អន្តរជាតិ
អូ​បា​ម៉ា ផ្ញើ​សារ​ឲ្យ ត្រាំ «​សម័យនេះ គេ​មិនអាច​លាក់ខ្លួន​ក្រោយ​ជញ្ជាំង​ទៀតឡើយ​»
26, May 2017 , 4:01 pm        
រូបភាព
អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា និងអធិការបតីអាល្លឺម៉ង់ Angela Merkel (រូបភាព AP)
អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា និងអធិការបតីអាល្លឺម៉ង់ Angela Merkel (រូបភាព AP)
​អតីត​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​និយាយ​រិះគន់​ដោយ​មិន​ចំឈ្មោះ​ឲ្យ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ រឿង​គម្រោង​សាងសង់​ជញ្ជាំង​ព្រំដែន​ជាមួយ​ម៉ិ​ក​ស៊ិ​ក​ដើម្បី​ទប់ស្កាត់​លំហូរ​ជនអន្តោប្រវេសន៍​មកកាន់​អាមេរិក​។ លោក អូ​បា​ម៉ា ដែល​កំពុង​ស្ថិតនៅ​អឺរ៉ុប​ដូច​លោក ត្រាំ ដែរនោះ និយាយថា ប្រទេស​ជឿនលឿន​មិនអាច​លាក់ខ្លួន​ពីក្រោយ​ជញ្ជាំង ដោយ​មិន​ខ្វល់ខ្វាយ​ពី​បញ្ហា​ប្រឈម​លើ​ពិភពលោក​បានឡើយ​។​



​ខណៈដែល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ស្ថិតនៅ​ទីក្រុង​ព្រុ​ច​សែ​ល​នៅ​ថ្ងៃទី​២៥ ខែឧសភា​ដើម្បី​ជួប​ជាមួយ​មេដឹកនាំ​សម្ព័ន្ធ​យោធា​ណា​តូ អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ក៏​កំពុង​ទស្សនកិច្ច​នៅឯ​អាល្លឺម៉ង់​ដែរ​។ នៅ​រដ្ឋធានី​បែរ​ឡាំង លោក អូ​បា​ម៉ា បាន​ចំណាយ​៩០​នាទី និយាយ​ពី​បញ្ហា​នៅ​អាមេរិក និង​បញ្ហា​អន្តរជាតិ​ជាច្រើន ហើយ​លោក​ក៏​និយាយ​ដល់​ការអនុវត្ត​នយោបាយ​គាំពារ​និយម និង​ជាតិនិយម ក៏ដូចជា​ផលប៉ះពាល់​នៃ​បច្ចេកវិទ្យា​ជាដើម​។ 

​ចំពោះមុខ​មនុស្សម្នា​រាប់ម៉ឺន​នាក់​នៅខាងមុខ​ខ្លោងទ្វារ Brandenburg លោក អូ​បា​ម៉ា និយាយ​ដោយ​មិន​ចំឈ្មោះ​គម្រោង​សាងសង់​ជញ្ជាំង​របស់លោក ត្រាំ ថា ពិភពលោក​ទាំង​រួម​តូច​ដោយសារតែ​ប្រទេស​ខ្លះ​ផ្ដោត​សំខាន់​តែ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន មិន​ខ្វល់ខ្វាយ​បញ្ហា​ដទៃទៀត​។ អតីត​ប្រធានាធិបតី​ទី​៤៤ រូបនេះ​បន្តថា យ៉ាងណាក្ដី វា​ជា​រឿង​មិនអាច​ទៅរួច​ដែល​ប្រទេស​ខ្លះ​អនុវត្ត​នយោបាយ​ឯកោ​និយម ឬ​ផ្ដាច់ខ្លួន​ពី​គេឯង​នោះ​។  

​បើតាម​សារព័ត៌មាន Fox News ក្នុង​សុន្ទរកថា​ជា​សាធារណៈ​លើកដំបូង ចាប់តាំងពី​ចាកចេញ​ពី សេត​វិមាន លោក អូ​បា​ម៉ា ដែល​អង្គុយ​ក្បែរ​អធិការបតី​អាល្លឺម៉ង់ Angela Merkel សង្កត់ធ្ងន់​ពី​ភាព ចាំបាច់​ក្នុង​បន្ត​ទំនាក់ទំនង​ជាមួយ​ពិភពលោក​ខាងក្រៅ និង​ត្រូវ​ជួយ​ដោះស្រាយ​ប្រឈម ដែល​កំពុង កើតមាន​ដូច​ជ​ភាពក្រីក្រ និង​សង្គ្រាម​ជាដើម​។ លោក​បញ្ជាក់ថា​៖ «​ក្នុង​ពិភពលោក​ដែល​យើង​រស់នៅ នេះ យើង​មិនអាច​ផ្ដាច់ខ្លួន​តែឯង​ឡើយ ហើយក៏​មិនអាច​រស់នៅ​ក្រោយ​ជញ្ជាំង​បានដែរ​»​។​

​ការលើកឡើង​របស់​អតីត​ប្រធានាធិបតី អូ​បា​ម៉ា គឺជា​សារ​ផ្ញើ​ទៅ​ឲ្យ​លោក ត្រាំ ដែលមាន​និន្នាការ​ជាតិនិយម​ខ្លាំងពេក​។ ដូច​ដឹង​ស្រាប់​ហើយ​ថា លោក ត្រាំ បានប្រកាស​ពី​ផែនការ​សាងសង់​ជញ្ជាំង​តាម​ព្រំដែន​ជាមួយ​ម៉ិ​ក​ស៊ិ​ក ដើម្បី​ទប់ស្កាត់​លំហូរ​ជនអន្តោប្រវេសន៍​ខុសច្បាប់​មកពី​ម៉ិ​ក​ស៊ិ​ក និង​ប្រទេស​ដទៃទៀត​ក្នុង​តំបន់​អាមេរិក​ឡាទីន ក៏ដូចជា​រារាំង​ការជួញដូរ​គ្រឿងញៀន​ផង​។ ប៉ុន្តែ​មកទល់ពេលនេះ ជញ្ជាំង​មិនទាន់​ត្រូវបាន​សាងសង់​នៅឡើយ ព្រោះ​មិនទាន់មាន​ថវិកា​គ្រប់គ្រាន់​នៅឡើយ​។

​វត្តមាន​លោក អូ​បា​ម៉ា នៅ​អឺរ៉ុប ក្លាយជា​ប្រធាន​សំខាន់ បើទោះជា​លោក​មិនមាន​តំណែង​អ្វី​ក៏ដោយ​។ រយៈពេល​៨​ឆ្នាំ​ក្នុង​តំណែង​ជា​ប្រធានាធិបតី លោក អូ​បា​ម៉ា បាន​កសាង​ប្រជាប្រិយភាព​ខ្ពស់​ក្នុងចំណោម​ប្រជាជន​អឺរ៉ុប​។ សម័យ​លោក​ដឹកនាំ អាមេរិក​មាន​ទំនាក់ទំនង​ល្អប្រសើរ​ជាមួយ​អឺរ៉ុប ជាពិសេស​ការសហការ​គ្នា​ដាក់​គំនាប​លើ​រុស្ស៊ី​តែម្ដង​៕



Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  បា​រ៉ា​ក់ អូ​បា​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com