អន្តរជាតិ
ណា​តូ​សម្រេច​ចូលរួម​សម្ព័ន្ធ​អន្តរជាតិ​កម្ចាត់​ភេរវជន IS ស៊ី​រី​និង​អ៊ីរ៉ាក់ ផ្គាប់ចិត្ត ដូ​ណា​ល់ ត្រាំ​
26, May 2017 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​អគ្គលេខាធិការ​បក្សសម្ព័ន្ធ​យោធា​ណា​តូ នឹងចូលរួម​ប្រយុទ្ធប្រឆាំង​ភេរវជន​ដែ​ស្ហ (Daesh)​ឬ​ក្រុម​រដ្ឋ​ឥស្លាម​ជាមួយ​សម្ព័ន្ធ​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក​។​ការប្រកាស​នេះ​ធ្វើឡើង​មុន​ជំនួប​កំពូល​មេដឹកនាំ​សមាជិក​ណា​តូ​នៅ​ទីក្រុង​ព្រុ​ច​សែ​ល​ដែល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក៏មាន​វត្តមាន​ក្នុងនោះ​ផង​។ ថ្វីបើ​មានការ​សម្រេចចិត្ត​ដូច្នេះ​ក្តី បងធំ​អឺរ៉ុប​មួយចំនួន​បារម្ភ​ពី​ការចូលរួម​ដោយផ្ទាល់​របស់​ណា​តូ​ក្នុង​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​នេះ​។



​ចុងក្រោយ​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ដែល​លោក ដូ​ណា​ល់ ត្រាំ ធ្លាប់​ហៅថា​ជា​អង្គការ​ហួស​សម័យ​នោះបាន​សម្រេចចិត្ត​ចូលរួម​ក្នុង​ប្រតិ​ប​តិ្ត​ការ​សឹក​ប្រឆាំង​ភេរវជន​ក្រុម​រដ្ឋ​ឥស្លាម​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​។ នេះ​បើតាម​ការប្រកាស​របស់​ប្រមុខ​អង្គការ​ណា​តូ​លោក  Jens Stoltenberg​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទៅ ២៥ ឧសភា ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មុន​ជំនួប​កំពូល​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Jens Stoltenberg បាន​ថ្លែង​ដូច្នេះ​ថា​៖« វា​ជាការ​ផ្ញើ​សារ​នយោបាយ​ដ៏​ធំ​មួយ​ដែល​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​ណា​តូ​ក្នុងការ​កម្ចាត់​ភេរវកម្ម​»​។​

​ប៉ុន្តែ​អគ្គលេខាធិការ​អង្គការ​ណា​តូ​រូបនេះ​បានបញ្ជាក់​បន្ថែមថា ការចូលរួម​នេះ​មិនមែន​មានន័យថា កងទ័ព​ណា​តូ​នឹង​ដើរតួនាទី​ជា​ទ័ព​ច្បាំង​កម្ចាត់​ក្រុម​ដែ​ស្ហ​ឬ​ក្រុម​ផ្សេងទៀត​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​ដោយផ្ទាល់​ឡើយ​។ ណា​តូ​នឹង​ដើរតួនាទី​សំខាន់​ក្នុងការ​គាំទ្រ​ការ​ប្រមែរ​ប្រមូល​ព័ត៌មាន​ចារកម្ម និង​បង្កើន​ការបំពាក់​បំប៉ន​សមត្ថ​ភាព​កងទ័ព​តាមរយៈ​ការផ្តល់​ការហ្វឹកហ្វឺន​នៅ​អ៊ីរ៉ង់​ផងដែរ​។​

