ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
បទយកការណ៍ / បទសម្ភាសន៍
លោកគ្រូ ឃីម សុខហេង៖ ប្រាប់គន្លឹះសម្រេចចិត្តធ្វើការងាររដ្ឋ ឬឯកជន
25, Jun 2017 ,
9:39 am
រូបភាព
×
ដោយ:
និស្សិតមួយចំនួនដែលកំពុងរៀននៅមហាវិទ្យាល័យ កំពុងប្រឈមនឹងការសម្រេចចិត្តជ្រើសរើសការងារ។ ពួកគេ មិនដឹងថា តើគួរធ្វើការងារក្នុងស្ថាប័នរដ្ឋ ឬក៏ត្រូវធ្វើការងារក្នុងវិស័យឯកជន? បញ្ហានេះ ត្រូវបាន
លោកគ្រូ
ឃីម សុខហេង អ្នកជំនាញផ្នែកអភិវឌ្ឍមនុស្សមើលឃើញថា មកពីនិស្សិតមិនបានធ្វើការកំណត់គោលដៅខ្លួនឯងច្បាស់ និងខ្សោយចំណេះដឹងទូទៅ។ ដើម្បីសម្រេចចិត្តឲ្យត្រឹមត្រូវ និស្សិតត្រូវបង្កើនចំណេះដឹងទូទៅ អំពីការងាររដ្ឋ និងឯកជនជាមុនសិន បន្ទាប់មកត្រូវស្វែងយល់ពីការងារទាំងពីរនេះ រួចជ្រើសរើសតែម្តង។ ចុងក្រោយត្រូវប្រឹងប្រែងធ្វើការងារ ដែលបានជ្រើសរើសនោះ។
ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញអានបទសម្ភាសរវាងលោក ទីន សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និង
លោកគ្រូ
ឃីម សុខហេង ស្ថាបនិកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យដូចតទៅ៖
លោក ទីន សុខលីម៖
តើអ្វីជាភាពខុសគ្នារវាងការងាររដ្ឋ និងការងារឯកជន?
លោកគ្រូ ឃីម សុខហេង៖
បើយើងនិយាយអំពីការងារវាមិនមានអ្វីខុសគ្នាទេ មុខតំណែងនីមួយៗវាសុទ្ធតែមានតួនាទី និងភារកិច្ចត្រូវធ្វើ បច្ចេកទេស បុគ្គលិកលក្ខណៈ ដែលត្រូវសមស្រប ទៅនឹងមុខតំណែង នីមួយៗ។ ទោះបីជាការងាររដ្ឋ ឬការងារឯកជន បុគ្គលដែលត្រូវទៅបំពេញការងារនោះ ត្រូវមានលក្ខណៈសម្បត្តិនេះដូចគ្នា។ ខុសគ្នាត្រង់រចនាសម្ព័ន្ធ។ បើយើងមើលអំពី បែបបទ រចនាសម្ព័ន្ធ របៀបគ្រប់គ្រងបែបរដ្ឋ ខុសពីឯកជន។ ឧទាហរណ៍ ការផ្លាស់ប្តូរមុខតំណែងនីមួយៗ វាទៅតាមគោលនយោបាយ ឋានានុក្រម និងខ្សែបណ្តោយ ប៉ុន្តែរចនាសម្ព័ន្ធវិស័យឯកជន មានក្រុមប្រឹក្សាភិបាល អគ្គនាយក នាយកប្រតិបត្តិ ហើយមានគោលនយោបាយអភិបាលកិច្ចផ្សេងគ្នា។
លោក ទីន សុខលីម៖
តើនិស្សិតរៀនចប់គួរធ្វើការងាររដ្ឋ ឬវិស័យឯកជន?
លោកគ្រូ
ឃីម សុខហេង៖
ជាចំណាប់អារម្មរណ៍របស់ខ្ញុំនិស្សិតរៀនចប់គួរទៅធ្វើការងាររដ្ឋ ឬឯកជនប្រៀបដូចជាសំណួរដែលសួរថានិស្សិតរៀនចប់គួរតែទៅបួស ឬទៅយកប្រពន្ធ។ បើទៅបួសក៏ល្អ ទៅយកប្រពន្ធក៏ល្អ។ បើយើងទៅសួរព្រះសង្ឃថា តើប្រយោជន៍នៃការបួសមានប្រយោជន៍អ្វីខ្លះ? គឺចម្លើយ យើងសរសេរ១០០ ទំព័រមិនទាន់ចប់ផង អំពីសារសំខាន់នៃការបួស។ ប្រសិនបើយើងទៅសួរគ្រួសាររីករាយ ដែលមានសុភមង្គលជីវិតប្តីប្រពន្ធ យើងសរសេរ១០០ទំព័រ ក៏មិនទាន់អស់ពីសារប្រយោជន៍នៃការមានប្តីប្រពន្ធដែរ។ អ្វីដែលខ្ញុំចង់ពញ្ញាក់ទៅវិញ តើអ្វីទៅជាគោលដៅរបស់យើងបុគ្គលនោះ? តើគាត់បានកំណត់គោលដៅ និងចក្ខុវិស័យទៅថ្ងៃអនាគតជាអ្វី? ខ្ញុំយល់ឃើញបែបនេះ ព្រោះថាការងាររដ្ឋក៏ល្អ ការងារឯកក៏ល្អ ប៉ុន្តែសំខាន់បុគ្គលនោះគោលដៅសំខាន់ចង់ធ្វើអ្វី?
