អន្តរជាតិ
បេក្ខជនប្រធានាធិបតីបារាំងដែលគ្មានបក្ស Emmanuel Macron ជាអ្នកណា?
× បេក្ខជនគ្មានបក្សនយោបាយ និងជាអ្នកនយោបាយឯករាជ្យ Emmanuel Macron បានដើរដល់ផ្លូវឆ្ពោះទៅក្លាយជាប្រធានាធិបតីបារាំងទាំងនៅវ័យ ៣៩ឆ្នាំហើយ។ របាយការណ៍ស្ទង់មតិខ្លះបង្ហាញថា លោកមានលទ្ធភាពផ្តួលគូប្រជែងខ្លួន អ្នកនយោបាយស្តាំនិយមជ្រុល Marine Le Pen នៅថ្ងៃ ៧ខែឧសភាខាងមុខ។ ចុះលោក Macron មានប្រវត្តិរូបបែបណា?
លោក Emmanuel Macron មានឈ្មោះល្បីល្បាញក្នុងរដូវកាលបោះឆ្នោតប្រធានាធិបតីបារាំង បន្ទាប់ពីលោកជាប់ឆ្នោតជុំទីមួយដើម្បីឈានទៅដណ្តើមកៅអីប្រធានាធិបតី។ ជាអ្នកនយោបាយកណ្តាលនិយមលោក Macron ស្ថិតក្នុងវ័យ ៣៩ឆ្នាំ និងអ្នកនយោបាយមានទេពកោសល្យនិងមានបទពិសោធន៍ច្រើនក្នុងកិច្ចការហិរញ្ញវត្ថុនិងសេដ្ឋកិច្ចផង។
តាមពិតទៅ លោក Macron បានកើតនៅក្នុងឆ្នាំ ១៩៧៧ ហើយលោកបានបញ្ចប់ការសិក្សាពីសាលាជាតិរដ្ឋបាលដែលជាគ្រឹះស្ថានសិក្សាដែលបណ្តុះបណ្តាលមន្ត្រីរដ្ឋការកំពូលៗ ហើយក្នុងនោះមានប្រធានាធិបតីបារាំងចំនួនបីនាក់ផងដែរ។
បន្ទាប់ពីបញ្ចប់ការសិក្សាហើយ លោក Macron មិនបង្អង់យូរឡើយ ដោយលោកចាប់ផ្តើមចូលប្រឡូកក្នុងវិស័យហិរញ្ញវត្ថុតែម្តង។ លោកផ្តើមការងារជាអធិការកិច្ចហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច ហើយបន្ទាប់មកលោកបានចូលរួមធ្វើកាងារក្នុងធនាគារ Rothschild & Cie។
ក្នុងវិស័យនយោបាយលោក Macron បានបំពេញការងារជាប្រធាននាយកដ្ឋាន សេដ្ឋកិច្ចនិងហិរញ្ញវត្ថុចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៤ ហើយក្នុងពេលជាមួយគ្នានោះលោកទទួលខុសត្រូវជាអគ្គលេខាធិការរងនៃប្រធានាធិបតី (Deputy Secretary General of Presidency)។ ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៦ លោកត្រូវបានជ្រើសរើសតាំងដោយរដ្ឋបាលលោក ហ្វ្រង់ស្វ័រហូឡង់ឲ្យបំពេញការងារជារដ្ឋមន្ត្រីសេដ្ឋកិច្ច។
ក្នុងខែមេសាឆ្នាំ ២០១៦ លោក Macron បានសម្រេចលាលែងពីតំណែងនិង ចេញមុខបង្កើតចលនានយោបាយខ្លួនឯងដែលមានឈ្មោះថា En March ឬ On the move ជាភាសាអង់គ្លេសដើម្បីចូលរួមប្រជែងតំណែងប្រធានាធិបតី។
គោលនយោបាយសំខាន់របស់លោក គឺ គាំទ្រសហភាពអឺរ៉ុប, បន្តជំរុញសមាហរណកម្មសេដ្ឋកិច្ចបារាំងជាមួយពិភពលោក និង បង្កើនទុនវិនិយោគក្នុងវិស័យសាធារណៈផងដែរ។លោកជាអ្នកនយោបាយមានលក្ខណៈប្រសើរជាងគេដោយសារលោកមិនដែលលើកគោលនយោបាយទាំងឡាយណាដែលប៉ះពាល់រឿងសាសនាដូចអ្នកនយោបាយផ្សេងទៀតទេ។
គេមើលឃើញថា អ្នកនយោបាយម្នាក់នេះជាក្តីសង្ឃឹមរបស់បារាំងនិងរបស់អឺរ៉ុបផងដែរ ក្នុងបរិបទបច្ចុប្បន្នដែលចលនាប្រជាឧបាយនិងចរន្តប្រឆាំងសាកលភាវូបនីយកម្មកើនឡើងនោះ។ ដូច្នេះហើយបើសិនជាលោកជាប់ឆ្នោតនៅពេលខាងមុខវាជាដំណឹងល្អសម្រាប់បារាំងផងនិងសម្រាប់អឺរ៉ុបទាំងមូលផង៕
Tag:
Emmanuel Macron
Marine Le Pen
ការបោះឆ្នោតប្រធានាធិបតីបារាំង
© រក្សាសិទ្ធិដោយ thmeythmey.com