ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ឯកអគ្គរដ្ឋទូត​កូរ៉េ​៖«​កូរ៉េ​បោះទុន​នៅ​កម្ពុជា ចង់​ឲ្យ​កម្ពុ​ជារួម​ចំណេញ​ជាមួយគ្នា​»
11, Oct 2017 , 11:18 am        
រូបភាព
ផ្សាយឡើងវិញ៖ ​សាធារណរដ្ឋ​កូរ៉េ​ក៏​ចាប់អារម្មណ៍​បោះទុន​នៅ​កម្ពុជា ដូច​ជប៉ុន និង​ចិន​ដែរ​។ ឯកអគ្គរដ្ឋទូត​កូរ៉េ​ប្រចាំ​កម្ពុជា លោក Kim Won-Jin បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គោលការណ៍​វិនិយោគ​របស់​ប្រទេស​កូរ៉េ​នៅក្រៅ​ប្រទេស គឺ​ការរីកចម្រើន​រួមគ្នា ចំណេញ​ដូចគ្នា និង​ការចែករំលែក​បទពិសោធ​ន៍ និង​ចំណេះដឹង​ជាមួយ​ពលរដ្ឋ​នៃ​ប្រទេស​ដែល​កូរ៉េ​បោះទុន​។ នៅ​កម្ពុជា កូរ៉េ​ចាប់អារម្មណ៍​លើ​វិស័យ​ជាច្រើន ប៉ុន្តែ​លោក​ឯកអគ្គរដ្ឋទូត Won-jin កំពុង​គាំទ្រ​ការបង្កើត​មជ្ឈមណ្ឌល​ក​សិ​ផល​មួយ​ដើម្បី​នាំ​ផ្លែឈើ​កម្ពុជា​ចេញទៅ​ប្រទេស​របស់លោក​។



សូម​លោកអ្នក​អាន​បទ​សម្ភាស​រវាង​លោក លាង ដឺ​លុច នាយក​ប្រតិបត្តិ​នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក​ឯកអគ្គរដ្ឋទូត​កូរ៉េ Kim Won-jin ដូចតទៅ​៖

​លោក លាង ដឺ​លុច​៖ លោក​ឯកអគ្គរដ្ឋទូត​! តើ​ក្នុង​រយៈពេល​ដែល​លោក​កំពុង​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា​ជិត​៣​ឆ្នាំ​មកនេះ តើ​មាន​វិនិយោគិន​កូរ៉េ​ថ្មី​ណា​ខ្លះមក​បណ្តាក់ទុន​នៅ​កម្ពុជា​?

​លោក Kim Won-jin៖ កម្ពុ​ជាមាន​ទាំង​គុណសម្បត្តិ និង​គុណវិបត្តិ​សម្រាប់​ការវិនិយោគ ដូច​នៅ​ប្រទេស​ដទៃទៀត​ដែរ​។ បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និង​អគ្គិសនី អាចជា​គុណវិបត្តិ ប៉ុន្តែ​កំណើនសេដ្ឋកិច្ច​៧​ភាគរយ​ជា​រៀងរាល់ឆ្នាំ គឺជា​គុណសម្បត្តិ​មួយ​។ នេះ​បានន័យថា ទីផ្សារ​កម្ពុជា​កាន់តែ​ធំ​ឡើងៗ​។ ជាទូទៅ វិនិយោគិន​កូរ៉េ​ដែល​មក​បោះទុន​នៅ​កម្ពុជា ពួកគេ​មាន​គោលដៅ​៣​។ ទី​១ ការវិនិយោគ​ណាមួយ ត្រូវតែ​ផ្តល់​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក​។ ទី​២ គឺ​ការបង្កើត​ការងារ​កាន់តែច្រើន​ដល់​ពលរដ្ឋ​កម្ពុជា និង​ទី​៣ យើង​មិន​ចង់​ឲ្យ​សហគ្រាស​កូរ៉េ​យកលុយ​ចេញទៅ​ប្រទេស​កូរ៉េ​ទាំងអស់​នោះទេ គឺ​ត្រូវ​រួមចំណែក​បង្កើន​ផលិតផល​ក្នុងស្រុក​សរុប​របស់​ព​ល​រដ្ឋ​កម្ពុជា​។ ស្ថានទូត​កូរ៉េ កំពុង​យកចិត្តទុកដាក់​លើ​វិស័យ​ជាច្រើន​នៅ​កម្ពុជា ប៉ុន្តែ​វិស័យ​កសិកម្ម​ជា​វិស័យ​សំខាន់​។ យើង​បាន​កំពុង​រៀបចំ​មជ្ឈមណ្ឌល​កសិផល​ដើម្បី​នាំចេញ​ផ្លែឈើ​កម្ពុជា​ទៅ​ប្រទេស​កូរ៉េ​។ ការវិនិយោគ​លើ​កសិផល ត្រូវការ​ពេលវេលា​យូរ និង​ដើមទុន​ច្រើន​។ ក្នុង​ពេលនេះ ស្ថានទូត​កូរ៉េ​កំពុង​គាំទ្រ​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​ដែល​អនុញ្ញាត​ឲ្យ​សហគ្រាស​កូរ៉េ​អាចបង្កើត​រោងចក្រ​តម្លើងរថយន្ត និង​ម៉ូតូ​ផងដែរ​។ ពេលនោះ​យើង​នឹង​បង្កើត​ការងារ​ថែមទៀត​សម្រាប់​ពលរដ្ឋ​កម្ពុជា​។ ម្យ៉ាងវិញទៀត កម្ពុជា​ស្ថិតនៅ​ចំនុចកណ្តាល​នៃ​តំបន់​អាស៊ាន នេះ​ជា​គុណសម្បត្តិ​ខ្លាំង​មែនទែន​។​

