អន្តរជាតិ
អូស្ត្រាលី ថា អាមេរិក​ប្រឹង​ទប់ស្កាត់​កូរ៉េខាងជើង ព្រោះ​បារម្ភ​កូរ៉េខាងត្បូង​និង​ជប៉ុន​ផលិត​នុយក្លេអ៊ែរ​ដែរ​
26, May 2017 , 4:54 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ជូលី ប៊ីស្ហប (រូបភាព Xinhua)
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ជូលី ប៊ីស្ហប (រូបភាព Xinhua)
​តាំងពីដើម​មក អាមេរិក ប្រឹងប្រែង​យ៉ាងខ្លាំង និង​ប្រើប្រាស់​ស្ទើរ​គ្រប់​មធ្យោបាយ​ទៅហើយ​ក្នុង​ការរារាំង​កូរ៉េខាងជើង​ពី​ការអភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ ព្រោះ​អាច​នាំ​ឲ្យ​មានការ​ប្រណាំងប្រជែង​សព្វាវុធ​ក្នុង​តំបន់​។ បើតាម​ប្រមុខ​ការទូត​អូស្ត្រាលី ជូ​លី ប៊ី​ស្ហ​ប (Julia Bishop) អាមេរិក​បារម្ភ​ថា បើ​បន្ត​ឲ្យ​កូរ៉េខាងជើង​អភិវឌ្ឍ​នុយក្លេអ៊ែរ ឬ​មី​ស៊ី​ល​ទៀត​នោះ ប្រទេស​ក្នុង​តំបន់​ខ្លះ​ដូចជា​កូរ៉េខាងត្បូង និង​ជប៉ុន អាច​ចាប់ផ្ដើម​កម្មវិធី​នុយក្លេអ៊ែរ​ស្រដៀង​គ្នា​នេះ ដើម្បី​ទុក​ការពារ​ខ្លួន​មិន​ខាន​។



​កម្មវិធី​នុយក្លេអ៊ែ​កូរ៉េខាងជើង អាច​បណ្ដាល​ឲ្យ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ធ្លាក់​ចូលក្នុង​សម័យកាល​រត់ប្រណាំង​សព្វាវុធ​មិន​ខាន​។ នេះ​ជាការ​ព្រួយបារម្ភ​របស់​មន្ត្រីរដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រាប់​ទៅកាន់​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី លោកស្រី ជូ​លី ប៊ី​ស្ហ​ប ។ ដោយសារ​បញ្ហា​នេះ ទើប​អាមេរិក​ប្រឹងប្រែង​ប្រើ​គ្រប់​វិធី​ទាំងអស់ ទាំង​ការដាក់ទណ្ឌកម្ម ទាំង​ការ​សម្ញែង​អាវុធ​ទំនើប សំដៅ​បង្ខំ​ឲ្យ​កូរ៉េខាងជើង​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​ចោល​។ 

​មកទល់ពេលនេះ កូរ៉េខាងជើង បាន​សាកល្បង​នុយក្លេអ៊ែ​ចំនួន​៥​លើក​រួចមកហើយ ព្រមទាំង​បាន​បាញ់​មី​ស៊ី​ល​ជាច្រើនលើក​ថែមទៀត​។ របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​អះអាងថា កម្ម​វ​វិធី​នុយក្លេអ៊ែរ​របស់ខ្លួន ជា​រឿង​ចាំបាច់​បំផុត​ដើម្បី​ការពារ​ខ្លួន​ពី​ការឈ្លានពាន​របស់​អាមេរិក​។ អាមេរិក​បារម្ភ​ថា កម្មវិធី​នុយក្លេអ៊ែរ​នេះ នឹង​បង្ខំ​ឲ្យ​កូរ៉េខាងត្បូង ឬ​ជប៉ុន បង្ខំចិត្ត​ផលិត​អាវុធ​ប្រល័យ​លោក​ដែរ​មិន​ខាន​។    

​លោកស្រី ប៊ី​ស្ហ​ប និយាយថា អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ Nikki Haley បាន​ប្រាប់​លោកស្រី​ពី​ការបារម្ភ​នេះ អំឡុងពេល​ជួបពិភាក្សា​គ្នា​នៅឯ​ក្រុង New York នាពេល​ថ្មីៗ​នេះ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​កាសែត The Australian រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី និយាយ​ដែរ​ថា ពេល​កូរ៉េខាងជើង​ត្រូវ​ទទួលស្គាល់​ជា​រដ្ឋ​មាន​នុយក្លេអ៊ែរ កូរ៉េខាងត្បូង ឬ​ជប៉ុន ច្បាស់​នាំគ្នា​ធ្វើតាម ព្រោះ​មាន​ជម្រើស​តិចតួច​ដើម្បី​ការពារ​ខ្លួន​។​

​យ៉ាងណាក្ដី កូរ៉េខាងជើង​ប្រកាស​ដាច់ខាត​ហើយ​ថា ខ្លួន​មិន​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​ចោល​ឡើយ ទោះជា​អាមេរិក​គំរាម​ផង អង្អែល​ខ្នង​ផង​ក្ដី​។ រដ្ឋបាល​លោក ត្រាំ បាន​បញ្ជូន​សព្វាវុធ​ឧបទ្វីប​កូរ៉េ និង​បាន​បន្ត​ដាក់ទណ្ឌកម្ម​ឯកតោភាគី ក្នុងន័យ​បង្ខំ​ឲ្យ​កូរ៉េខាងជើង​ដើរចូល​តុ​ចរចា​វិញ​។ ជាមួយគ្នា​នោះ អាមេរិក​ក៏បាន​បន្ទន់ឥរិយាបថ​បន្តិច ដោយ​បង្ហាញ​ចង់​ចរចា​ដែរ បើ​កូរ៉េខាងជើង​ព្រម​បោះបង់​នុយក្លេអ៊ែរ​នោះ​។ ប៉ុន្តែ​កូរ៉េ​ខាង​ជ៉​ង​នៅតែ​មានះ​រឹងរូស​ដដែល​។​

​ក្រុង​វ៉ាស៊ីនតោន ក៏​មិន​ភ្លេច​ចាប់ដៃ​ជាមួយ​ចិន​ក្នុង​ការដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​ដែរ​។ ប៉េកាំង ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ និង​ជា​ដង្ហើម​ការទូត​ដ៏​សំខាន់​របស់​ព្យុងយ៉ាង​តាំងពី​យូរ​មក​នោះ ហាក់​បង្កើន​សម្ពាធ​ខ្លាំង​លើ​មិត្ត​ចាស់​របស់ខ្លួន​នា​រយៈពេល​ចុងក្រោយ​នេះ​។ ក្រោម​មូលហេតុ​អនុវត្តតាម​សេចក្ដី​របស់​ក្រុមប្រឹក្សាសន្តិសុខ ចិន​ឈប់​នាំចូល​ធ្យូងថ្ម​ពី​កូរ៉េខាងជើង ហើយ​ការ​នាំចូល​ធញ្ញជាតិ​មកកាន់​ចិន​ក្នុងឆ្នាំនេះ​ក៏​ថយចុះ​ដែរ​៕


Tag:
 ​អូស្ត្រាលី​
  អាមេរិក​
  កូរ៉េខាងត្បូង​
  ជប៉ុន​
  កូរ៉េខាងជើង​
  Julia Bishop
© រក្សាសិទ្ធិដោយ thmeythmey.com