អន្តរជាតិ
ដូ​ណា​ល់ ត្រាំ រិះគន់​សមាជិក​ណា​តូ​ចំៗ​ក្នុងជំនួប​ទល់មុខ​លើកទីមួយ
26, May 2017 , 11:42 am        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ និងមេដឹកនាំរដ្ឋសមាជិកសម្ព័ន្ធយោធាណាតូផ្សេងទៀតនៅឯទីស្នាក់ការណាតូ (រូបភាព Reuters)
ប្រធានាធិបតី ដូណាល់ ត្រាំ និងមេដឹកនាំរដ្ឋសមាជិកសម្ព័ន្ធយោធាណាតូផ្សេងទៀតនៅឯទីស្នាក់ការណាតូ (រូបភាព Reuters)
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​បន្ត​រិះគន់​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ​ជុំវិញ​រឿង​ថ្លៃ​ចំណាយ​សម្រាប់​អង្គការ​យោធា​មួយ​នេះ​។ លោក ត្រាំ បង្ហាញ​ការមិន​ពេញចិត្ត​របស់​ចំពោះ​សមាជិក​ណា​តូ​ជាច្រើន​ដែល​មិនទាន់​ធ្វើតាម​ពាក្យសន្យា​របស់ខ្លួន​ក្នុងការ​បង្កើន​លុយ​ចំណាយ​ឲ្យ​គ្រប់​ចំនួន​ពីរ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​របស់​សមាជិក​នីមួយៗ​។ លោក ត្រាំ ក៏​ព្រមាន​ដែរ​ថា សកម្មភាព​ភេរវកម្ម​នឹងមាន​កើតឡើង​ទៀត បើ​ណា​តូ​មិន​ព្រម​ចាត់វិធានការ​ឲ្យ​បាន​ច្រើន​ទៀត​នោះ​។​



​ជំនួប​ទល់មុខ​លើកទីមួយ​រវាង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​រដ្ឋ​សមាជិក​ណា​តូ មិនបាន​ធ្វើឡើង​ដោយ​រលូន​ឡើយ​។ ប្រធានាធិបតី ត្រាំ មិនបាន​ទុក​មុខ​ទុក​មាត់​ឲ្យ​សមាជិក​ណា​តូ​អ្វី​សោះឡើយ គឺ​លោក​បាន​និយាយ​រិះគន់​សមាជិក​សម្ព័ន្ធ​យោធា​នេះ ដែល​មិន​ព្រម​គោរព​សន្យា​របស់​ពួកគេ​ក្នុងការ​ចូលរួម​វិភាគទាន​ហិរញ្ញវត្ថុ​សម្រាប់​ណា​តូ​។ សម្រាប់​លោក ត្រាំ នេះ​ជា​រឿង​អយុត្តិធម៌ ដ្បិត​សមាជិក​ខ្លះ​បង់ថ្លៃ​ចំណាយ តែ​សមាជិក​ខ្លះទៀត​មិនទាន់​ចេញ​លុយ​គ្រប់គ្រាន់​នៅឡើយ​។​

