ជាតិ
គ.ជ.ប ទទួលបានអ្នកសង្កេតការបោះឆ្នោតជាង ១៥.៦ ម៉ឺននាក់ហើយ
× ភ្នំពេញ៖ រហូតមកដល់ពេលនេះ អង្គការជាតិ-អន្តរជាតិ និងស្ថានទូតនានា រួមទាំងគណបក្សនយោបាយ បានបញ្ជូនឈ្មោះអ្នកសង្កេតការបោះឆ្នោតជាង ១៥.៦ ម៉ឺននាក់ហើយ ទៅកាន់គ.ជ.ប។
អង្គការជាតិចំនួន១៤ រួមទាំងអង្គការអន្តរជាតិនិងស្ថានទូតនានាចំនួន១៧ បានបញ្ជូនសំណើទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីសុំដាក់អ្នកសង្កេតការណ៍ ក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាអាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២0១៧។ អង្គការជាតិទាំង១៤ មានអ្នកសង្កេតការណ៍ជាង ៥.៦ ម៉ឺននាក់ ហើយអង្គការអន្តរជាតិនិងស្ថានទូតទាំង១៧ មានអ្នកសង្កេតការ តែ៩៤នាក់ ប៉ុណ្ណោះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប ដែលបានផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២0១៧។
ចំណែក គណបក្សនយោបាយទាំង១២ ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ នាអាណត្តិទី៤នេះ ក៏បានបញ្ជូនសំណើទៅកាន់ គ.ជ.ប រួចហើយដែរ ដើម្បីសុំដាក់អ្នកសង្កេតការណ៍ ឲ្យចូលរួមឃ្លាំមើលការបោះឆ្នោត។ គណបក្សទាំង១២ គឺ គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សខ្មែររួបរួមជាតិ គណបក្សអំណាចខ្មែរ គណបក្សយុវជនកម្ពុជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសញ្ជាតិកម្ពុជា គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប ដែលបានចេញផ្សាយកន្លងមក បានឲ្យដឹងថា គណបក្សទាំង១២ មានអ្នកសង្កេតការណ៍ ជាង១០ម៉ឺននាក់។ សេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប ដដែល បានឲ្យដឹងទៀតថា គណបក្សប្រជាជនកម្ពុជា មានអ្នកសង្កេតការណ៍ជាង ៤ម៉ឺននាក់ ហើយគណបក្សសង្គ្រោះជាតិ ក៏មានអ្នកសង្កេតការណ៍ជាង ៤ម៉ឺននាក់ ដែរ។
ផ្អែកលើតួលេខនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប ក្នុងចំណោមគណបក្សនយោបាយទាំង១២ មានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិប៉ុណ្ណោះ ដែលបានត្រៀមអ្នកសង្កេតការណ៍ច្រើនជាងគេ និងមានលទ្ធភាព ដើម្បីដាក់ពង្រាយអ្នកសង្កេតការណ៍ នៅគ្រប់ការិយាល័យបោះឆ្នោត នៅទូទាំងប្រទេសកម្ពុជា៕
Tag:
បោះឆ្នោត
គជប
អ្នកសង្កេការណ៍
© រក្សាសិទ្ធិដោយ thmeythmey.com