​លោក លាង ដឺ​លុច​៖ តើ​លោក​អាច​ប្រាប់​អ្នកអាន​សារព័ត៌មាន​ថ្មីៗ​យើង​បានទេ​អំពី​ទំហំ​នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​របស់​កម្ពុជា និង​កូរ៉េ​?
​លោក Kim Won-jin៖ នៅក្នុង​ឆ្នាំ​២០១៦ ទំហំ​នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរបាន​ឈានដល់ ៨០០ លាន​ដុល្លារ​។ ហើយ​ការនាំ​ចេញពី​កូរ៉េ ចូលមក​កម្ពុជា​មានតម្លៃ ៥៧០​លាន​ដុល្លារ ដែល​ច្រើនជាង​តម្លៃ​នៃ​ការនាំ​ចេញពី​កម្ពុជា​ចូលទៅ​កូរ៉េ​ដែល​មានតែ ២៣០​លាន​ដុល្លារ​។ តួលេខ​នេះ​បានបង្ហាញ​ពី​អតុល្យភាព​រវាង​ការនាំ​ចេញពី​កម្ពុជា​ចូលទៅ​កូរ៉េ និង​ការនាំ​ចេញពី​កូរ៉េ​ចូលមក​កម្ពុជា​។ ហេតុ​ដូច្នេះហើយ ខ្ញុំ​ចង់​ឲ្យ​ការនាំ​ចេញពី​កម្ពុជា​ចូលទៅ​កូរ៉េ មាន​កំណើន​ជាង​នេះ​។ យើង​ត្រូវ​គិតពី​ឧត្តមភាព​នៃ​ការប្រកួតប្រជែង ថា​តើ​កម្ពុជា​អាចមាន​ផលិតផល​អ្វីខ្លះ​ដែលមាន​ភាព​ប្រកួតប្រជែង​ខ្លាំង​?



​លោក លាង ដឺ​លុច​៖ ចុះ​តើ​ជំនួយ​របស់​សាធារណរដ្ឋ​កូរ៉េ​មក​កម្ពុជា មាន​ទំហំ​ប៉ុណ្ណា​ហើយ​មកដល់ពេលនេះ​?
​លោក Kim Won-jin៖ ជំនួយ​មាន​ពីរ​ប្រភេទ គឺ​ជំនួយឥតសំណង និង​ជំនួយ​ដែលមាន​សំណង​។ មកដល់​ត្រឹម​ឆ្នាំ​២០១៦ ជំនួយ​ទាំងពីរ​ប្រភេទ​នេះ​មាន​ទំហំ ៦០០​លាន​ដុល្លារ​។ កម្ពុជា​គឺជា​ប្រទេស​ដៃគូ​អាទិភាព​របស់​កូរ៉េ​សម្រាប់​ការ​ផ្តល់ជំនួយ (ODA)​។ មុននឹង​ផ្តល់ជំនួយ​មក​កម្ពុជា រដ្ឋាភិបាល​កូរ៉េ​ត្រូវ​មើល​ផែនការ​អភិវឌ្ឍ​ជាតិ​របស់​កម្ពុជា ដើម្បី​យើង​អាច​ដឹង​អំពី​វិស័យ​អាទិភាព​។ អ្វីដែល​កូរ៉េ​កំពុង​យកចិត្តទុកដាក់​ចំពោះ​កម្ពុជា គឺ​ការអភិវឌ្ឍ​ជនបទ បណ្តុះបណ្តាល​ធនធានមនុស្ស វិស័យ​ដឹកជញ្ជូន និង​វិស័យ​សុខាភិបាល​។​

