អន្តរជាតិ
នុយក្លេអ៊ែរ​កូរ៉េខាងជើង​៖ ចិន​ស្នើ​ភាគី​ទាំងអស់ «​កុំ​ចាក់​សាំង​លើ​ភ្លើង​»
24, Apr 2017 , 7:19 pm        
រូបភាព
​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង បានស្នើ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ រក្សា​ការអត់ធ្មត់​ឲ្យ​បាន​ខ្លាំង​ដើម្បី​បន្ថយកម្ដៅ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​។ លោក ស៊ី ជីន​ភីង ស្នើ​ដូចនេះ ក្នុង​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៤ ខែមេសា​នេះ ខណៈ​ស្ថានការណ៍​ឧបទ្វីប​កូរ៉េ​ឡើង​កម្ដៅ​ខ្លាំង​។ ប្រធានាធិបតី​ចិន ក៏​ទទូច​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងឡាយ មិន​ត្រូវធ្វើ​សកម្មភាព​បង្កហេតុ​ដែល​នាំ​ឲ្យ​មានការ​ប្រឈមមុខគ្នា​កាន់តែខ្លាំង​ឡើយ​។​



​ខណៈដែល​នាវា​ដឹក​យន្តហោះ USS Carl Vinson កាន់តែ​ខិតជិត​ឧបទ្វីប​កូរ៉េ ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង ក៏​ចេញមុខ​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​បញ្ហា​សាំ​ញាំ​នេះ ទប់ចិត្ត​ទប់​អារម្មណ៍ និង​មិនត្រូវ​បង្កបញ្ហា​បន្ថែម​ទៀតឡើយ​។ ចិន ក៏​សង្ឃឹមថា គ្រប់ភាគី​ទាំងអស់ ក៏​នឹងមិន​ធ្វើ​សកម្មភាព​អ្វី​ឲ្យ​ភាគី​ណាមួយ​មាន​លេស​បង្កបញ្ហា​ទៀត​ដែរ ព្រោះ​វា​ប្រៀបដូចជា​ម​ការចាក់​សាំង​បន្ថែម​លើ​ភ្លើង​ដែល​កំពុង​ឆេះ​ខ្លាំង​នោះ​។​

​ទូរទស្សន៍​រដ្ឋ​ចិន CGTN ផ្សាយ​ថា ការស្នើ​របស់​ចិន ធ្វើឡើង​ក្នុងការ​និយាយ​តាម​ទូរ​សព្ទ​រវាង​លោក ស៊ី ជីន​ភីង និង​លោក ដូ​ណា​ល់ ត្រាំ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ដែលជា​ការនិយាយ​តាម​ទូរ​សព្ទ​លើក​ទី​២ ក្នុង​ខែ​នេះ​។ អំឡុងពេល​សន្ទនា ប្រធានាធិបតី​ចិន ក៏​សង្កត់ធ្ងន់​ពី​ជំហរ​របស់​ចិន ដែល​ប្រឆាំង​រាល់​ទង្វើ​ទាំងឡាយ​ផ្ទុយ​ពី​ការសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ លោក​បន្តថា បញ្ហា​ឧបទ្វីប​កូរ៉េ អាច​ដោះស្រាយបាន ក្នុងករណី​ទាំងអស់​អង្គុយ​ចរចា​ជាមួយគ្នា​ប៉ុណ្ណោះ​។

​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​រវាង​មេដឹកនាំ​មហាអំណាច​ទាំង​២ កើតឡើង​ចំពេល​ដែលមាន​ការព្រួយបារម្ភ​លើ​កម្មវិធី​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ សហគមន៍​អន្តរជាតិ កាន់តែ​បារម្ភ​ខ្លាំង​ជុំវិញ​លទ្ធភាព​ដែល​កូរ៉េខាងជើង​អាច​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៦ ក្នុងពេល​ឆាប់ៗ​នេះ​។ អាមេរិក ជំទាស់​ដាច់ខាត​ហើយនឹង​ការសាកល្បង​នេះ និង​បាន​គំរាម​វាយប្រហារ​លើ​កូរ៉េខាងជើង​ទៀត ហើយ​ការបញ្ជូន​នាវា​ដឹក​យន្តហោះ​មក​ក្បែរ​ឧបទ្វីប​កូរ៉េ​ផងដែរ​។​

​កូរ៉េខាងជើង ចាត់ទុក​ការបញ្ជូន​នាវា​ដឹក​យន្តហោះ​លើក​នេះ គឺជា​គំរាមកំហែង​មកលើ​អធិបតេយ្យ​របស់ខ្លួន និង​បានប្រកាស​វាយបក​វិញ​ដែរ​។ ចំពោះ​ចិន ទាំង​វត្តមាន​នាវា​យន្តហោះ​ដឹក​យន្តហោះ ទាំង​ការ​គំរាម​របស់​កូរ៉េខាងជើង សុទ្ធតែជា​ទង្វើ​បង្កហេតុ​ទាំងអស់ ហើយ​អាច​ទាញ​តំបន់​ទាំងមូល​ធ្លាក់ចូល​រណ្ដៅ​គ្រោះថ្នាក់​ទៅទៀត​។ ចិន ក៏​ជំទាស់​ខ្លាំង​នឹង​ការប្រើ​កម្លាំងយោធា​ប្រឆាំង​កូរ៉េខាងជើង​ដែរ ហើយ​ជានិច្ចកាល ចិន​ទាមទារ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ចូល​តុ​ចរចា​វិញ​។​

​យ៉ាងណាក្ដី ជំហរ​របស់​ចិន មិន​ត្រូវបាន​យកចិត្ត​ឡើយ សូម្បីតែ​កូរ៉េខាងជើង ដែលជា​សម្ព័ន្ធមិត្ត​យូរលង់​មក​នោះ ក៏​មិនសូវ​ខ្វល់​នឹង​សម្ដី​ចិន តែ​បាន​ពង្រឹង​កងទ័ព​រប​ស់​ខ្លួន​ត្រៀមប្រយុទ្ធ​គ្រប់ពេល​។ ក្រុង​ព្យុងយ៉ាង ប្រកាស​ហើយ​ថា ខ្លួន​គ្មាន​បំណង​ចរចា​ឡើយ បើ​អាមេរិក​នៅតែ​បន្តធ្វើ​ទង្វើ​បង្ករឿង​ដាក់ខ្លួន​ទៀត​។ ទង្វើ​បង្ករឿង​ដែល​កូរ៉េខាងជើង​លើកឡើង គឺ​ការធ្វើ​សមយុទ្ធ​រួមគ្នា​របស់​អាមេរិក និង​កូរ៉េខាងត្បូង ក៏ដូចជា​បញ្ជូន​នាវា​ដឹក​យន្តហោះ​នាពេល​ថ្មីៗ​នេះ​៕


Tag:
 ចិន​
  អាមេរិក​
  ឧបទ្វីប​កូរ៉េ​
  ស៊ី ជីន​ភីង​
  បា​រ៉ា​ក់ អូ​បា​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com