ជាតិ
នយោបាយជាតិ
LDP រចនារូបភាពទាក់ទងនឹងខ្លឹមសារឃោសនាឲ្យសកម្មជនខ្លួនដាក់លើហ្វេសប៊ុក
× គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានរចនារូបភាពទាក់ទងនឹងការឃោសនាបោះឆ្នោត-ឃុំ សង្កាត់ ដើម្បីឲ្យសកម្មជនរបស់ដាក់ Profile និង Cover នៅលើហ្វេសប៊ុក។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់ LDP។
នៅក្នុងយុទ្ធនាការបោះឆ្នោតឃុំ-សង្កាត់អាណត្តិថ្មីនេះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់លោក ខឹម វាសនា បានបេក្ខជននៅឃុំ-សង្កាត់ចំនួន៨៤៤ ក្នុងចំណោម ១៦៤៦ ឃុំសង្កាត់ នៅទូទាំងប្រទេស។
«ដូច្នេះដើម្បីចូលរួមចំណែកពង្រីកបន្ថែមនូវការផ្សព្វផ្សាយ គណបក្សបានរចនា រូបភាពទាក់ទងការឃោសនាបោះឆ្នោតឃុំសង្កាត់ជា Profile និង Cover Facebook ដើម្បីឲ្យបងប្អូនសមាជិក និងអ្នកគាំទ្រធ្វើការផ្លាស់ប្តូរ»។ នេះបើតាមការរៀបរាប់នៅលើទំព័រហ្វេសប៊ុក LDP។
LDP ជាគណបក្សដ៏លេចធ្លោមួយនៅកម្ពុជា ដោយសកម្មជនរបស់គណបក្សមួយនេះ ភាគច្រើន មានគណនីហ្វេសប៊ុក ដោយភ្ជាប់ឈ្មោះខ្លួនជាមួយគណបក្ស [ឧទាហរណ៍ Virak Ldp]។ នៅថ្ងៃទីមួយនៃយុទ្ធនាការបោះឆ្នោតនេះ LDP បានរៀបចំក្បួនដង្ហែនៅខេត្តមួយចំនួនដូចជា បន្ទាយមានជ័យ កណ្តាល តាកែវ កំពង់ស្ពឺ បាត់ដំបង ហើយត្រៀមរៀបចំនៅរាជធានីភ្នំពេញនាថ្ងៃអាទិត្យស្អែកនេះ។
ជយឃោសដែល LDP ប្រើនៅក្នុងយុទ្ធនាការបោះឆ្នោត រួមមាន ១.មេឃុំសម្ព័ន្ធ! បោះដោយយើង! ទម្លាក់ដោយយើង! ២.មេឃុំសម្ព័ន្ធ! របស់ពួកយើង! ដើម្បីពួកយើង! ៣.បញ្ហាស្រុកខ្មែរ! អំណាចប្រមូលផ្តុំ! ៤.ប្រភពបញ្ហា! អំណាចប្រមូលផ្តុំ! រាស្ត្រអត់អំណាច!។
លោក ខឹម វាសនា ដែលជាប្រធានគណបក្ស កំពុងស្ថិតនៅក្នុងប្រទេសកាណាដា ដោយលោកត្រូវជួបជាមួយអ្នកគាំទ្ររបស់ខ្លួននៅកាដាណា និងសហរដ្ឋអាមេរិក។ តាមគម្រោងលោកនឹងវិលត្រឡប់មកកម្ពុជាវិញនាថ្ងៃទី២៤ ខែឧសភា ខាងមុខ៕
Tag:
បោះឆ្នោតឃុំ-សង្កាត់
LDP
ខឹម វាសនា
© រក្សាសិទ្ធិដោយ thmeythmey.com