កីឡាជាតិ
ជាតិ
លោក សៅ សុខា​៖ សាលា​តម្រង់ទិស​កីឡាបាល់ទាត់​ជួយ​អភិវឌ្ឍន៍​បាល់ទាត់ សេដ្ឋកិច្ច និង​ការអប់រំ
26, May 2017 , 11:26 am        
រូបភាព
ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ដោយ:
​ទោះបី​មានឈ្មោះ​ជា​«​គម្រោង​តម្រង់ទិស​កីឡាបាល់ទាត់​ទូទាំង​២៥​ខេត្ត​-​ក្រុង​» តែ​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​លោក សៅ សុខា បាន​អះអាងថា គម្រោង​នេះ​មិន​ត្រឹមតែ​ជួយ​អភិវឌ្ឍន៍​កីឡាបាល់ទាត់​នៅតាម​បណ្តា​ខេត្ត​ប៉ុណ្ណោះ​ទេ លើសពីនេះ​វា​ជួយ​ដល់​វិស័យសេដ្ឋកិច្ច និង​ការអប់រំ​ថែម​ទៀតផង​។ គម្រោង​សាលា​តម្រង់ទិស​កីឡាបាល់ទាត់​នេះ នឹង​សម្ពោធ​ជា​ផ្លូវការ​នៅ​ល្ងាច​ថ្ងៃទី​២៦ ខែឧសភា នៅលើ​ទឹកដី​ខេត្តស្វាយរៀង​។



​ដើម្បី​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ឲ្យ​កាន់តែ​មានការ​រីកចម្រើន និង​ជោគជ័យ​ក្នុង​ព្រឹ​ក្តិ​ការណ៍​ស៊ី​ហ្គេម​នា​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ម្ចាស់ផ្ទះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​បង្កើត​គម្រោង​មួយ​ដែលមាន​ឈ្មោះថា​«​សាលា​តម្រង់ទិស​កីឡាបាល់ទាត់​» ដែល​គម្រោង​នេះ គឺជា​ការជំរុញ​ឲ្យ​ខេត្ត​-​ក្រុង​ទាំង​២៥​មាន​ទីលាន​ស្តង់ដា​មួយ​នៅក្នុង​សាលា​រដ្ឋ ដើម្បី​ផ្តល់ឱកាស​ដល់​សិស្សានុសិស្ស​ហ្វឹកហាត់ និង​សម្រាប់​រៀបចំ​ការប្រកួត​ផ្សេងៗ​។​



​សម្រាប់​គម្រោង​សាលា​តម្រង់ទិស​កីឡាបាល់ទាត់​នេះ នឹង​ចាប់ផ្តើម​សម្ពោធ​នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៧ ដោយ​ចាប់​ផ្តើមដំបូង​គេ​នៅលើ​ទឹកដី​ខេត្តស្វាយរៀង មុន​បន្តដំណើរ​ទៅកាន់​ខេត្ត​ផ្សេងៗ​ទូទាំងប្រទេស​ជា​បន្តបន្ទាប់​។ តាមរយៈ​គម្រោង​នេះ កម្ពុជា​មិន​ត្រឹមតែ​រីកចម្រើន​ខាង​ផ្នែក​វិស័យ​កីឡាបាល់ទាត់​ប៉ុណ្ណោះ​ទេ លើសពីនេះ​ផ្នែក​អប់រំ​សង្គម និង​សេដ្ឋកិច្ច​ក៏មាន​ការរីកចម្រើន​ផងដែរ​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។

«​គម្រោង​សាលា​តម្រង់ទិស​បាល់ទាត់​នឹង​នាំ​ឲ្យ​យើង​ទទួលបាន​ភាព​វិជ្ជមាន និង​ជោគជ័យ​លើ​វិស័យ​អប់រំ​សង្គម យុវជន សេដ្ឋកិច្ច ការអភិវឌ្ឍន៍​ហេ​ដ្ឋា​រ​ច​ន​សម្ព័ន្ធ​បាល់ទាត់​ទាំង​ផ្នែក​បច្ចេកទេស ធនធានមនុស្ស គ្រូ អាជ្ញាកណ្តាល និង​មន្ត្រីរដ្ឋបាល​ដឹកនាំ​ការរៀបចំ​បាល់ទាត់​នៅតាម​បណ្តា​រាជធានី​-​ខេត្ត​ទូទាំងប្រទេស​»​។ នេះ​ជា​ប្រសាសន៍​របស់ លោក សៅ សុខា​។

​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​រូបនេះ​បាន​វាយតម្លៃថា គម្រោង​សាលា​តម្រង់ទិស​កីឡាបាល់ទាត់ នឹង​រួចរាល់​ជា​ស្ថាពរ​ទាំង​២៥​ខេត្ត​-​ក្រុង​ក្នុង​ឆ្នាំ​២០១៨ ខាងមុខនេះ​។ តែ​យ៉ាងណា លោក មិនបាន​ប្រាប់​ពី​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​ទៅនឹង​ការចំណាយ​ទៅលើ​គម្រោង​នេះឡើយ​។





​ជាក់ស្តែង​កាលពី​ថ្ងៃទី​២៣ ខែឧសភា លោក សៅ សុខា បាន​ចុះ​អនុសារណៈ​យោគយល់​គ្នា​(MOU)​ជាមួយ​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​សែ​ល​កាត​រយៈពេល​២​ឆ្នាំ​ដើម្បី​គាំទ្រ និង​ជួយ​ជំរុញ​ដល់​ដំណើរ​នៃ​គម្រោង​សាលា​តម្រង់ទិស​បាល់ទាត់​នេះ​។ នាយក​ប្រតិបត្តិ​សែ​ល​កាត​លោក អៀន វ៉ាត​សុន បាន​បញ្ជាក់ថា តាមរយៈ MOU នេះ​សែត​កាត​គ្រោង​ចំណាយ​ថវិកា​ជាង​២០​ម៉ឺន​ដុល្លារ ដែល​ថវិកា​ទាំងនេះ​ជួយ​លើ​ផ្នែក​សម្ភារ និង​រៀបចំ​ការប្រកួត​ផ្សេងៗ​៕    

Tag:
 បាល់ទាត់​
  សៅ សុខា​
  សាលា​តម្រង់ទិស​កីឡាបាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com