ជាតិ
សល់តែ៤ថ្ងៃទៀត ការឃុំមន្ត្រីអាដហុក និង មន្ត្រីគ.ជ.ប នឹងដល់ពេលកំណត់
× ភ្នំពេញ៖ នៅសល់តែ ៤ថ្ងៃទៀតប៉ុណ្ណោះ មន្ត្រីអាដហុក និង មន្ត្រីគ.ជ.ប នឹងជាប់ពន្ធនាគាររយៈពេល១ឆ្នាំហើយ ជុំវិញសំណុំរឿងរបស់ស្រីមុំ និងឯកឧត្តម កឹម សុខា។ ម្យ៉ាងទៀត វា ក៏ដល់ការកំណត់ក្នុងការឃុំខ្លួនមន្ត្រីអាដហុក និង មន្ត្រីគ.ជ.ប ក្នុងដំណាក់កាលទី២ផងដែរ។ នៅពេលដល់ការកំណត់បែបនេះ ចៅក្រមស៊ើបសួរ នឹងសម្រេចថា ត្រូវបញ្ជូនពួកគេទៅជំនុំជម្រះ ឬក៏ត្រូវឃុំខ្លួនបន្តទៀត។
បើគិតរហូតមកដល់ពេលនេះ មន្ត្រីអាដហុក៤រូប និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ១រូប បានជាប់ពន្ធនាគារអស់រយៈពេលជិតមួយឆ្នាំហើយ ដោយសារតែរឿងអាស្រូវរបស់ស្រីមុំ ជាមួយឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ ក្នុងដំណាក់កាលលើកទី១ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានឃុំខ្លួនមន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប ចំនួន៦ខែ ដើម្បីស៊ើបសួរពីរឿងក្តីនេះ។ ក្រោយរយៈពេល៦ខែកន្លងផុតទៅ ចៅក្រមស៊ើបសួរ ក៏បន្តឃុំខ្លួនមន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប ចំនួន៦ខែទៀត នៅក្នុងដំណាក់កាលទី២។
ជានីតិវិធី ចៅក្រមស៊ើបសួរ អាចឃុំខ្លួនជនត្រូវចោទ (មន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប) បានត្រឹម៦ខែប៉ុណ្ណោះ ក្នុងដំណាក់កាលនីមួយៗ។ នេះជាការពន្យល់របស់លោក សំ សុគង់ មេធាវី១រូបក្នុងចំណោមមេធាវីទាំង៥រូប ដែលរួមគ្នាការពារក្តីឲ្យមន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប។
លោក សំ សុគង់ ប្រាប់សារព័ត៌មានថ្មីៗថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ការឃុំខ្លួនមន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប ក្នុងដំណាក់កាលទីពីរ នឹងដល់ពេលកំណត់។ លោកមេធាវី និយាយថា ក្រោយផុតការកំណត់ក្នុងការឃុំខ្លួន ចៅក្រមស៊ើបសួរ មានជម្រើស២ គឺបញ្ជូនមន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប ទៅជំនុំជម្រះ ឬក៏បន្តឃុំខ្លួនពួកគេ ក្នុងដំណាក់កាលទី៣ ចំនួន៦ខែទៀត។
លោកមេធាវីរូបនេះ បញ្ជាក់ដូច្នេះថា៖«ខ្ញុំ មិនទាន់ដឹងថា ចៅក្រមស៊ើបសួរ សម្រេចយ៉ាងណាទេ។ តែ គាត់ មានផ្លូវពីរ។ ទី១ បើគាត់យល់ថាមិនចាំបាច់ ឬក៏សំណុំរឿងហ្នឹង ស៊ើបសួរអស់ហើយ គាត់នឹងបញ្ជួនសំណុំរឿងទៅជំនុំជម្រះ។ ទី២ បើគាត់យល់ថាសំណុំរឿងមិនទាន់ចប់ គាត់ នឹងបន្តឃុំខ្លួន ក្នុងដំណាក់កាលទីបី ចំនួន៦ខែទៀត»។
កន្លងមកក្រុមមេធាវី ធ្លាប់ដាក់លិខិតទៅកាន់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញម្តងជាពីរដងរួចមកហើយ ដើម្បីសុំឲ្យលើកលែងការចោទប្រកាន់លើអ្នកទាំង៥។ ប៉ុន្តែការស្នើសុំរបស់ក្រុមមេធាវី មិនបានទទួលលទ្ធផលជាវិជ្ជមាននោះទេ។
សូមរម្លឹកថា មន្ត្រីអាដហុកទាំង៤រូប រួមមានលោក នី សុខា លោក ណៃ វង់ដា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី រួមទាំងលោក នី ចរិយា អគ្គលេខាធិការរងគ.ជ.ប ត្រូវបានឃាត់ខ្លួនតាំងពីចុងខែមេសា ឆ្នាំ២០១៦ មក។ មន្ត្រីអាដហុកទាំង៤រូប រងបទចោទ «សូកប៉ាន់សាក្សី» ហើយមន្ត្រីគ.ជ.ប រងបទចោទ «សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី» ជុំវិញរឿងអាស្រូវរបស់ស្រីមុំនិងឯកឧត្តម កឹម សុខា៕
Tag:
អាដហុក
គជប
តុលាការ
មេធាវី
© រក្សាសិទ្ធិដោយ thmeythmey.com