កីឡាជាតិ
ជាតិ
អតីត​ខ្សែប្រយុទ្ធ​ដែល​នាំ​ឲ្យ​ខ្មែរ​ឈ្នះ​ឥណ្ឌា និង​ឈ្នះ​ក្លិប​ដា​ណឺ​ម៉ាក ទទួលមរណភាព​ហើយ​
22, Jun 2017 , 3:30 pm        
រូបភាព
ក្រុម​កីឡា​បាល់ទាត់​កម្ពុជានាជំនួបជាមួយ​ក្លិបដាណឺម៉ាកនៅពហុកីឡដ្ឋាន​ជាតិ។ ប្រភពរូបថត Sankum Reastr Documents
ក្រុម​កីឡា​បាល់ទាត់​កម្ពុជានាជំនួបជាមួយ​ក្លិបដាណឺម៉ាកនៅពហុកីឡដ្ឋាន​ជាតិ។ ប្រភពរូបថត Sankum Reastr Documents
ដោយ: រួបរួម
​លោក សៀង តារា ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​កម្ពុ​ជានា​អំឡុង​ទសវត្សរ៍​៦០ និង​៧០ បានទទួល​មរណភាព​ហើយ កាលពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៧ នៅ​រដ្ឋ Colorado សហរដ្ឋអាមេរិក​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ប៉ែន ផាត មិត្ត​រួម​ជំនាន់​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា ដោយ​លោក​ទើបតែ​ទទួលបាន​ដំណឹង​នេះ​ផងដែរ​។​



​លោក សៀង តារា ដែលមាន​វ័យ​ប្រមាណ​៧០​ឆ្នាំ [​បើតាម​ការប៉ាន់ស្មានរ​ប​ស់លោក ប៉ែន ផាត ព្រោះ​មិនមាន​ឯកសារ​ណាមួយ​បញ្ជាក់​] គឺជា​ខ្សែប្រយុទ្ធ​នៃ​ក្រុមកីឡា​បាល់​ជម្រើសជាតិ​កម្ពុជា ដែល​ពាក់​លេខ​១០ ។ លោក​បាន​សាង​ស្នាដៃ​មួយចំនួន​ផងដែរ​នៅក្នុង​ពិភព​បាល់ទាត់​កម្ពុជា កាលពីមុន​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​។​



​សារព័ត៌មាន​ថ្មីៗ រក​មិនឃើញ​ឯកសារ ឬ​ទំនាក់ទំនង​ផ្លូវការ​ណាមួយ​ឡើង​ទាក់ទង​នឹង​ប្រវត្តិ​របស់លោក សៀង តារា ប៉ុន្តែ​បើតាម​កំណត់ត្រា​ប្រកួត​មួយចំនួន ខ្សែប្រយុទ្ធ​រូបនេះ បានបង្ហាញ​វត្តមាន​ផងដែរ​ក្នុង​ការប្រកួត​ដណ្តើមពាន​រង្វាន់ Merdeka Tournament កាលពី​ឆ្នាំ​១៩៦៤ ដោយ​ស្មើ​ក្រុម​សាធារណរដ្ឋ​កូរ៉េ (XI) ក្នុង​លទ្ធផល ២-២ ចាញ់​ឥណ្ឌា ៤-០ និង​ចាញ់​ថៃ ១-០ ។​


លោក ប៉ែន ផាត (ឈរទី១រាប់ពីស្តាំ) និង​លោក សៀង តារា (ឈរទី២រាប់ពីស្តាំ)  នាអំឡុងជំនួបមិត្តភាពជាមួយ​ក្លិបដាណឺម៉ាកនៅពហុកីឡដ្ឋានជាតិ

​នា​ការប្រកួត​ប្រកួត​វគ្គ​ជម្រុះ AFC Asian Cup 1968 នៅ​ទីក្រុង​រ៉ង់​ហ្គូ​ន ប្រទេស​ភូមា លោក សៀង តារា បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​ក្នុង​ជ័យជម្នះ ៣-១ របស់​កម្ពុជា លើ​ក្រុម​ជម្រើសជាតិ​ឥណ្ឌា​។ កាលណោះ​កម្ពុជា​ស្ថិតនៅក្នុង Zone 2 ជាមួយ​ម្ចាស់ផ្ទះ​ភូមា ប៉ា​គី​ស្ថាន និង​ឥណ្ឌា​។ ម្ចាស់ផ្ទះ បាន​កៅអី​ឡើងទៅ​វគ្គ​បន្ត ខណៈ​កម្ពុជា​បាន​លេខ​២ ក្រោយ​ស្មើ​ចាញ់​ភូមា ១-០ ឈ្នះ​ប៉ា​គី​ស្ថាន ១-០ ឈ្នះ​ឥណ្ឌា ៣-១ តែ​ចាញ់​ម្ចាស់ផ្ទះ​ភូមា ១-០ ។​



 ក្នុង​ព្រឹត្តិការណ៍ King Cup ឆ្នាំ​១៩៧០​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ លោក​បានបង្ហាញ​វត្តមាន​ផងដែរ ដោយ​កម្ពុជា​ប៉ះ​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​វៀតណាម​ខាងត្បូង​។ លោក​បាន​ស៊ុត​បាល់​បញ្ចូល​ទី​១​គ្រាប់​ក្នុង​បរាជ័យ ៤-២ នា​ជំនួប​ជាមួយ​ឥណ្ឌូណេស៊ី​។​





​យោងតាម​ឯកសារ​សង្គមរាស្ត្រនិយម កម្ពុជា ដែល​តំណាង​ដោយ​ក្រុម​ជម្រើស​រាជធានី​ភ្នំពេញ បាន​ជួប​ក្លិប​អាជីព​ដា​ណឺ​ម៉ាក Odense Boldklub ក្នុងជំនួប​មិត្តភាព​មួយ​។ មុន​មកដល់​កម្ពុជា ក្រុម​ដែលមាន​កីឡាករ​៤​នាក់​ជា​សមាជិក​ក្រុម​ជម្រើសជាតិ​ដា​ណឺ​ម៉ាក បាន​យកឈ្នះ​ក្រុម​ថៃ ៣-១ នៅ​ទីក្រុង​បាងកក ប៉ុន្តែ​ពួកគេ​បាន​ចាញ់​ក្រុម​ជម្រើសជាតិ​ភ្នំពេញ ៣-០ ។ នាពេលនោះ កីឡាករ​ប៉ែន ផាត បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចេញពី​ស្លាប​ខាងស្តាំ ទម្លាយ​សំណាញ់​របស់​អ្នកចាំទី Modens Therkidsen និង​ជា​ប្រធាន​ក្រុម Odense Boldklub​។ បន្ទាប់មក​ក្រុម​ភ្នំពេញ​រកបាន​២​គ្រាប់​ទៀត​ដែល​សម្រេចបាន​ដោយ​កីឡាករ សៀង តារា ដោយ​គ្រាប់​ចុងក្រោយ ត្រូវគេ​ពណ៌នា​ថា ជា​គ្រាប់​បាល់​ដ៏​អស្ចារ្យ ដោយ​ខ្សែការពារ Jens Hoj Nielsen មិនអាច​តាម​រារាំង​បាន​នោះឡើយ​៕


Tag:
 បាល់ទាត់​
  ជម្រើសជាតិ​
  ប៉ែន ផាត​
  សៀង តារា
© រក្សាសិទ្ធិដោយ thmeythmey.com