អន្តរជាតិ
ហ្វីលីពីន​ពង្រាយ​សន្តិសុខ​ជាង​៤​ម៉ឺន​នាក់​ការពារ​សន្និសីទ​កំពូល​អាស៊ាន​លើក​ទី​៣០
24, Apr 2017 , 9:19 pm        
រូបភាព
រូបភាព៖ Philippine Star
រូបភាព៖ Philippine Star
​រដ្ឋាភិបាល​ហ្វីលីពីន​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ត្រៀមខ្លួន​រួចហើយ​ដើម្បី​ទទួល​មេដឹកនាំ​អាស៊ាន​ទាំង ៩​ផ្សេងទៀត​រួម​ជា​ទាំង​ប្រតិភូ​ជាន់ខ្ពស់​សំខាន់ៗ​ជាច្រើន​ដែល​នឹង​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣០​។ ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​ប្រតិភូ​ដែល​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់​តំបន់​នេះ​ហ្វីលីពីន​សម្រេច​ពង្រាយ​កងសន្តិសុខ ៤១០០០​នាក់​នៅ​រដ្ឋធានី​ម៉ានីល​ចាប់ពី​ថ្ងៃ​២៦ ដល់​ថ្ងៃ ២៩​មេសា សប្តាហ៍​នេះ​។​



​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣០ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នឹងត្រូវ​រៀបចំឡើង​នៅ​សប្តាហ៍​នេះ ចាប់ពី​ថ្ងៃ ២៦​ដល់​ថ្ងៃ ២៩ នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​។ កិច្ចប្រជុំ​ថ្នាក់​តំបន់​ដ៏​សំខាន់​នេះ​នឹងមាន​ចូលរួម​ពី​សំណាក់​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ទាំង ១០ រួមទាំង​បណ្តា​ប្រតិភូ​ជាន់ខ្ពស់​ជាច្រើន​ផ្សេងទៀត​ដែរ​។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ ២០១៧ នេះ ហ្វីលីពីន​ផ្តោត​សំខាន់​ខ្លាំង​លើ​ការរក្សាសន្តិសុខ និង​សណ្ត​ប់​ធ្នាប់​ជូន​ថ្នាក់ដឹកនាំ​និង​ប្រតិភូ​បរទេស​ដោយសារតែ​ប្រទេស​នេះ​ប្រឈមមុខ​បញ្ហា​សន្តិសុខ​ច្រើន​ប៉ុន្មាន​ខែ​ចុងក្រោយ​ជាពិសេស​ក្រុម​ភេរវជន​។

​យោងតាម​សារព័ត៌មាន CNN ហ្វីលីពីន រដ្ឋាភិបាល​បានសម្រេច​ពង្រាយ​កងក​ម្លាំ​ង​ប៉ូលិស ២៦០០០​នាក់ រួមជាមួយ​កងទ័ព ១៥០០០​នាក់​ផ្សេងទៀត​ទៅ​ទូទាំង​រដ្ឋធានី​ម៉ានីល​ដើម្បី​រក្សា​សន្តិសុខ​និង​ទប់ស្កាត់​បញ្ហា​ភេរវកម្ម​ជាដើម​ផង​។​

​ជារួម កិច្ចប្រជុំ​សំខាន់ៗ​ក្រោម​ក្របខណ្ឌ​អាស៊ាន​ចំនួន ១៣៨ ត្រូវ​រៀបចំ​នៅ​ហ្វីលីពីន​នៅក្នុង​ឆ្នាំ ២០១៧​នេះ ហើយ​ក្នុងចំណោម​នោះ​កិច្ចប្រជុំ​ទាំងនោះ​មាន​ពីរភាគបី​ត្រូវ​រៀបចំ​នៅ​ក្រុង​ម៉ានីល​។ ដូច្នេះហើយ​ប្រតិភូ​អន្តរជាតិ​និង​មេដឹកនាំ​បរទេស​ភាគច្រើន​ត្រូវធ្វើ​ដំណើរ​ទៅកាន់​ក្រុង​ម៉ានីល និង​ស្នាក់នៅ​ទីនោះ​ក្នុងអំឡុងពេល​ប្រជុំ​។​

​បើតាម​មន្ត្រី​ហ្វីលីពីន ក្រុង​ម៉ានីល​នឹង​ស្ថិតក្រោម​ការ​រឹតបន្តឹង​សន្តិសុខ​ខ្លាំង​សប្តាហ៍​នេះ​ព្រោះ ក្រៅពី​មាន​កិច្ចប្រជុំ​កំពូល​អាស៊ាន មេដឹកនាំ​អាស៊ាន​ពីររូប​លោក​ក៏​នឹង​ឆ្លៀត​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ហ្វីលីពីន​ផង ពាក់ព័ន្ធ​ការរៀបចំ​ខ្លួន​ដែរ ក្នុងនោះ​មាន​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក ចូ​កូ វី​ដូ​ដូ និង​មហាក្សត្រ​ព្រុយ​ណេ​ព្រះ​ចៅ Hassanal Bolkiah​។  ប្រតិភូ​ប្រទេស​អាស៊ាន​ផ្សេងទៀត​ប្រហែល ពីរពាន់​នាក​ក៏​នឹងមាន​វត្ត​មាននៅ​ហ្វីលីពីន​ដែរ​នៅ​សប្តាហ៍​នេះ​។​

​ស្វាគមន៍​មេដឹកនាំ​អាស៊ាន អគ្គរដ្ឋទូត Marciano A. Paynor Jr ដែលជា​អ្នកទទួលបន្ទុក​រៀបចំ​ពិធីការ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា​ក្នុង​ក្របខណ្ឌ​អាស៊ាន​បាន​លើកឡើងថា សន្តិសុខ​ជា​រឿង​សំខាន់បំផុត​សម្រាប់​ហ្វីលីពីន ពេលដែល​ប្រទេស​នេះ​រៀបចំ​កិច្ចប្រជុំ​ធំៗ​។​