លោក ទីន សុខលីម៖
តើអ្វីជាមូលដ្ឋានមុននឹងសម្រចចិត្តធ្វើការងាររដ្ឋ ឬឯកជនឲ្យបានត្រឹមត្រូវ?
លោកគ្រូ
ឃីម សុខហេង៖
មុននឹងបង្ហាញពីគន្លឹះ ខ្ញុំចង់ឲ្យយល់ពីសភាពការណ៍ជាមុនសិន។ មនុស្សយើងកាលណាមិនយល់ ទៅវិនិច្ឆ័យម្តេចនឹងកើត។ ។ អីចឹង និស្សិតរបស់យើងរារែក មិនដឹងឯកជន មិនដឹងរដ្ឋហ្នឹង ដោយសារគាត់មិនទាន់យល់ច្បាស់ថា ការងាររដ្ឋយ៉ាងម៉េច? ការងារឯកជន យ៉ាងម៉េច? គន្លឹះត្រូវបង្កើតចំណេះដឹងអំពីការងាររដ្ឋ និងការងារឯកជននេះជាគន្លឹះទី១។ ពាក្យបច្ចេកទេសនៅក្នុងភាពជាអ្នកដឹកនាំ គន្លឹះទី១ត្រូវបំផុសគំនិត ស្វែងយល់ឲ្យច្រើនសិន តើការងារដ្ឋយ៉ាងម៉េច? ការងារឯកជន យ៉ាងម៉េច? ខ្ញុំមើលឃើញថានិស្សិតយើង មានរឿងពូកែច្រើនណាស់ ស៊ូក៏ស៊ូដែរ។ អ្វីដែលខ្ញុំមើលឃើញចំណុចខ្វះខាត គឺនិស្សិតយើងខ្សោយចំណេះដឹងទូទៅ។ បើគាត់មានចំណេះដឹងទូទៅទូលាយអំពីការងាររដ្ឋ និងការងារឯកជន ខ្ញុំគិតថាពួកគាត់មិនពិបាកសម្រេចចិត្តទេ។ ចំណុចទី២ ប្រៀបធៀបចំណុលល្អ និងចំណុចអាក្រក់ នៃការងារទាំងពីរនេះ។ បើធ្វើការងាររដ្ឋ វាមានចំណុចល្អអ្វីខ្លះ? សេដ្ឋកិច្ច និងរបៀបរស់នៅបែបណា? បើយើងធ្វើការងារឯកជនវិញ មានចំណុចល្អអ្វីខ្លះ? លុយ និងកិត្តិយសបែបណា? ហើយត្រូវមើលពីផលលំបាកផង។ ទី៣ ជ្រើសរើសហើយត្រូវផ្តោតការងារនោះ កុំរេ។ បើទៅធ្វើការងាររដ្ឋ ត្រូវសំឡឹងមើលគំរូ មន្ត្រីដែលមានកិត្តិយសល្អ និងមហាជនទទួលស្គាល់។ បើយើងទៅធ្វើឯកជន ត្រូវរៀនសូត្រ ពីពាណិជ្ជករណាជោគជ័យ ដែលមានកិត្តិយស មានស្នាដៃ មានសេចក្តីថ្លៃថ្នូរ។
លោក ទីន សុខលីម៖
តើគួរដោះស្រាយយ៉ាងណា បើឪពុកម្តាយបង្ខំមិនឲ្យធ្វើការងារដែលខ្លួនពេញចិត្ត?
