សុខភាព
អន្តរជាតិ
ប្រទេស​ញាំញី​ដោយ​សង្គ្រាម​យេ​ម៉ែន រង​រាតត្បាត​ជំងឺ​អាសន្នរោគ​ដ៏​ធ្ងន់ធ្ងរ​
26, May 2017 , 9:19 pm        
រូបភាព
ដោយ: ធីតា
​ជំងឺ​អាសន្នរោគ​កំពុង​រាលដាល​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​យេ​ម៉ែន​។ នេះ​បើតាម​ការប្រកាស​ពី​ទីក្រុង​ហ្សឺ​ណែវ របស់លោក Nevio Zagaria  តំណាង​អង្គការ​សុខភាព​ពិភពលោក (WHO)​។​



​ជំងឺ​អាសន្នរោគ បានចាប់ផ្តើម​រាលដាល​នៅក្នុង​ប្រទេស​យេ​ម៉ែន ចាប់តាំងពី​ខែមេសា មក ដោយបាន​សម្លាប់​មនុស្ស​២៤២​នាក់ ហើយ​ករណី​សង្ស័យ បានកើត​ឡើង​ទ្វេ​រដង​ពី​១១ ០០០ ទៅ​២៣ ៤២៥​ករណី តែ​ក្នុងអំឡុង​រយៈពេល​៥​ថ្ងៃ​។ បើតាម​ការផ្សាយ​របស់​កាសែត Le Nouvel Observateur របស់​បារាំង ការឆ្លង​អាច​កើន​រហូតដល់​ទៅ​២៥០ ០០០​ករណី នា​រយៈពេល​៦​ខែ​ទៅមុខ​។​

​កាលពី​ថ្ងៃ​ព្រ​ស្ប​តិ៍ ទី​២៥ ខែឧសភា ករណី​ឆ្លង​ជំងឺ​អាសន្ន​ថ្មី​ចំនួន​៣៤៦០​ករណី​ត្រូវបាន​រកឃើញ ដោយ​ក្នុងនោះ ២០​នាក់​បាន​ស្លាប់​នៅក្នុង​ប្រទេស​យេ​ម៉ែន ដែល​កំពុង​រងគ្រោះ​ដោយសារ​សង្គ្រាមរ៉ាំរ៉ៃ ហើយ​ប្រជាជន​ប្រមាណ​២​ភាគបី​នៃ​ផ្ទៃ​ប្រទេស​ទាំងមូល​កំពុង​ជួប​គ្រោះ​ទុ​រ្ភឹ​ក្ស​។​

​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន ក៏បាន​ព្រមាន​ផងដែរ​ថា ប្រសិនបើ​មិនមាន​វិធានការ​បន្ទាន់​ណាមួយ​ទេនោះ ការ​រាលដាល​ជំងឺ​អាសន្នរោគ​នៅ​យេ​ម៉ែន នឹង​មិនអាច​គ្រប់គ្រង​បាន​នោះឡើយ​។ បច្ចុប្បន្ន ជំងឺ​រា​ត​ត្បាល​នេះ រាលដាល​នៅ​ខេត្ត​ចំនួន​១៨​នៃ​ប្រទេស​យេ​ម៉ែន​ទាំងមូល​។​

​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ បានធ្វើ​ឲ្យ​ប្រទេស​យេ​ម៉ែន​ទាំងមូល​ជួប​វិបត្តិ​មនុស្សជាតិ​ដ៏​ធ្ងន់ធ្ងរ​។ បច្ចុប្បន្ន ពលរដ្ឋ​ប្រមាណ​១៩​លាន​នាក់ កំពុង​ត្រូវ​ជំនួយ​ជា​ចាំបាច់​៕



Tag:
 យេ​ម៉ែន​
  អាសន្នរោគ
© រក្សាសិទ្ធិដោយ thmeythmey.com