«​យើង​មិនអាច​ផ្តោត​តែ​លើ​បញ្ហា​សន្តិសុខ​ផ្ទៃក្នុង​នោះទេ​។ ដូច​យើង​បានដឹងហើយថា នៅ​បណ្តា​ទីក្រុង​ធំៗ​របស់​អឺរ៉ុប​មាន​ក្រុង​ឡុង​ដ៍​, ប៉ារីស​, និង​ព្រុ​ច​សែ​ល សុទ្ធតែ​រងគ្រោះ​ដោយសារ​ការវាយប្រហារ​ភេរវជន​។ យើង​នៅ​សំណាង​ជាង​ប្រទេស​ទាំងនោះ​។ យើង​មិន​ចង់​ឲ្យ​រឿង​បែប​នោះ​កើតឡើង​ឡើយ ជាពិសេស​ពេលដែល​យើង​មាន​ភ្ងៀ​វ​មក​ចូលរួម​ប្រជុំ​ច្រើន​ឆ្នាំនេះ​ទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់​មន្ត្រី​ជាន់ខ្ពស់​ហ្វីលីពីន​រូបនេះ​។​

​សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ដែរ​ថ្មីៗ​នេះ​សន្តិសុខ​នៅ​ហ្វីលីពីន​ទាំងមូល​កាន់តែ​ដុនដាប​ខ្លាំង ដោយសារ​ក្រុម​ភេរវជន Abu Sayyaf ចាប់ផ្តើម​អុកឡុក​កាន់តែខ្លាំង​។  កាលពី​នៅ​យប់​ថ្ងៃ ១៧​មេសា គេ​ឃើញ​មានការ​បំផ្ទុះ​គ្រាប់បែក​ពីរ​គ្រាប់​នៅ​ក្រុង Tacurong ធ្វើ​ឲ្យ​មនុស្ស​ប្រាំពីរ​នាក់​រងរបួស​ផង​។ គេ​វាយតម្លៃថា ករណី​បំផ្ទុះ​គ្រាប់​នេះ​អាចពាក់ព័ន្ធ​ក្រុម​ឧទ្ទាម​រណសិរ្ស​រំដោះ​ម៉ូ​ស្លី​ម Moro ( Moro Islamic Liberation Front)​។ ចំណែក​កាលពី​ថ្ងៃ ១១ មេសា ក្រុម​ទាហាន​រដ្ឋាភិបាល​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម Abu Sayyaf និង​បណ្តាញ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ដែ​ស្ហ (Daesh) នៅ​ក្រុង Bohol ផង រហូត​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​១០​នាក់​ស្លាប់​ក្នុងនោះ​មាន​ទាហាន​រដ្ឋ​ភិ​បាល​ផងដែរ​។

​ដោយឡែក​ពាក់ព័ន្ធ​ការរៀបចំ​សន្តិសុខ​ទទួល​កិច្ចប្រជុំ​នេះដែរ មេ​ប៉ូលិស​ហ្វីលីពីន​លោក​Ronald Dela Rosa បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា លោក​សង្ឃឹម​មុតមាំ​លើ​សមត្ថភាព​និង​វិជ្ជាជីវៈ​របស់​មន្ត្រីប៉ូលិស​និង​កងកម្លាំង​យោធា​របស់​ហ្វីលីពីន​ក្នុង​ការរក្សាសន្តិសុខ​ជូន​ប្រតិភូ​អាស៊ាន​។​ហើយ​ភ្នាក់ងារ​ពាក់ព័ន្ធ​វាយតម្លៃ​ជាមុន​ថា គ្មាន​ការគំរាមកំហែង​សន្តិសុខ ឬ​គម្រោង​ភេរវកម្ម​ណាមួយ​កើតមានឡើង​ឡើយ​ក្នុង​រយៈពេល​នៃ​កិច្ចប្រជុំ​នេះ​។​

​ទោះជា​មានការ​វាយតម្លៃ​ដូច្នេះ​ក្តី រដ្ឋមន្ត្រី​មហាផ្ទៃ​ហ្វីលីពីន Catalino Cuy បាន​អះអាងថា ហ្វីលីពីន​មិន​ព្រងើយកន្តើយ​ចំពោះ​បញ្ហា​សន្តិសុខ​ជាពិសេស​ការគំរាមកំហែង​ដែល​អាច​កើតមានឡើង​ឡើយ​។ ស្ថាប័ន​របស់លោក​នៅតែ​ត្រៀមលក្ខណៈ​ពេញលេញ​ដើម្បី​ត្រួតពិនិត្យ​និង​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​បំផុត​ចំពោះ​ស្ថានការណ៍​ជារួម​នៅ​ក្រុង​ម៉ានីល​។​

​នៅ​ខែវិច្ឆិកា​ខាងមុខនេះ ហ្វីលីពីន​នឹង​បន្ត​រៀបចំ​កិច្ចប្រជុំ​អាស៊ាន​លើក​ទី ៣១​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ Clark​។ វេទិកា​កិច្ចប្រជុំ​នេះ​នឹង​ប្រមូលផ្តុំ​ប្រមុខរដ្ឋ​ចំនួន ២២​រូប​ក្នុងនោះ​មាន​ទាំង​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Anttonio Guterres​ថែម​ទៀតផង​៕


Tag:
 ហ្វីលីពីន​
  កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣០
© រក្សាសិទ្ធិដោយ thmeythmey.com