​ចំពោះមុខ​មេដឹកនាំ​សមាជិក​ណា​តូ​ទាំង​២៨​ប្រទេស​ដែល​ឈរ​នៅក្បែរ ប្រធានាធិបតី​អាមេរិក​និយាយថា សមាជិក​ចំនួន​២៣​ប្រទេស ជំពាក់​លុយ​អាមេរិក និង​សម្ព័ន្ធ​យោធា​ណា​តូ​ច្រើនណាស់ ព្រោះ​ប្រទេស​ទាំងនោះ​មិនបាន​បង់ថ្លៃ​ចំណាយ​តាម​ការទទួលខុសត្រូវ​របស់​ពួកគេ​នៅឡើយ​ទេ​។ លោក​បន្តថា វា​ជា​រឿង​អយុត្តិធម៌​សម្រាប់​ប្រជាជន និង​អ្នក​បង់ពន្ធ​នៅ​អាមេរិក ហើយ​សមាជិក​ទាំង​២៣​ប្រទេស គួរតែ​បង្កើន​ថ្លៃ​ចំណាយ​លើ​ការការពារ​ប្រទេស​ពួកគេ​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក ត្រាំ ក៏បាន​ព្រមាន​ដែរ​ថា ការវាយប្រហារ​ភេរវកម្ម​នៅ​មេន​ឆេ​ស្ទ័​រកា​លពី​ថ្មីៗ​នេះ ក៏ដូចជា​នៅ​កន្លែង​ផ្សេងទៀត នឹង​បន្ត​កើតមាន បើ​ភេរវកម្ម​មិន​ត្រូវបាន​ទប់ស្កាត់​ទេនោះ​។ ទំនង​ដោយសារ​រឿងនេះ​ហើយ ទើប​លោក ត្រាំ និយាយ​ម្ដង​ហើយ​ម្ដង​ទៀតថា សមាជិក​ណា​តូ​ទាំងអស់ ត្រូវតែ​ចេញថ្លៃ​ចំណាយ​របស់​ពួកគេ និង​ទទូច​ឲ្យ​សមាជិក​ទាំងអស់​ធ្វើ​សកម្មភាព​បន្ទាន់​មិនអាច​រង់ចាំ​ឡើយ​។​

​ក្នុងការ​ជួបគ្នា​លើកដំបូង​នេះ ប្រធានាធិបតី​អាមេរិក ក៏​បញ្ជាក់​ពី​ជំហរ​របស់​អាមេរិក​ក្នុង​ជួយ​ការពារ​សម្ព័ន្ធមិត្ត​រប​ស់​ខ្លួន ដែល​ធ្លាប់​ឆ្លងកាត់​ព្យុះភ្លៀង​ជាមួយគ្នា​ជាច្រើន​ឆ្នាំ​មកនេះ​ដែរ​។ ប៉ុន្តែ​សមាជិក​ណា​តូ ក៏​សង្ឃឹម​ចង់ឃើញ​អាមេរិក​គាំទ្រ​គោលការណ៍​ជួយ​ការពារ​គ្នា​ទៅវិញទៅមក តាមរយៈ​ការបង្ហាញ​សកម្មភាព​ផង មិនមែន​ថា​តែ​មាត់​នោះទេ​។ នេះ ក៏​ព្រោះតែ​លោក ត្រាំ ធ្លាប់​ហៅ​ណា​តូ ជា​អង្គការ​ហួស​សម័យ និង​ងាក​ទៅរក​រុស្ស៊ី​ដែលជា​គូប្រជែង​នោះ​។​

​ទាក់ទង​ការចំណាយ​ពីរ​ភាគរយ​វិញ ដើម្បី​ធ្វើ​ឲ្យ​លោក ត្រាំ ស្ងប់ចិត្ត​នោះ សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ ក៏មាន​ផែនការ​បង្កើន​ថវិកា​ប្រចាំឆ្នាំ​២០១៨ របស់ខ្លួន ដើម្បី​បំពេញ​ពាក្យសន្យា​របស់ខ្លួន​ក្នុង​ការជួយ​ចេញថ្លៃ​ចំណាយ​របស់​ណា​តូ​ចំនួន​ពីរ​ភាគរយ​នៃ GDP ដែរ​។ ប៉ុន្តែ​លោក ត្រាំ បែរជា​ត្អូញ​ថា ពីរ​ភាគរយ​នេះ មិន​គ្រប់គ្រាន់​ឡើយ ហើយ​គ្រាន់តែ​ជា​ចំនួន​តិចតួចស្ដួចស្ដើង​ក្នុងការ​ទប់ទល់​នឹង​ការគំរាមកំហែង​ធ្ងន់ធ្ងរ​នាពេល​បច្ចុប្បន្ន​៕   


Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ណា​តូ​
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com