ជាតិ
យុទ្ធនាការ​ឃោសនាបោះឆ្នោត​៣​ថ្ងៃ គ​.​ជ​.​ប ទទួលបាន​ពាក្យបណ្ដឹង​មួយ​ករណី​ពី​CPP និង​CNRP
23, May 2017 , 11:58 am        
រូបភាព
​ភ្នំពេញ​៖ ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​រយៈពេល​៣​ថ្ងៃ​មកនេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានទទួល​ពាក្យបណ្ដឹង​មួយ​ករណី ពី​បេក្ខជន​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​និង​ការរារាំង​ផ្លូវ​ឃោសនា និង​ជេរប្រមាថ​គ្នា​។​



​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ហង្ស ពុទ្ធា បាន​ឲ្យ​ដឹងថា ការឃោសនាបោះឆ្នោត​ប៉ុន្មាន​ថ្ងៃនេះ មាន​ភាព​វិជ្ជមាន​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​។ ប៉ុន្តែ​ក៏មាន​បញ្ហា​ខ្លះ​កើតឡើង​រវាង​ឃោសនិក​នៃ​គណបក្សនយោបាយ​ផងដែរ​។ បើតាម​លោក ហង្ស ពុទ្ធា បញ្ហា​នៃ​ការឃោសនាបោះឆ្នោត​នោះ ភាគច្រើន​ដោយសារ​ក្បួន​ឃោសនា​ចំពេល​វេលា​គ្នា និង​នៅលើ​ផ្លូវ​តែមួយ គួបផ្សំ​និង​ការឃោសនា​ចំអក និង​ប្រមាថ​គ្នា​ទៅវិញទៅមក​រវាង​ឃោសនិក​គណបក្សនយោបាយ​ជាដើម​។​

​តែ​យ៉ាងណា​បញ្ហា​ទាំងនេះ ត្រូវបាន​ដោះស្រាយ​បញ្ចប់​នៅ​ទីកន្លែង​ឃោសនា​តែម្ដង ។ ហើយ​មាន​តែមួយ​ករណី​នៃ​ការឃោសនា​នៅ​ស្រុក​កោះ​អ​ណ្ដែ​ក ខេត្តតាកែវ ទេ ដែល​បាន​ប្ដឹងផ្ដល់​គ្នា​រវាង​បេក្ខជន​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ ឡើងមក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ខេត្ត​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ គ​.​ជ​.​ប រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ករណីនេះ​គឺ​បេក្ខជន​គណបក្ស​ប្រជាជន​ប្ដឹង​បេក្ខជន​គណបក្ស​សង្គ្រោះ​ជាតិ​ថា​រារាំង​បិទផ្លូវ​ឃោសនា​។ ហើយ​បេក្ខជន​គណបក្ស​សង្គ្រោះ​ជាតិ ប្ដឹង​បេក្ខជន​គណបក្ស​ប្រជាជន​វិញ​ថា ឃោសនា​ជេរប្រមាថ​គណបក្ស​។ តែ​យ៉ាងណា​គជប កត់សម្គាល់ថា វា​មាន​ភាព​វិជ្ជមាន​ច្រើន ជាង​អវិជ្ជមាន ព្រោះ​វា​មិនមាន​បញ្ហា​ធំដុំ​អ្វី ដែល​ដោះស្រាយ​មិន​បានទេ​។ ទោះយ៉ាងណា​ក៏​វា​បង្ហាញថា អ្នកនយោបាយ និង​ឃោសនា​នយោបាយ មាន​ភាពចាស់ទុំ ចេះ​យល់យោគ អធ្យាស្រ័យ ដោះស្រាយ​បញ្ហា​ជាមួយគ្នា​បាន​ច្រើនជាង​អាណត្តិ​មុនៗ​ដែរ​»​។​

​កាលពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៧ សកម្មជន​បក្ស​ប្រជាជន​នៅ​ស្រុក​កោះអណ្តែត ខេត្តតាកែវ​បានដាក់​ពាក្យបណ្ដឹង​ទៅ គ​.​ជ​.​ប​. ប្ដឹង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ជាង​១០​នាក់​ថា រារាំង​ការហែក្បួន​របស់​ពួកគេ​។ នៅក្នុង​ពាក្យបណ្ដឹង​សកម្មជន​បក្ស​ប្រជាជន ទាមទារ​សំណង ២០​លាន​រៀល​ក្នុង​ម្នាក់ៗ ពី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ទាមទារ​ឲ្យ គ​.​ជ​.​ប ផ្ដន្ទាទោស​លុបឈ្មោះ​បេក្ខជន​គណបក្សប្រឆាំង​នេះ​ចេញពី​បញ្ជី​បោះឆ្នោត​ផងដែរ​។

​អ្នកនាំពាក្យ គ​.​ជ​.​ប បាន​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​ទាំង​១២​ដែល​កំពុង​ឃោសនា​រក​សំឡេងឆ្នោត​ជូន​បេក្ខជន​ឃុំ​សង្កាត់​របស់ខ្លួន បន្ត​គោរព​នីតិវិធី​ច្បាប់ ក្រមសីលធម៌​នានា​ដើម្បី​ធានា​ឲ្យ​បរិយាកាស​ឃោសនា​មាន​ភាពល្អប្រសើរ​។ ការអំពាវនាវ​ក៏ត្រូវ​បាន​ផ្ញើ​ទៅ​ប្រជាពលរដ្ឋ និង​កម្លាំង​មាន​សមត្ថកិច្ច​ដែរ​។​

​យុទ្ធនាការ​ឃោសនាបោះឆ្នោត មាន​រយៈពេល​១៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២០ ឧសភា ដល់​ថ្ងៃទី​២ មិថុនា ដោយ​គជប អនុញ្ញាត​ឲ្យ​គណបក្សនយោបាយ អាច​ដង្ហែរ​ក្បួន​ឃោសនា​បាន​ត្រឹម​២​ដង​ប៉ុណ្ណោះ​៕



Tag:
 គជប​
 ​ បោះឆ្នោត​ឃុំ​-​សង្កាត់​
  CPP
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com