបាក់តេរី ហើយរាងកាយច្រើនតែប្រឆាំងឈ្នះវាក្នុងរយៈពេលមួយទៅ ៣សប្តាហ៍។
ជំងឺរលាកសួតបង្កដោយមេរោគផ្សិត
និយាយរួមទៅ មេរោគផ្សិតកម្របង្កជាជំងឺរលាកសួតណាស់ លុះត្រាតែអ្នកជំងឺនោះមានប្រព័ន្ធភាពស៊ាំចុះខ្សោយដោយសារតែប្រើថ្នាំទប់ស្កាត់ប្រព័ន្ធភាពស៊ាំ ឬមានជំងឺអេដស៍។ ទោះបីជាយ៉ាងណាក៏ដោយ ជំងឺនេះអាចព្យាបាលបានដោយការប្រើថ្នាំប្រឆាំងនឹងមេរោគផ្សិត៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com