អន្តរជាតិ
អារ៉ាប៊ីសាអូឌីត ជាប់ឆ្នោតជាសមាជិកស្ថាប័នការពារសិទ្ធិស្ត្រី UN ទាំងខ្លួនជារដ្ឋបិទសិទ្ធិសេរីភាពស្ត្រី រូបភាព៖ UN Watch
× អារ៉ាប៊ីសាអូឌីត្រូវបានគេជ្រើសរើសជាសមាជិកគណៈកម្មការសិទ្ធិស្ត្រីនៃអង្គការសហប្រជាជាតិ។ ប៉ុន្តែអង្គការឃ្លាំមើលអង្គការសហប្រជាជាតិបានរិះគន់ការបោះឆ្នោតនេះយ៉ាងចាស់ដៃ ព្រោះអារ៉ាប៊ីសាអូឌីតនេះមិនដែលគោរពសិទ្ធិស្ត្រីឡើយតាំងពីដើមមក។ ដូចឃើញហើយ ស្ត្រីអារ៉ាប៊ីសាអូឌីតមិនទាំងមានសិទ្ធិសូម្បីតែបើកឡាន។
រឿងដែលគួរឲ្យអស់សំណើចមួយបានកើតឡើងនៅក្នុងស្ថាប័នទទួលបន្ទុកលើកកម្ពស់សិទ្ធិស្ត្រីនៃអង្គការសហប្រជាជាតិចុងសប្តាហ៍កន្លងទៅ។ រឿងនោះគឺ រដ្ឋឈូងសមុទ្រនិងជាសម្ព័ន្ធមិត្តអាមេរិក អារ៉ាប៊ីសាអូឌីតនោះត្រូវបានគេបោះឆ្នោតជ្រើសរើសជាសមាជិកគណៈកម្មការសិទ្ធិស្ត្រីប្រចាំអង្គការសហប្រជាជាតិមានអាណត្តិពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២។ការសម្រេចនេះរងការរិះគន់ខ្លាំងពីសំណាក់ក្រុមអ្នកឃ្លាំមើលនិងអង្គការមិនមែនរដ្ឋាភិបាលផ្នែកសិទ្ធិមនុស្សផងដែរ។
អង្គការមិនមែនរដ្ឋាភិបាល UN Watch ដែលជាស្ថាប័នតាមដានសិទ្ធិមនុស្សនោះបានថ្កោលទោសការជ្រើសរើសអារ៉ាប៊ីសាអូឌីតជាសមាជិកគណៈកម្មការសិទ្ធិស្ត្រីនេះ។ នាយកប្រតិបត្តិអង្គការ UN Watch Hillel Neuer បានថ្លែងដូច្នេះថា៖ «ការជ្រើសរើសអារ៉ាប៊ីសាអូឌីតឲ្យទៅកាន់កាប់ស្ថាប័នការពារសិទ្ធិស្ត្រីមិនខុសពីឲ្យអ្នកដុតផ្ទះទៅធ្វើជាប្រធានផ្នែកពន្លត់អគ្គីភ័យដូច្នេះដែរ»។
ប្រធានស្ថាប័នសិទ្ធិមនុស្សនេះបានបន្តផងដែរថា សិទ្ធិសេរីភាពស្ត្រីនៅអារ៉ាប៊ីសាអូឌីតស្ថិតក្រោមគំនៀបសង្គមនិងសាសនា ហើយវាជារឿងឆ្កួតឡប់ដែលគេនាំគ្នាបោះឆ្នោតជាសម្ងាត់ឲ្យអារ៉ាប៊ីសាអូឌីត។ លោកបញ្ជាក់បន្ថែមដូច្នេះថា ៖«ស្ត្រីគ្រប់រូបនៅអារ៉ាប៊ីសាអូឌីត ត្រូវតែមានបុរសឃុំគ្រងនិងចាំសម្រេចចិត្តជំនួសពាក់ព័ន្ធបញ្ហាសំខាន់ៗក្នុងគ្រួសារ។ បុរសទាំងនោះគ្រប់គ្រងជីវិតស្ត្រីតាំងពីកើតដល់ស្លាប់ទៅវិញ ហើយឃើញស្រាប់ហើយ អារ៉ាប៊ីសាអូឌីតមិនទាំងអនុញ្ញាតឲ្យស្ត្រីបើកឡានផង»។
តាមពិតទៅការបោះឆ្នោតជ្រើសរើសអារ៉ាប៊ីសាអូឌីតនេះធ្វើឡើងក្នុងកិច្ចប្រជុំសម្ងាត់ក្នុងក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមដែលមានសមាជិកទាំងអស់ចំនួន ៥៤។ យោងតាមលទ្ធផលនេះ គេវាយតម្លៃថា រដ្ឋប្រជាធិបតេយ្យក្នុងក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមយ៉ាងហោចណាស់ ១៥ បានសម្រេចបោះឆ្នោតគាំទ្រអារ៉ាប៊ីសាអូឌីត ទើបបានជារដ្ឋមួយនេះអាចជាប់បាន។
កន្លងមកអារ៉ាប៊ីសាអូឌីតក៏បានឈ្នះអាសនៈសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិផងដែរទាំងដែលខ្លួនមែនជារដ្ឋដែលគោរពសិទ្ធិមនុស្សនោះ។ ក្លាយជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអារ៉ាប៊ីសាអូឌីតមានលទ្ធភាពក្នុងការបោះឆ្នោតនិងមានអំណាចត្រួតពិនិត្យលើយន្តការ អនុម័តដំណោះស្រាយ និងជំរុញការដាក់ចេញគំនិតផ្តួចផ្តើមដែលមានឥទ្ធិពលលើសិទ្ធិស្ត្រីទូទាំងពិភពលោកថែមទៀត៕
Tag:
អារ៉ាប៊ីសាអូឌីត
UN
គណៈកម្មការសិទ្ធិស្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com