​លោក លាង ដឺ​លុច​៖ ពលរដ្ឋ​ខ្មែរ​បានឮ​ច្រើន​អំពី​ស្ថាប័ន Koica របស់​ប្រទេស​កូរ៉េ​។ សូម​លោក​ឯកអគ្គរដ្ឋទូត​ផ្តល់​ការពន្យល់​លំអិត​បន្តិច​អំពី​អាណត្តិ​របស់ Koica នៅ​កម្ពុជា​។​
​លោក Kim Won-jin៖ Koica គឺជា​ស្ថាប័ន​មួយ​របស់​រដ្ឋាភិបាល​កូរ៉េ ហើយ​វា​ស្ថិតនៅក្នុង​ឱវាទ​នៃ​ស្ថានទូត​កូរ៉េ​។ Koica ធ្វើការ​ងារ​លើ​ការផ្តល់​ជំនួយឥតសំណង​របស់​កូរ៉េ​មក​កម្ពុជា​។ ប្រទេស​ធំៗ​មួយចំនួន​ដូចជា​សហរដ្ឋអាមេរិក​ជាដើម ដែល​កំពុង​ផ្តល់ជំនួយ​ដល់​កម្ពុជា មិន​ដែលមាន​ប្រវត្តិ​ជា​ប្រទេស​ទទួល​ជំនួយ​ពី​គេ​ទេ​។ ប៉ុន្តែ​កូរ៉េ​ធ្លាប់ជា​ប្រទេស​ក្រីក្រ ហើយ​មាន​ពិសោធន៍​ទទួល​ជំនួយ​ពី​ប្រទេស​ធំៗ​ដែរ​។ កម្ពុ​ជាមាន​ស្ថានភាព​ស្រដៀង​នឹង​កូរ៉េ​ដែរ​។ ដូច្នេះ​ខ្ញុំ​គិតថា យើង​កំពុង​ផ្តល់ជំនួយ​ដល់​កម្ពុជា យើង​ចង់​ឲ្យ​កម្ពុជា​អាច​ក្លាយជា​ប្រទេស​ដែល​ផ្តល់ជំនួយ​ចំពោះ​ប្រទេស​ក្រីក្រ​ដែរ​។

​លោក លាង ដឺ​លុច​៖
សំណួរ​ចុងក្រោយ​របស់ខ្ញុំ​សម្រាប់​លោក​ឯកអគ្គរដ្ឋទូត គឺថា តើ​សាធារណរដ្ឋ​កូរ៉េ មាន​នយោបាយ​ប្រកួតប្រជែង​យ៉ាងណា​នៅក្នុង​ទីផ្សារ​អាស៊ាន ទន្ទឹមនឹង​ប្រទេស​អភិវឌ្ឍ​ក្នុង​តំបន់​ផ្សេងទៀត​ដូចជា​ចិន និង​ជប៉ុន​?

