ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចេះតែ​តឹង​ក្នុង​ទ្រូង​មែន​ទេ អញ្ចឹង​សាកល្បង​វិញ​ទាំងនេះ​សិន​ទៅ​មើល​
15, Jun 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាព​តឹង​ក្នុង​ទ្រូង​គឺជា​ស្ថានភាព​ជំងឺ​មួយ​ដែល​គ្មាន​ផាសុកភាព​ដល់​រាងកាយ​ទាល់តែសោះ ដែល​វា​បណ្តាលមកពី​ការកើត​ស្លេស្ម​ច្រើនពេក​ក្នុង​ផ្លូវដង្ហើម​។ ស្លេស្ម​ដែល​កើត​ច្រើន​នេះ​អាច​បណ្តាលមកពី​ជំងឺ​ផ្តាសាយ ជំងឺហឺត រលាក​សួត និង​ការបង្ក​រោគ​នៅ​ផ្លូវដង្ហើម​ផ្សេងៗ​ទៀត​។ ចំពោះ​រោគសញ្ញា​របស់​វា​វិញ​មានដូចជា ឈឺ​ក្នុង​ទ្រូង ដកដង្ហើម​លឺ​ដូច​ហួច ឈឺបំពង់ក ពិបាក​លេប​អាហារ វិលមុខ តឹង​ក្នុង​ទ្រូង និង​ស្លេស្ម​ឡើង​ច្រើន​។ ទោះបីជា​មនុស្ស​ភាគច្រើន​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​នៅពេល​មាន​បញ្ហា​តឹង​ក្នុង​ទ្រូង​ក៏ដោយ ក៏​ការព្យាបាល​ដោយ​ខ្លួនឯង​នៅផ្ទះ​មាន​ប្រសិទ្ធភាព​ក្នុងការ​បំបាត់​អាកា​រៈ​នេះ​បានដែរ​។​



​ញ៉ាំ​ទឹក​ក្តៅ​
​ចូរ​ញ៉ាំ​ទឹក​ក្តៅ​មួយ​ពែង ពី ២ ទៅ​៣​ដង​ក្នុង​មួយថ្ងៃ ព្រោះ​វា​អាចជួយ​ពង្រា​វ​ស្លេស្ម​ក្នុង​ផ្លូវដង្ហើម និង​បំបាត់​អាកា​រៈ​តឹងទ្រូង​បាន​មួយចំនួន​ដែរ​។​

​បៀមទឹក​អំបិល​
​ចូរ​លាយ​អំបិល​មួយ​ស្លាបព្រា​បាយ ជាមួយនឹង​ទឹក​ក្តៅ​មួយ​កែវ ហើយ​បៀម​វា​ក្នុង​មាត់​ពី ១ ទៅ​២​នាទី ចំនួន ៣ ទៅ​៤​ដង​ក្នុង​មួយថ្ងៃ​។ ទឹកអំបិល​នេះ​នឹង​ទៅ​ពង្រា​វ​ស្លេស្ម និង​បន្ថយ​ការ​ក្អក​។ បើសិនជា​អ្នកមាន​អារម្មណ៍​ថា ស្លេស្ម​ឡើង​ច្រើន​នៅ​បំពង់ក យក​ល្អ​គួរតែ​ខាក​វា​ចេញ ចៀស​ជាង​លេប​វា​ចូល​វិញ​។ ស្លេស្ម​ផ្ទុក​ទៅដោយ​បាក់តេរី និង​ជាតិ​កខ្វក់ ដែល​នឹង​ទៅ​ពន្យា​ពេល​ជា​ពី​ជំងឺ​អ្នក​វិញ​ទៅ​បើសិនជា​លេប​វា​ចូលទៅក្នុង​ពោះ​។​

​ទឹកក្រូច​ឆ្មា​លាយ​ទឹកឃ្មុំ​ក្តៅ​ឧណ្ហៗ​
​ទឹកឃ្មុំ​គឺជា​សារធាតុ​បំបាត់​ភាព​តឹងទ្រូង​បែប​ធម្មជាតិ និង​វីតាមីន C ក្នុង​ក្រូចឆ្មា​ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​។ ការ​ញ៉ាំ​ភេសជ្ជៈ​ទាំងនេះ​លាយ​ចូលគ្នា​នឹង​ជួយ​បង្ការ​បាក់តេរី​កុំ​ឲ្យ​បង្ក​រោគ​នៅ​បំពង់ក និង​សួត ហើយក៏​ពង្រា​វ​ស្លេស្ម​បាន​ផងដែរ​។ ចូរ​ញ៉ាំ​វា​ដោយ​លាយ​ជាមួយ​ទឹក​ក្តៅ​ចំនួន ២ ទៅ​៣​ដង​ក្នុង​មួយថ្ងៃ​។​

​តែ​ខ្ញី​

​ខ្ញី​ជួយ​បន្ថយ​ការ​រលាក​ក្នុង​ផ្លូវដង្ហើម និង​បន្ថយ​ការឡើង​ស្លេស្ម​ផងដែរ​។ អ្នក​ក៏​អាច​ទំពារ​ខ្ញី​ឆៅ ឬ​កិន​វា​ជា​ដុំ​តូចៗ​ដើម្បី​ស្ងោ​នឹង​ទឹក​រយៈពេល ១០​នាទី ចាំ​ផឹក​ក៏បាន​ដែរ​។ ចូរ​ផឹក​វាពីរ​ទៅ​បី​ដង​ក្នុង​មួយថ្ងៃ​។ ដើម្បី​បាន​លទ្ធផល​កាន់តែ​ល្អ ចូរ​លាយ​ទឹកឃ្មុំ​បន្ថែមទៀត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com