កីឡាជាតិ
ជាតិ
U17 កម្ពុជា ប៉ះ វៀតណាម​នៅ​ថ្ងៃ​សម្ពោធ​គម្រោង​សាលា​តម្រង់ទិស​កីឡាបាល់ទាត់​ល្ងាច​នេះ​
26, May 2017 , 2:06 pm        
រូបភាព
ដោយ:
​ក្រុម​កីឡាករ​អាយុ​ក្រោម​១៧​ឆ្នាំ​របស់​សាលា​បាល់ទាត់​ជាតិ​បាទី ត្រូវ​ជួប​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុមយុវជន​អាយុ​ក្រោម​១៧​ឆ្នាំ​របស់​ទីក្រុង​ហូជីមិញ​នា​រសៀល​ថ្ងៃទី​២៦ ខែឧសភា នេះ​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​។ ការប្រកួត​នេះ​ធ្វើឡើង ដើម្បី​អបអរ​ការសម្ពោធ​ផ្លូវការ​គម្រោង​សាលា​តម្រង់ទិស​កីឡាបាល់ទាត់​ទូទាំងប្រទេស​។



​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹង​សម្ពោធ​ជា​ផ្លូវការ​នូវ​គម្រោង​សាលា​តម្រង់ទិស​កីឡាបាល់ទាត់​របស់ខ្លួន​នា​រសៀល​ថ្ងៃទី​២៦ ខែឧសភា នេះ​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​។ គម្រោង​នេះ ជា​ផែនការ​យុទ្ធសាស្ត្រ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​នៅតាម​បណ្តា​ខេត្ត​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​។ លើសពីនេះ ដើម្បី​បណ្តុះបណ្តាល​ធនធាន​ថ្នាល​សម្រាប់​ត្រៀម​ស៊ី​ហ្គេម​នា​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។

​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​លោក សៅ សុខា បាន​បញ្ជាក់ថា គម្រោង​សាលា​តម្រង់ទិស​កីឡាបាល់ទាត់​នេះ នឹងធ្វើ​ឡើង​គ្រប់​ខេត្ត​-​ក្រុង​ទាំង​២៥ ដោយ​ក្នុង​មួយ​ខេត្ត​មានតែ​មួយ​សាលា​ប៉ុណ្ណោះ​។ សហព័ន្ធ នឹង​ជ្រើសរើស​ជា​សាលា​រដ្ឋ​ណា​ដែលមាន​ទីធ្លា​ធំ​ទូលាយ ដែល​អាចបំពេញ​ដល់​ការហ្វឹកហាត់ និង​រៀបចំ​ការប្រកួត​ផ្សេងៗ​។

​លោក​បន្តថា គម្រោង​នេះ គឺ​អនុញ្ញាត​ឲ្យ​សិស្ស​នៅក្នុង​សាលា​អាច​ចូលរួម​លេង​បាន​ទាំងអស់​ដោយ​មិន​ប្រកាន់​អាយុ ឬ​ភេទ​នោះឡើយ​។ ហើយ​ក្នុងអំឡុងពេល​ហ្វឹកហាត់ ឬ​ប្រកួត​ផ្សេងៗ​នឹងមាន​គណកម្មាការ​វាយតម្លៃ​ពី​សមត្ថភាព ឬ​បច្ចេកទេស​របស់​កីឡាករ​ទាំងនោះ ដើម្បី​ប្រមូលផ្តុំ​ហ្វឹកហាត់​ជា​ក្រុម​តាម​ប្រភេទ​អាយុ​ផ្សេងៗ​គ្នា​នៅតាម​សាលា​នីមួយៗ​។

​ជាមួយគ្នានេះ ដើម្បី​អបអរ​ក្នុង​ថ្ងៃ​សម្ពោធ​គម្រោង​សាលា​តម្រង់ទិស​កីឡាបាល់ទាត់​លើកដំបូង​នេះដែរ ក្រុមយុវជន​អាយុ​ក្រោម​១៧​ឆ្នាំ​របស់​សាលា​បាល់ទាត់​ជាតិ​បាទី ត្រូវ​ជួប​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុមយុវជន​មកពី​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម នា​វេលា​ម៉ោង​៥​រសៀល​ថ្ងៃទី​២៦ ខែឧសភា នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​នោះ​ផងដែរ​៕ 


Tag:
 បាល់ទាត់​
  U17 កម្ពុជា​
  មិត្តភាព​អន្តរជាតិ​ជាមួយ​វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com