ជាតិ
ច្បាប់បោះឆ្នោត មិន​ឲ្យ​បក្សនយោបាយ គំរាមកំហែង បំភ័យ និង​ប្រើ​ហិង្សា ទៅលើ​បក្ស​ផ្សេង​
26, May 2017 , 2:57 pm        
រូបភាព
ដោយ:
​ច្បាប់បោះឆ្នោត​ជ្រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​បាន​វិសោធនកម្ម​ថ្មី និង​បាន​ចូល​ជា​ធរមាន​កាលពី​ចុងឆ្នាំ ២០១៥  បាន​ហាមប្រាម គណបក្សនយោបាយ ឬ​បេក្ខជន​ទាំងអស់ មិន​ឲ្យ​គំរាមកំហែង ឬ​ប្រើ​ហិង្សា​ទៅលើ​បក្សនយោបាយ ឬ​បេក្ខជន​បក្ស​ផ្សេង​នោះទេ​។



​ជំពូក​ទី ៧ នៃ​ច្បាប់បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​និយាយ​ពី ការឃោសនា បោះឆ្នោត បានកំណត់​នៅក្នុង​មាត្រា ៧១ ថា គណបក្សនយោបាយ និង​បេក្ខជន​ទាំងអស់ ត្រូវ​ចៀសវាង ប្រព្រឹត្ត​អំពើ​គំរាមកំហែង ឬ​បំភិតបំភ័យ ឬ​អំពើហិង្សា ទៅលើ​ប្រជាពលរដ្ឋ ទៅលើ​គណបក្សនយោបាយ ឬ​បេក្ខជន​ដទៃទៀត​ឡើយ​។​

​មាត្រា​ដដែល​បន្តថា គ្រប់​គណបក្សនយោបាយ បេក្ខជន ឬ​អ្នកគាំទ្រ​ទាំងអស់ មិនត្រូវ​និយាយ​ដោយផ្ទាល់​មាត់ ឬ​ដោយ​ប្រយោល ឬ​សរសេរ​ជា​លាយលក្ខណ៍អក្សរ​ក្នុងន័យ អសីលធម៌ ប្រមាថ ​ទៅលើ​បេក្ខជន អ្នកគាំទ្រ ឬ​លើ​បុគ្គល​ណាមួយ​នោះទេ​។​

​នៅក្នុង​ជំពូក​ទី ២ នៃ​មាត្រា ៩ នៃ​ច្បាប់បោះឆ្នោត​ឃុំ សង្កាត់ ក៏បានផ្តល់​អំណាច​ឲ្យ​គណៈក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ជា​អ្នកធានា និង​ការពារ​កុំ​ឲ្យ​មានការ​គំរាមកំហែង​។  មាត្រា ៩ ចែង​យ៉ាងនេះ​ថា​៖« គ​.​ជ​.​ប ជា​អ្នកធានា​ឲ្យ​ជន​គ្រប់រូប មាន​សិទ្ធិ​ចូលរួម​ប្រកបដោយ​សុវត្ថិភាព និង​គ្មាន​ការភ័យខ្លាច ឬ​ការបំភិតបំភ័យ​ក្នុង​ដំណើរការ​បោះឆ្នោត​»៕


Tag:
 បោះឆ្នោត​ឃុំ សង្កាត់​
 ​ ច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com