កីឡាជាតិ
ជាតិ
បឹងកេត​បន្ត​ចាញ់​ភ្នំពេញ​ក្រោ​ន​នៅ​ជើង​ទី​ពីរ មុន​ទៅ​ជួប Warriors FC ក្នុង​វគ្គ​ជម្រុះ Singapore Cup
26, May 2017 , 4:28 pm        
រូបភាព
ដោយ:
​ក្រុម​បឹងកេត​បាន​បន្ត​ចាញ់​ក្រុម​ភ្នំពេញ​ក្រោ​ន ២-១ បន្ថែម​លើ​ការ​ចាញ់ ៤-០ កាលពី​ជើង​ទី​១ សម្រាប់​ការវិល​មកជួប​គ្នា​ជា​លើក​ទី​២​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៧ កាល​ល្ងាច​ថ្ងៃទី​២៥ ខែឧសភា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ក្រុម​បឹងកេត​នឹង​ចាក​ចេញពី​កម្ពុជា​នៅ​ថ្ងៃស្អែក ដើម្បី​ជួប​ប្រកួត​ជាមួយ​ក្រុម Warriors FC ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់ RHB Singapore Cup នៅ​ប្រទេស​សិង្ហ​បុរី​នា​ថ្ងៃទី​២៩ ខែឧសភា​។

 


​សម្រាប់​ការប្រកួត​ដ៏​ស្វិតស្វាញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ម្សិលមិញ កីឡាករ ស៊ិន កក្កដា បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​ភ្នំពេញ​ក្រោ​ន​នៅ​នាទី​ទី​១៥ ក្រោម​ការលើក​បាល់​ចេញពី​ជ្រុង​របស់​កីឡាករ កែវ សុខ​ផេង​។ ខ្សែការពារ ទូច បញ្ច​រុង ត្រូវ​អាជ្ញាកណ្តាល​ពិន័យ​កាត​ក្រហម​នៅ​នាទី​៣០​ក្រោយ​ធ្វើ​ឲ្យ​កីឡាករ ប្រាក់ ធី​វ៉ា ដួល​ទាំង​ជំហរ​។ ការពិន័យ​នេះ​បានធ្វើ​ឲ្យ ទូច បញ្ច​រុង ខឹង​យ៉ាងខ្លាំង ហើយ​បាន​ប្រើ​ក្បាល​ទៅ​ទង្គិច​​មុខ​អាជ្ញាកណ្តាល​ចំនួន​២​ដង​ធ្វើ​ឲ្យ​អាជ្ញាកណ្តាល​​ដួលនៅលើទីលាន​តែម្តង​។

​ក្រោយ​ការប៉ះទង្គិច​មិនយូរប៉ុន្មាន​ផង កីឡាករ កែវ សុខ​ផេង បានសម្រេច​គ្រាប់​ទី​២​ឲ្យ​ភ្នំពេញ​ក្រោ​ន​នាំមុខ ២-០ នៅ​នាទី ទី​៣៣ មុន​កីឡាករ Omogba រក​គ្រាប់​បាល់​តាម​ពីក្រោយ ២-១ ឲ្យ​បឹងកេត​នៅ​នាទី​ទី​៣៦​មុន​បញ្ចប់​តង់​ទី​១​។ ការបាត់បង់​សមាជិក​ម្នាក់​របស់​បឹងកេត​បានផ្តល់​ឱកាស​ឲ្យ​ក្រុម​ភ្នំពេញ​ក្រោ​ន វាយ​សម្រុក​យ៉ាងខ្លាំង ដើម្បី​ដាក់​សម្ពាធ​មកលើ​បឹងកេត​។ តែ​យ៉ាងណា ក្រុម​បឹងកេត​ដែលមាន​សមាជិក​តែ​១០​នាក់​បាន​ទប់ស្កាត់​មិន​ឲ្យ​មានការ​ស៊ុត​បញ្ចូល​ទី​ពី​ភ្នំពេញ​ក្រោ​ន​បាន​យ៉ាង​ល្អ រហូត​ចប់​វគ្គ​ទី​២​ដោយ​រក្សា​លទ្ធផល ២-១​។  

​ការបរាជ័យ​នេះ មានន័យថា បឹងកេត​មិនអាច​ស្វែងរក​ជ័យជម្នះ​នៅលើ​ទឹកដី​របស់ខ្លួន ដើម្បី​ធ្វើ​កាដូ​លើកទឹកចិត្ត​សម្រាប់​ក្រុម​មុន​ថ្ងៃ​ប្រជែង​ជាមួយ​ក្រុម Warriors FC របស់​សិង្ហ​បុរី​នោះឡើយ​។ បឹងកេត​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម Warriors FC ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់ RHB Singapore Cup ឆ្នាំ​២០១៧ នា​ថ្ងៃទី​២៩ ខែឧសភា នៅ​កីឡដ្ឋាន Chao Chu Kang Stadium ប្រ​ទេ​សិង្ហ​បុរី​៕


Tag:
 Cambodian League 2017
  បឹងកេត​
  ភ្នំពេញ​ក្រោ​ន
© រក្សាសិទ្ធិដោយ thmeythmey.com