ជាតិ
នយោបាយជាតិ
ឃោសនាបោះឆ្នោត៖ បក្សប្រឆាំង ត្រៀម៣លានដុល្លារ តែបក្សកាន់អំណាច មិនចំណាយឡើយ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងបក្សសង្គ្រោះនាការឃោសនាបោះឆ្នោតតំណាងរាស្ត្រកន្លងមក។
× ភ្នំពេញ៖ បក្សប្រឆាំង គ្រោងចំណាយថវិកា រហូតដល់ទៅ ៣លានដុល្លារឯណោះ នៅក្នុងការឃោសនាបោះឆ្នោតថ្នាក់ឃុំ សង្កាត់ នាពេលខាងមុខ។ ផ្ទុយពីបក្សប្រឆាំង បក្សកាន់អំណាច មិនមានកញ្ចប់ថវិកា ដើម្បីចំណាយក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ថ្នាក់ឃុំ សង្កាត់ នោះទេ។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានប្រាប់សារព័ត៌មានថ្មីៗថា គណបក្សសង្គ្រោះជាតិ នឹងត្រៀមថវិកាប្រមាណជា៣លានដុល្លារ ដើម្បីចាយវាយនៅក្នុងអំឡុងនៃការឃោសនាបោះឆ្នោតថ្នាក់ឃុំ សង្កាត់ នាពេលខាងមុខ។ លោក យ៉ែម បុញ្ញឫទ្ធិ អះអាងថា ថវិកាប្រមាណជា ១.៧ លានដុល្លារ បានមកពីការរួមចំណែករបស់មន្ត្រី និងសកម្មជននៅតាមមូលដ្ឋាន ហើយថវិកាប្រមាណជា ១.៣លានដុល្លារទៀត បានមកពីការរួមចំណែករបស់មន្ត្រីគណបក្សនៅថ្នាក់ជាតិ និងអ្នកគាំទ្រនៅឯប្រទេសក្រៅ។
អ្នកនាំពាក្យបក្សប្រឆាំងរូបនេះ និយាយដូច្នេះថា៖«គម្រោងរបស់យើង គឺប្រហែលជា៣ល្លានដុល្លារ សម្រាប់ឃោសនាបោះឆ្នោត។ មកដល់ពេលនេះ យើងដឹងច្បាស់ហើយ ថាមានថវិកា១.៧លានដុល្លារ ដែលបានមកពីមន្ត្រីនិងសកម្មជននៅថ្នាក់ក្រោមជាតិ ឬតាមមូលដ្ឋាន។ ចំណែកឯថវិកា ពីមន្ត្រីថ្នាក់ជាតិ និងអ្នកគាំទ្រឯបរទេស យើងមិនទាន់ទទួលបានគ្រប់ទេ ហើយក៏មិនទាន់ដឹងច្បាស់ ថាយ៉ាងម៉េចដែរ»។
ផ្ទុយពីបក្សប្រឆាំង បក្សកាន់អំណាច បែរជាគ្មានគម្រោងក្នុងការរៀបចំថវិកា ដើម្បីចំណាយក្នុងអំឡុងនៃការឃោសនាបោះឆ្នោត ទៅវិញ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗថា ការឃោសនាបោះឆ្នោតថ្នាក់ឃុំ សង្កាត់ ក្នុងអាណត្តិទី៤នេះ ហាក់មានលក្ខណៈធូរស្រាយ ជាងអាណត្តិមុនៗ ទើបគណបក្សប្រជាជនកម្ពុជា មិនចាំបាច់ត្រូវចំណាយថវិកា។ លោក សង្កត់ធ្ងន់ថា ក្នុងការឃោសនាបោះឆ្នោតនាពេលខាងមុខ គណបក្ស នឹងទម្លាក់ការទទួលខុសត្រូវទៅឲ្យមន្ត្រីនៅតាមមូលដ្ឋានតែម្តង។ អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ និយាយដូច្នេះថា៖«យើងគ្មានគម្រោងចំណាយអ្វីនោះទេ។ ហើយយើង ក៏មិនព្រួយបារម្ភអ្វីដែរ។ គ្រប់យ៉ាង គឺយើងប្រគល់ទៅឲ្យមន្ត្រីឃុំ សង្កាត់ ជាអ្នកទទួលខុសត្រូវ ដោយខ្លួនឯង»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកំណត់ឲ្យគណបក្សនយោបាយ មានរយៈពេលត្រឹមតែ១៤ថ្ងៃ ដើម្បីឃោសនាបោះឆ្នោតថ្នាក់ឃុំ សង្កាត់។ ម្យ៉ាងទៀត ក្នុងរយៈពេល១៤នេះ គ.ជ.ប អនុញ្ញាតឲ្យគណបក្សនយោបាយ ដង្ហែក្បួននានា នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត បានត្រឹមតែ២ថ្ងៃ ប៉ុណ្ណោះ។ ចំណុចទាំងនេះហើយ ដែលលោក សុខ ឥសាន ចាត់ទុកថា ការឃោសនាបោះឆ្នោតថ្នាក់ឃុំ សង្កាត់ នាអាណត្តិទី៤នេះ មានលក្ខណៈ ធូរស្រាល ដែលបក្សកាន់អំណាច មិនចាំបាច់ចំណាយថវិកា ដូចអាណត្តិមុនៗ។
ទោះជាយ៉ាងនេះក្តី លោក សុខ ឥសាន បានបញ្ជាក់ថា បក្សកាន់អំណាច នឹងជួយជ្រោមជ្រែង ឬធ្វើអន្តរាគមន៍ ប្រសិនបើមន្ត្រីនៅថ្នាក់មូលដ្ឋាន មានការខ្វះខាត ឬមានបញ្ហាអ្វីមួយ ក្នុងអំឡុងនៃការឃោសនា ហើយស្នើសុំជំនួយ ទៅថ្នាក់លើ។
សូមបញ្ជាក់ថា គណបក្សនយោបាយចំនួន១២ បានចូលរួមប្រកួតប្រជែងការបោះឆ្នោតថ្នាក់ឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ ប៉ុន្តែ ក្នុងចំណោមគណបក្សទាំងនោះ មានតែគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ ប៉ុណ្ណោះ ដែលបានដាក់បេក្ខជនរបស់ខ្លួន នៅគ្រប់ឃុំ សង្កាត់ទាំងអស់ (១៦៤៦ ឃុំ សង្កាត់)៕
© រក្សាសិទ្ធិដោយ thmeythmey.com