អន្តរជាតិ
១៩​នាក់​ស្លាប់​ដោយ​ការ​បំផ្ទុះ​នា​ការប្រគំ​តន្ត្រី​របស់ Ariana Grande នៅ​មែន​ឆេស​ស្ទ័​រ​
23, May 2017 , 9:14 am        
រូបភាព
ការបំផ្ទុះនៅមែនឆេសស្ទ័រ។ រូបថតNews Pictures Zuma
ការបំផ្ទុះនៅមែនឆេសស្ទ័រ។ រូបថតNews Pictures Zuma
​មនុស្ស​យ៉ាងតិច​១៩​នាក់ស្លាប់ និង​ជាច្រើន​នាក់​ទៀត​បាន​របួស​ក្នុង​ការផ្ទុះ​មួយកន្លែង​ប្រគំ​តន្ត្រី​របស់​តារាចម្រៀង​អាមេរិក Ariana Grande ក្នុង​ទីក្រុង Manchester របស​អង់គ្លេស​នៅ​រាត្រី​ថ្ងៃទី​២២ ខែឧសភា​។ ប៉ូលិស​អង់គ្លេស ចាត់ទុក​ការផ្ទុះ​នេះ​ជាហេតុ​ការណ៍​ភេរវកម្ម ហើយ​ជនសង្ស័យ​ម្នាក់​កំពុង​រត់គេចខ្លួន​។



​ប៉ូលិស​ចក្រភព​អង់គ្លេស​និយាយថា ពួកគេ​បានទទួល​ការរាយការណ៍​ពី​ហេតុការណ៍​ផ្ទុះ​ចេញពី​កន្លែង​ប្រគំ​តន្ត្រី Manchester Arena ដែល​អាច​ផ្ទុក​ទស្សនិកជន​ដល់​ទៅ​ជាង​ពីរម៉ឺន​នាក់​។ ប៉ុន្តែ​មូលហេតុ​នៃ​ការផ្ទុះ​នៅ​មិនទាន់​ដឹង​នៅឡើយ បើទោះជា​ប៉ូលិស​សន្និដ្ឋានថា​អាចជា​សកម្មភាព​ភេរវកម្ម​ក្ដី​។ គេ​ដឹងថា ការផ្ទុះ​នេះ​កើតឡើង​ក្រោយ​ការបញ្ចប់​ការប្រគំ​តន្ត្រី​របស់​តារាចម្រៀង Ariana Grande ។​

​ប្រសិនជា​សកម្មភាព​ភេរវកម្ម​មែន​នោះ ហេតុការណ៍​នេះ​ជាការ​វាយប្រហារ​ដ៏​ធំ​បំផុត​នៅ​ចក្រភព​អង់គ្លេស ចាប់តាំងពី​ការវាយប្រហារ​ក្នុង​ខែកក្កដា ឆ្នាំ​២០០៥​មក ដែល​ពេលនោះ​មនុស្ស​៥២​នាក់​ត្រូវបាន​សម្លាប់​។ ការផ្ទុះ​យប់​ថ្ងៃទី​២២ ខែឧសភា​នេះ ក៏​កើត​មានតែ​ប៉ុន្មាន​សប្ដាហ៍​មុន​ការបោះឆ្នោត​មុន​អាណត្តិ​មកដល់​ដែរ​។​

Catherine Macfarlane សាក្សី​ម្នាក់​ដែល​ចូលរួម​ទស្សនា​ការប្រគំ​តន្ត្រី​បាន​ប្រាប់​ទីភ្នាក់ងារ Reuters ថា មនុស្សម្នា​ជាច្រើន​ដែលមាន​ទាំង​ក្មេងៗ​ផង បាន​រត់​សំដៅ​ច្រកចេញ​របស់​អាគារ ដើម្បី​គេច​ពី​ហេតុការណ៍​ផ្ទុះ​នេះ​។ ចំណែក​របាយការណ៍​ប​ឋ​ម​បង្ហាញ មនុស្ស​យ៉ាងហោចណាស់​៥០​នាក់ បាន​រងរបួស​។ 

​ដោយឡែក តារាចម្រៀង​ល្បីឈ្មោះ Ariana Grande មិន​រងរបួស​អ្វី​ឡើយ​។ នេះ​បើ​យោងតាម​អ្នកនាំពាក្យ​របស់​តារាចម្រៀង​អាមេរិក​វ័យ​២៣​ឆ្នាំនេះ​៕    


© រក្សាសិទ្ធិដោយ thmeythmey.com