​ទោះជា​បែបណា​ក្តី ការប្រកាស​ចូលរួម​ក​ម្ចា​ត់​ភេរវកម្ម​ជាមួយ​សម្ព័ន្ធ​អន្តរជាតិ​ដឹកនាំ​ដោយ​ក្រុង​វ៉ាស៊ីនតោន បង្ហាញ​ឃើញ​កាន់តែច្បាស់​ពី​ការ​ប្រែង​ប្រែ​ន​ផ្គាប់ចិត្ត​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​ធ្លាប់​ទិតៀន​ណា​តូ​ចាស់ដៃ​និង​ហៅ​អង្គការ​នេះ​ថា​ជា​អង្គការ​ហួស​សម័យ​ផង​នោះ​។

​សមាជិក​ណា​តូ ទាំង ២៨ ចូលរួម​ក្នុង​សម្ព័ន្ធ​អន្តរជាតិ​ប្រឆាំង​ក្រុម​ដែ​ស្ហ​ដែលមាន​សមាជិក​សរុប​ច្រើនជាង ៦០​ប្រទេស​នោះ​រៀងៗ​ខ្លួន​មិនមែន​ចូលរួម​ជា​លក្ខណៈ​សម​ហ​ភាព​ជ្រក​ក្រោម​បក្សសម្ព័ន្ធ​ណា​តូ​ឡើយ បើទោះជា​កន្លងមក​មាន​សម្ពាធ​ខ្លាំង​ក្តី​។

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ ការប្រកាស​នេះ​ក៏​វា​កើតឡើង​ប៉ុន្មាន​ម៉ោង​មុនពេល​លោក ដូ​ណា​ល់ ត្រាំ ចូលរួម​កិច្ចប្រជុំ​ជាមួយ​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​រដ្ឋ​សមាជិក​ណា​តូ​នៅ​ក្រុង​ព្រុ​ច​សែ​ល​ដែរ​។ ហើយ​គេ​បានដឹង​ច្បាស់​ថា គោ​លន​បំណង​សំខាន់​របស់លោក​មក​ចូលរួម​ប្រជុំ​គឺ​រម្លឹក​ឲ្យ​សម្ព័ន្ធមិត្ត​ណា​តូ​កាន់តែ​សកម្ម​ក្នុងការ​ដោះស្រាយ​បញ្ហា​សន្តិសុខ​ជាពិសេស​ចលនា​ភេរវកម្ម​តែម្តង​។ មួយវិញទៀត​លោក ដូ​ណា​ល់ ត្រាំ ក៏​ប្រឹងប្រែង​ដាក់​សម្ពាធ​ឲ្យ​រដ្ឋ​ណា​តូ​គិតគូរ​ដល់​ការបង្កើន​ការចំណាយ​លើ​វិស័យ​ការពារជាតិ​ឲ្យ​គ្រប់​តាម​កំណត់ ពីរ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប កុំ​ទោរទន់​ពឹង​លើ​តែ​អាមេរិក​ពេក​។​

​ខណៈដែល​ណា​តូ ព្រម​ឯកភាព​ចូលរួម​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​ដឹកនាំ​ដោយ​ក្រុង​វ៉ាស៊ីនតោន សមាជិក​ណា​តូ​ដូចជា​បារាំង និង​អាល្លឺម៉ង់​ដែលជា​បងធំ​អឺរ៉ុប​នោះបាន​បង្ហាញ​ក្តីកង្វល់​ចំពោះ​អនាគត​នៃ​បក្សសម្ព័ន្ធ​យោធា​នេះ​។ បារាំង​និង​អាល្លឺម៉ង់​យល់ថា ការ​លូកលាន់​ក្នុង​បញ្ហា​ភេរវកម្ម​កាន់តែ​ជ្រៅ​នៅ​មជ្ឈិមបូព៌ា អាច​នឹងធ្វើ​ឲ្យ​ណា​តូ​ផុងខ្លួន​ក្នុង​សង្គ្រាម​ងើប​ក្បាល​មិន​រួច​ផង​នៅពេល​អនាគត​។​


Tag:
 ណា​តូ​
  ដូ​ណា​ល់ ត្រាំ​
  Jen Stoltenberg
© រក្សាសិទ្ធិដោយ thmeythmey.com