ជាតិ
​​​ន​យោ​បាយ​ជាតិ​
 លោក យ៉ង សាំង​កុមារ ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត លើក​ទី ១ ក្នុង​ជីវិត​
20, May 2017 , 1:46 pm        
រូបភាព
លោក យ៉ង សាំងកុមារ ជិះលើរថយន្តឃោសនារកសំឡេងឆ្នោត​
លោក យ៉ង សាំងកុមារ ជិះលើរថយន្តឃោសនារកសំឡេងឆ្នោត​
ដោយ:
​បណ្ឌិត​ផ្នែក​កសិកម្ម លោក យ៉ង សាំង​កុមារ នៅថ្ងៃនេះ បាន​ដឹកនាំ​ការឃោសនា​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅក្នុង​ឃុំ​ស្វាយ​រំពារ ខេត្តកំពង់ស្ពឺ​។ លោក កុមារ រំភើប​យ៉ាងខ្លាំង​នៅពេលដែល​ខ្លួន​កាន់​ឧ​គ្ឃោ​សន​សព្ទ ប្រកាស​ស្វែង​ការគាំទ្រ​ជូនបេក្ខជន​គណបក្ស ពីព្រោះ​សកម្មភាព​នេះ​ជា​លើក​ទី ១ ក្នុង​ជីវិត​របស់លោក​។



​អតីត​ប្រធាន​អង្គការ​សេ​ដាក លោក យ៉ង សាំង​កុមារ បានចេញ​ឃោសនា​រក​សំឡេងឆ្នោត​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅក្នុង​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី ៤ នេះ​។ លោក កុមារ សោមនស្ស​យ៉ាងខ្លាំង នៅក្នុង​យុទ្ធនា​ការឃោសនា លើកដំបូង​ក្នុង​ជីវិត​របស់ខ្លួន​ពេលនេះ​។ ប្រធាន​កម្មវិធី​ពង្រឹង​សមត្ថភាព​អ្នកដឹកនាំ​មូលដ្ឋាន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន រូបនេះ បញ្ជាក់​យ៉ាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​បែបនេះ​ថា​៖« ខ្ញុំ​រំភើប​ណាស់ នៅពេល​ឃើញ​អ្នកគាំទ្រ​គណបក្ស​យើង​ច្រើន​គួរសម​ចូលរួម បើទោះបីជា​គណបក្ស​យើង​តូចក្តី​។ ការឃោសនា​បែបនេះ ជា​លើក​ទី ១ ហើយ​នៅក្នុង​ជីវិត​របស់ខ្ញុំ ដែល​ធ្វើ​ឲ្យ​អារម្មណ៍​ខ្ញុំ​ប្លែក និង​រំភើប​មែនទែន​»​។ 



​នៅថ្ងៃទី ២០ ឧសភា នេះ លោក យ៉ង សាំង​កុមារ បាន​ជិះ​លើ​រថយន្ត​កាន់​ឧ​គ្ឃោ​សន​សព្ទ​ស្វែងរក​ការគាំទ្រ​ពី​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ស្វាយ​រំពារ ខេត្តកំពង់ស្ពឺ​។ សារសំខាន់​របស់លោក កុមារ ទៅកាន់​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​នេះ គឺ​បោះឆ្នោត​ឲ្យ​បេក្ខជន​គណបក្ស​មូលដ្ឋាន គណបក្ស​នេះ នឹង​អភិវឌ្ឍ​មូលដ្ឋាន ជួយ​ឲ្យ​ជីវភាព​ប្រជាជន​រីកចម្រើន​។ ជាងនេះទៅទៀត លោក​ក៏​លើកឡើង ពី​គោលនយោបាយ​ធ្វើ​ឲ្យ​មាន​មនុស្ស​ល្អ​ប្រាំ​យ៉ាង ដើម្បី​បម្រើប្រជាជន គឺ​មេភូមិ មេឃុំ​ល្អ គ្រូបង្រៀន​ល្អ គ្រូពេទ្យ​ល្អ គ្រូ​កសិកម្ម​ល្អ និង​នគរបាល​ល្អ​។




​បើតាម​លោក យ៉ង សាំង​កុមារ នៅ​ថ្ងៃទី ២ នៃ​យុទ្ធនា​ការឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ លោក​នឹង​ទៅ​ឃោសនា​នៅក្នុង​ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែលជា​ទីកន្លែង​កំណើត​របស់លោក​៕






Tag:
 យ៉ង សាំង​កុមារ​
  បោះឆ្នោត​ឃុំ​-​សង្កាត់​
© រក្សាសិទ្ធិដោយ thmeythmey.com