ជាតិ
ក្រសួងការពារជាតិ ចាត់ទុក​សេចក្តីថ្លែងការណ៍​ក្រុម​សង្គម​ស៊ីវិល​ថា មាន​ចេតនា​ប្រមាថ​កងទ័ព​
26, May 2017 , 4:17 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួងការពារជាតិ ច្រានចោល​និង​ថ្កោលទោស សេចក្ដីថ្លែងការណ៍​រប​ស់​ខុមហ្វ្រែល និង​សមាគម អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា នៃ​បន្ទប់​ស្ថានការណ៍​សម្រាប់​បោះឆ្នោត គឺមាន​ចេតនា​ញុះញង់ និង​លាប​ពណ៌​មកលើ​កងយោធពល​ខេមរភូមិន្ទ និង​ជាការ​ប្រមាថ​មាក់ងាយ​ដល់​កិត្តិយស តួនាទី ភារកិច្ច​របស់​កងទ័ព​។​



​អ្នកនាំពាក្យ​ក្រសួងការពារជាតិ ចាត់ទុក​សេចក្តីថ្លែងការណ៍​របស់​សង្គម​ស៊ីវិល មានន័យ​បង្គាប់បញ្ជា​មកលើ​កងយោធពល​ខេមរភូមិន្ទ ដែលជា​ការរំលោភ​ធ្ងន់ធ្ងរ មិនអាច​ទទួលយកបាន​ឡើយ​។ ហើយ​អ្វីដែល​ក្រសួងការពារជាតិ កត់សម្គាល់​នោះ គឺ​វោ​ហោ​សាសន៍​ទាំងឡាយ​របស់​ពួកគេ មកលើ​តួនាទី​កងយោធពល​ខេមរភូមិន្ទ ហាក់ដូច​ជាមាន​ចេតនា​អ្វីមួយ​ទៅ​អនាគត​។​

​សេចក្ដីថ្លែងការណ៍​រប​ស់​ក្រសួងការពារជាតិ បាន​អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ​ថា​៖«​កងយោធពល​ខេមរភូមិន្ទ បាន​យល់ច្បាស់​អំពី​ច្បាប់បោះឆ្នោត និង​តួនាទី ភារកិច្ច​របស់ខ្លួន​ក្នុងការ​អនុវត្ត តាម​សេចក្តីណែនាំ​រួម​ស្តីអំពី​ការពង្រឹង​វិន័យ តួនាទី ភារកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​ខ្លួន ចូលរួម​ក្នុង​ដំណើរការ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ របស់​គណៈបញ្ជាការ​ស​ន្តិ​សុខ​អចិន្ត្រៃយ៍ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ។ មិន​ចាំ​មាន​អង្គការ​ខុមហ្វ្រែល និង​សមាគម អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​មក​ណែនាំ​នោះទេ​»​។​

​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១៨ បានបង្ហាញ​ការព្រួយបារម្ភ ចំពោះ​ការលើកឡើង​របស់​រដ្ឋ​មន្ដ្រី​ក្រសួងការពារជាតិ​លោក ទៀ បាញ់ ដែល​បាន​ព្រមាន​វាយ​បាក់ធ្មេញ ប្រសិនបើ​មានការ​តវ៉ា​នឹង​លទ្ធផល​បោះឆ្នោត ស្រប​ពេលដែល​អគ្គមេបញ្ជាកា​រ​នៃ​កងយោធពល​ខេមរភូមិន្ទ លោក ប៉ុល សារឿន ក៏បាន​ប្រកាស​ឲ្យ​កងទ័ព​ត្រូវ​ប្រឆាំង​ដាច់ខាត​នូវ «​បដិវត្តន៍​ពណ៌​» ជាដើម​។​

​សេចក្តីថ្លែងការណ៍​កាល​ពីថ្ងៃ​ទី​២៥ ឧសភា របស់​ក្រុម​សង្គម​ស៊ីវិល​ទាំង​១៨ បានស្នើ​ឲ្យ​អគ្គមេបញ្ជាការ មេបញ្ជាការ មន្ត្រីជាន់ខ្ពស់ និង​កងទ័ព​នៃ​កងយោធពល​ខេមរភូមិន្ទ​ទាំងអស់ ត្រូវគោរព​ក្រមសីលធម៌​ខ្លួន និង​ផែនការ​អន្តរ​ស្ថាប័ន​ស្តីពី​កិច្ចការពារ​បោះឆ្នោត ។ ជាពិសេស​កងកំលាំងប្រដាប់អាវុធ​ត្រូវ​ផ្តល់​កិច្ចសហប្រតិបត្តិការ​ជាមួយ គ​.​ជ​.​ប និង​ត្រូវ​អនុវត្តតាម​បទបញ្ញត្តិ ដែល​មានចែង​ក្នុង​ច្បាប់​នានា ដើម្បី​ធានា​សុ​វត្តិភាព​ដល់​បេក្ខជន​មកពី​គ្រប់​គណបក្សនយោបាយ ដែល​ចូលរួម​ប្រ​គួ​ត​ប្រជែង​ការបោះឆ្នោត​ខាងមុខនេះ​។​

​តែ​យ៉ាងណា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​បកស្រាយ​ការពារ​សម្តី​របស់​ថ្នាក់ដឹកនាំ​ក្រសួង​ថា មិន​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​នោះទេ​។ ប៉ុន្តែ​វា​គឺជា​ការជំរុញ និង​ការពារ​ដល់​សន្តិសុខ សុវត្ថិភាព សម្រាប់​ការបោះឆ្នោត​នៅ​កម្ពុជា ដោយ​មិន​អនុញ្ញាត​ឲ្យ​ជន​ណា​ឆ្លៀត​យក​ឱកាស​នេះ ដើម្បី​បង្ក​អសន្តិសុខ បំផ្លាញ​សន្តិភាព​របស់​កម្ពុជា​ឡើយ​។ «​ផ្ទុយទៅវិញ​ការលើកឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​កងយោធពល​ខេមរភូមិន្ទ គឺជា​ការតម្រង់​ឆ្ពោះទៅរក​អ្នក​ដែល​ព្យាយាម​បំផ្លាញ​សន្តិភាព និង​ការបង្កើត​ប​ដិ​វដ្ត​ពណ៌​នៅ​កម្ពុជា​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ ដែល​បន្ថែមថា ពលរដ្ឋ​អាច​ប្ដឹងតវ៉ា​ទៅគ្រប់​ស្ថាប័ន​មាន​សមត្ថកិច្ច​របស់​ជាតិ ក្នុងករណី​កងទ័ព ឬ​ជន​ណាមួយ​ដែល​ប្រព្រឹត្ត​ខុសច្បាប់ គ​.​ជ​.​ប​៕


Tag:
 ក្រសួងការពារជាតិ​
 ​ សង្គម​ស៊ីវិល​
© រក្សាសិទ្ធិដោយ thmeythmey.com