​លោក Kim Won-jin៖ ការពិត យើង​ប្រកួតប្រជែង​ផង ហើយ​យើង​ក៏​សហការគ្នា​ដែរ​។ យើង​ដឹងថា ប្រទេស​ចិន គឺជា​ប្រទេស​ធំ​ដែល​កំពុង​បោះទុន​ច្រើន​នៅក្នុង​ទីផ្សារ​អាស៊ាន និង​នៅ​កម្ពុជា​ផងដែរ​។ ចំណែក​ប្រទេស​ជប៉ុន​វិញ ជប៉ុន​មាន​ប្រវត្តិ​យកចិត្តទុកដាក់​យូរហើយ​ចំពោះ​តំបន់​អាស៊ាន ដោយបាន​បណ្តាក់ទុន​ច្រើន​លើ​វិស័យ​ឧស្សាហកម្ម និង​ផលិតកម្ម​ក្នុង​ទីផ្សារ​នេះ​។ ហើយ​ថ្មីៗ​នេះ នៅ​ភ្នំពេញ​ក៏មាន​ភោជនីយដ្ឋាន​ជប៉ុន​ច្រើន និង​សណ្ឋាគារ​ផងដែរ​។ នៅក្នុង​ធនាគារ​អេស៊ីលីដា ដែលជា​ធនាគារ​ធំ​មួយ​របស់​កម្ពុជា គឺ​ជនជាតិ​ជប៉ុន​ដែលជា​ម្ចាស់​ភាគហ៊ុន​ធំ​។​
​ដូច​ប្រទេស​ចិន និង​ជប៉ុន​ដែរ សាធារណរដ្ឋ​កូរ៉េ​ក៏​ចាប់អារម្មណ៍​លើ​តំបន់​អាស៊ាន និង​កម្ពុជា​ដូចគ្នា​ដែរ​។ ចំនួន​បណ្តាក់ទុន​រប​ស់​កូរ៉េ នៅ​តំបន់​អាស៊ាន​មាន​ទំហំ ៤០០០​លាន​ដុល្លារ​។ កូរ៉េ​បាន​បណ្តាក់ទុន​ច្រើនជាងគេ​នៅក្នុង​ប្រទេស​ចិន បន្ទាប់មក​គឺ​នៅ​អាស៊ាន​តែម្តង​។ បានន័យថា អាស៊ាន​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២ ដែល​ស្ថិតនៅ​ខ្ពស់ជាង​នៅ​សហភាព​អឺរ៉ុប​ទៀត​។​



​លោក លាង ដឺ​លុច​៖
ចុះ​តើ​កូរ៉េ​មាន​គោលនយោបាយ​ប្រកួតប្រជែង​បែបណាខ្លះ​នៅលើ​ទីផ្សារ​អាស៊ាន នៅ​ចំពោះមុខ​ចិន និង​ជប៉ុន​?

​លោក Kim Won-jin៖ ទីមួយ​យើង​ផ្តល់​ភាពស្និទ្ធស្នាល ទី​ពីរ​យើង​ផ្តល់​ភាព​ទុកចិត្ត​គ្នា​។ យើង កូរ៉េ យើង​មិនដែល​ចង់​ដណ្តើម​ទីផ្សារ​អាស៊ាន​តែម្តង​ហ្នឹង​ទេ​។ ទីផ្សារ​ប្រកួតប្រជែង​របស់​កូរ៉េ​នៅ​អាស៊ាន គឺ​វិស័យ​ព័ត៌មានវិទ្យា (IT) និង​ផ្នែក​អេឡិចត្រូនិក​។ ផលិតផល LG និង Sumsung មានគុណ​ភាពល្អ​ជាងរ​បស់​ជប៉ុន​។ ហើយ​ក្នុងចំណោម​គ្រឿងសំអាង និង​ផលិតផល​ប្រើប្រាស់​ប្រចាំថ្ងៃ មាន​ផលិតផល​ល្អៗ​ច្រើន​។ ប្រទេស​កូរ៉េ នៅពេល​យើង​សម្រេច​វិនិយោគ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ក៏ដូចជា​នៅ​ប្រទេស​កម្ពុជា យើង​តែងតែ​តាំងចិត្ត​ថា យើង​ដើរ​ជាមួយគ្នា ហើយ​ឲ្យ​មាន​គោលដៅ​ជាមួយគ្នា និង​មាន​ពិសោធន៍​ជាមួយគ្នា​។ បានន័យថា យើង​ចង់​រកលុយ​ជាមួយគ្នា ហើយ​យើង​ទទួលបាន​ជោគជ័យ​ជាមួយគ្នា​ដោយមាន​ការផ្ទេរ​បច្ចេក​វិទ្យា ដើម្បី​ឲ្យ​មាន​ចំណែក​កំណើនសេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា​។ នេះ​ជា​គុណសម្បត្តិ​របស់​ប្រទេស​កូរ៉េ​៕



Tag:
 ស្ថានទូត​កូរ៉េ​
  Kim Won-jin
  អាស៊ាន​
  ទំនាក់ទំនងការទូតកម្ពុជាកូរ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com