លោកគ្រូ
ឃីម សុខហេង៖
រឿងនេះវាមិនពិបាកអ្វីពេកទេ។ ពេលខ្លះឪពុកម្តាយ គាត់មានគំនិតរបស់គាត់ ហើយគំនិតនោះ អាចខុស អាចត្រូវ។ ចំណែកកូនអាចមានទិន្នន័យផ្សេងខុសពីឪពុកម្តាយ។ ក្នុងទិដ្ឋភាពបែបនេះ យើងកុំទោមនស្ស ព្រោះវាមិនមែនកើតឡើងចំពោះតែយើងម្នាក់នោះទេ។ សំខាន់បើយើងចង់ធ្វើការងាររដ្ឋ យើងត្រូវឈរនៅលើហេតុផលរបស់យើង។ តើយើងចង់ឃើញខ្លួនយើងទៅណា? ផែនការជីវិតដូចម្តេច? យកទិន្នន័យទាំងអស់នេះ ទៅជម្រាបឪពុកម្តាយរបស់យើង។ បើមានមន្ត្រីក្នុងរាជការជាគំរូ គួរភ្ជាប់ទំនាក់ទំនងជាមួយគាត់ សុំការណែនាំពីគាត់ ឬពេលខ្លះអញ្ចើញឪពុកម្តាយ និងគាត់ញាំបាយជាមួយគ្នា ហើយឲ្យគាត់និយាយជំនួសយើងទៅ ព្រោះពេលខ្លះយើងជាកូនទឹកមាត់វាមិនសូវប្រៃ ឬទិន្នន័យដែលយើងបញ្ចូនទៅគាត់ វាមិនទាន់គ្រប់គ្រាន់ ដែលអាចបញ្ចុះបញ្ចូលឪពុកម្តាយបាន។
រឿងមួយទៀត ខ្ញុំចង់និយាយទៅឪពុកម្តាយដែរ ពេលខ្លះគាត់ជាអ្នកបង្កើតកូន ផ្តល់កំណើតឲ្យកូន ចិញ្ចឹមកូន និងផ្តល់ការអប់រំឲ្យកូន ប៉ុន្តែឪពុកម្តាយក៏គួរបើកចិត្តដែរថា ទេពកោសល្យរបស់កូន មិនដូចពួកគាត់ទេ ហើយកាលៈទេសៈពីមួយពេលទៅមួយពេលក៏ប្រែប្រួលរដែរ។ ការបង្ខំពីឪពុកម្តាយ ធ្វើឲ្យកូនគ្មានឆន្ទៈ ហើយបើគេធ្វើតាមចិត្តឪពុកម្តាយមិនជោគជ័យ រូបគេនឹងបន្ទោសឪពុកម្តាយ។ ផ្ទុយទៅវិញប្រសិនបើកូនធ្វើការសម្រេចចិត្តដោយខ្លួនឯងនោះ រូបនេះនឹងទទួលខុស និងខិតខំប្រឹងប្រែងដោយខ្លួនឯង។
លោក ទីន សុខលីម៖
តើនិស្សិតគួរមានលក្ខណៈសម្បត្តិបែបណា ដើម្បីត្រៀមខ្លួនធ្វើការងារដ្ឋ និងឯកជន?
លោកគ្រូ
ឃីម សុខហេង៖
ទី១. ត្រូវកំណត់គោលដៅខ្លួនឯង យើងត្រូវកំណត់គោលដៅខ្លួនពីដើមទី តើគោលដៅរបស់យើងទៅរដ្ឋ ឬទៅឯកជន?។ ទី២. បានយើងរៀបចំយុទ្ធសាស្ត្ររបស់យើង។ មានន័យថា យើងរៀនបរិញ្ញាបត្រនៅមហាវិទ្យាល័យ ត្រូវផ្តោតទៅលើមុខវិទ្យាដែលយើងរៀនឲ្យល្អ ឲ្យពូកែ។ បើយើងទៅធ្វើការងាររដ្ឋ ម៉ោងទំនេររបស់យើងត្រូវរៀន ធ្វើការងារស្ម័គ្រចិត្តនៅក្នុងសង្គម ដើម្បីកសាងអត្តសញ្ញាណ និងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួន ដូចយើងចូលការងារស្ម័គ្រចិត្តនៅឃុំ-សង្កាត់ ខណ្ឌ ក្រុង ខេត្ត ឬចូលរួមចលនាយុវជន។ ទាំងអស់នេះ វាសុទ្ធតែយើងអាចត្រៀមខ្លួន ហើយយើងត្រូវតាមដានសកម្មភាពប្រឡងជ្រើសរើសក្របខណ្ឌរបស់ក្រសួងដែលចង់ធ្វើ។ ឧទាហរណ៍ បើយើងចង់ធ្វើការនៅក្រសួងអប់រំ យើងត្រូវសេពគប់ អ្នកធ្វើការនៅទីនោះ។ បើយើងចង់ក្លាយជាមន្ត្រីរាជការផ្នែកអប់រំ យើងត្រូវមើលថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងអប់រំ តើពួកគាត់មានចំណុចពិសេសអ្វីខ្លះ? ដែលយើងអាចរៀនសូត្រពីគាត់បាន។ ការត្រៀមខ្លួន មានន័យថាមហាវិទ្យាល័យយើងរៀនជំនាញ និងយើងត្រូវទៅសេពគប់មនុស្សធ្វើការនៅតាមស្ថាប័នដែលយើងចង់ទៅធ្វើ និងរៀនធ្វើខ្លួនឯង ឲ្យក្លាយជាមនុស្សដែលមានភាពទាក់ទាញ។ ចំណុចនេះវាសំខាន់ណាស់ ដែលខ្ញុំឃើញនិស្សិតរបស់យើងមានចំណុចខ្វះខាតកន្លែងនេះ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម