ជាតិ
ខេត្ត​ជាប់​សមុទ្រ អាចមាន​ភ្លៀង និង​ខ្យល់​បក់បោក​ខ្លាំង​ចាប់ពី​ថ្ងៃទី​២៤-២៧ ឧសភា​
23, May 2017 , 8:19 am        
រូបភាព
​ភ្នំពេញ​៖ ការ​ព្យាករ​អាកាសធាតុ​ប្រចាំ​សប្តាហ៍​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បង្ហាញថា ចាប់ពី​ថ្ងៃទី​២៤-២៧ នៅ​តំបន់ឆ្នេរ​នៃ​ខេត្ត​ព្រះសីហនុ កំពត កែប និង​ខេត្តកោះកុង ផ្ទៃមេឃ​នឹងមាន​សភាព​អួអាប់ មាន​ភ្លៀង និង​ខ្យល់​បក់បោក​ខ្លាំង ព្រមទាំង​មាន​រលក​សមុទ្រ​ខ្ពស់ៗ​។ នេះ​បើតាម​ការ​ព្យាករ​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​



​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្ដីជូនដំណឹង​ស្ដីពី​ស្ថានភាព​អាកាសធាតុ​ប្រចាំ​សប្ដាហ៍​ថា ជ្រលង​សម្ពាធ​ទាប បាន និង​កំពុង​បង្កើន​ឥទ្ធិពល​គ្របដណ្ដប់​លើ​ប្រទេស​កម្ពុជា​។ ស្ថានភាព​បែបនេះ នឹងធ្វើ​ឲ្យ​អាកាសធាតុ​នៅ​កម្ពុជា មាន​ភ្លៀង​ធ្លាក់​រ៉ា​យ​ប៉ាយ​ពី​មធ្យម​ទៅ​ច្រើន ហើយ​ក្នុងនោះ តាម​បណ្ដា​រាជធានី​-​ខេត្ត​មួយចំនួន រួមមាន រាជធានី​ភ្នំពេញ កណ្ដាល កំពង់ស្ពឺ ស្វាយរៀង ព្រៃវែង កំពង់ឆ្នាំង កំពង់ធំ បាត់ដំបង ប៉ៃលិន ឧ​ត្ត​រ​មានជ័យ និង​ខេត្តសៀមរាប អាច​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន ចាប់ពី​ថ្ងៃទី ២៥-២៧ ខែឧសភា​។​

​តាម​ការ​ព្យាករ​ខាងលើ នៅលើ​ផ្ទៃសមុទ្រ និង​តំបន់ឆ្នេរ​នៃ​ខេត្ត​ព្រះសីហនុ កំពត កែប និង​ខេត្តកោះកុង ផ្ទៃមេឃ​នឹងមាន​សភាព​អួអាប់ មាន​ភ្លៀង និង​ខ្យល់​បក់បោក​ខ្លាំង ព្រមទាំង​មាន​រលក​សមុទ្រ​ខ្ពស់ៗ ចាប់ពី​ថ្ងៃទី ២៤-២៧ ខែឧសភា​។

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អំពាវនាវ​ដល់​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ​ទាំងអស់ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​គ្រោះថ្នាក់​ដែល​កើតឡើង​ដោយ​យថាហេតុ​។ នេះ​បើតាម​ការ​ព្យាករ​អាកាសធាតុ​នៅ​ថ្ងៃទី​២១ ឧសភា​៕


Tag:
 ភ្លៀង​
  ខេត្ត​ជាប់​សមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com