កីឡាអន្តរជាតិ
អន្តរជាតិ
Moyes ចេញពី Sunderland ក្រោយ​ដឹកនាំ​បាន​១​រដូវ​កាលដូច Man Utd និង Real Sociedad
23, May 2017 , 11:03 am        
រូបភាព
David Moyes បាន​លាលែង​ពី​តំណែង​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម Sunderland បន្ទាប់ពី​ក្រុម​ដែលមាន​រហស្សនាម​ថា​ឆ្មា​ខ្មៅ ធ្លាក់​ទៅ​ក្របខណ្ឌ Championship នា​រដូវ​កាល​ក្រោយ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្លិប Sunderland ។​



​លោក David Moyes បាន​ប្រាប់​ប្រធាន​ក្លិប Suderland ពី​ការសម្រេចចិត្ត​ចាកចេញ​របស់ខ្លួន នា​ជំនួប​មួយ​នៅ​ទីក្រុង​ឡុង​ដ៍ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២២ ខែឧសភា​។ ក្នុង​កិច្ចប្រជុំ​នោះ​អតីត​អ្នកចាត់ការ​ក្រុម Manchester United ក៏បាន​ជូនពរ​ក្រុម​ទាំងមូល​ផងដែរ​៖«​ខ្ញុំ​ជូន​ដល់​កីឡាករ​ទាំងអស់ និង​អ្នក​ដែល​ត្រូវ​មក​ជំនួស​តំណែង​ខ្ញុំ​ឲ្យ​ពួកគេ​មានឱកាស​ឡើងមក​លេង​នៅ​ក្របខណ្ឌ Premier League វិញ​»​។​

​ក្រុម​ឆ្មា​ខ្មៅ បាន​ដកស្រង់​សម្តី​របស់ ប្រធាន​ក្លិប លោក Ellis Short ដែលថា ការចាកចេញ​របស់លោក Moyes ពិត​បង្ក​ការលំបាក​ដល់​ក្លិប ពីព្រោះ​គាត់​បាន​ខំប្រឹងប្រែង​ដោយ​មិន​ខ្លាច​ការនឿយហត់​ដើម្បី​ជួយ​ក្លិប​ឲ្យ​ផុតពី​តំបន់​កាត់​ចេញពី Premier League ប៉ុន្តែ​បរាជ័យ​។​

​លោក Ellis ថា អ្នកចាត់ការ​ទូទៅ​ជនជាតិ​ស្កុ​ត​ឡេ​ន​រូបនេះ បានសម្រេច​ចិត្ត​ចាកចេញ​ដោយ​មិន​ទទួលយក​ប្រាក់​សំណង ដែល​នេះ​ជាស​មានចិត្ត​ដ៏​គួរ​ឲ្យ​គោរព​។ ក្រៅពី​ជូនពរ​ដល់​លោក Moyes ប្រធាន​ក្លិប​ឆ្មា​ខ្មៅ អះអាងថា ក្លិប​កំពុង​ស្វែងរក​អ្នក​បន្តវេន ក្នុងការ​ដឹកនាំ​ក្លិប​នៅ Championship​។​

​លោក Moyes បាន​ទៅកាន់​ទឹកដី Stadium of Light កាលពី​ខែកក្កដា ឆ្នាំមុន ដើម្បី​ជំនួស​តំណែង​លោក Sam Allardyce ដែល​ត្រូវ​ទៅ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​វិញ​នោះ​។ ឈានដល់​អាយុ​៥៤​ឆ្នាំ លោក Moyes ឆ្លងកាត់​អាជីព​ជា​គ្រូបង្វឹក​ចាប់តាំងពី​ឆ្នាំ​១៩៩៨​មក ដោយ​ចាប់ផ្តើម​ជាមួយ​ក្លិប Preston North End ហើយ​បន្ត​ដឹកនាំ Everton ពី​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០១៣​។​

​មុនទៅកាន់ Sunderland លោក​បាន​ដឹកនាំ Manchester United និង Real Sociedad ប៉ុន្តែ​អាជីព​ចុងក្រោយ​របស់លោក មិនបាន​ទទួលជោគជ័យ​នោះឡើយ​។

​ក្រោយ​ឈរជើង​នៅ​លី​ក​កំពូល​អង់គ្លេស Premier League អស់​រយៈពេល​១០​រដូវ​កាល​មក Sunderland ត្រូវបាន​កាត់ចេញ​ទៅ​លី​ក​លំដាប់​ទី​២​វិញ​បន្ទាប់ពី​ចាញ់ Bournemouth កាលពី​ខែ​មុន​មក​។ ក្នុងចំណោម ៣៦​ប្រកួត​ក្នុង​លី​ក ឆ្មា​ខ្មៅ​អាច​រកបាន​២៤​ពិន្ទុ​ស្ថិតនៅ​បាត​តារាង​រដូវ​កាល​នេះ ដោយ​រក​ជ័យជម្នះ​បានតែ​៦​ប្រកួត​ប៉ុណ្ណោះ​៕


Tag:
 បាល់ទាត់​
  David Moyes
  Sunderland
© រក្សាសិទ្ធិដោយ thmeythmey.com