ជាតិ
ឯកឧត្តម កឹម សុខា​៖ រាស្ត្រ​ជា​អ្នកកំណត់​ផ្លូវ​ឲ្យ​សង្គ្រោះ​ជាតិ​ដើរ​!
26, Jun 2017 , 7:39 pm        
រូបភាព
ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កំពុងថ្លែងសារនយោបាយ ទៅកាន់អ្នកគាំទ្រក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២0១៧។​ រូបភាពពីហ្វេសបុក Kem Sokha
ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កំពុងថ្លែងសារនយោបាយ ទៅកាន់អ្នកគាំទ្រក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២0១៧។​ រូបភាពពីហ្វេសបុក Kem Sokha
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ បានទទួល​ការគាំទ្រ​យ៉ាងខ្លាំង សម្រាប់​ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ នា​អាណត្តិ​ទី​៤​នេះ​។ ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានលើកឡើង​ដូច្នេះ នៅ​ចំពោះមុខ​អ្នកគាំទ្រ​ជាច្រើន​រយ​នាក់ ក្នុងស្រុក​មេមត់ ខេត្ត​ត្បួ​ង​ឃ្មុំ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៧​។​



​ឯកឧត្តម កឹម សុខា និយាយថា ការទទួលបាន​សំឡេងឆ្នោត​យ៉ាងច្រើន​បែបនេះ គឺ​ដោយសារតែ​គណបក្ស​សង្គ្រោះ​ជាតិ មិនដែល​សម្រេចចិត្ត​ធ្វើ​អ្វីៗ ឲ្យ​ផ្ទុយ​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ នោះទេ​។ ជាងនេះទៀត ការរួបរួម​គ្នា​រវាង​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស សម រង្ស៊ី ឲ្យ​ទៅជា​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​មិន​បែកបាក់​គ្នា ក៏​ត្រូវបាន​ឯកឧត្តម កឹម សុខា អះអាងថា ធ្វើតាម​ការចង់បានរ​បស់​ប្រជាពលរដ្ឋ ដែរ​។

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ប្រជាពលរដ្ឋ ដឹង​ច្បាស់​ថា​ពួកគាត់ ជា​អ្នកកំណត់​ផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដើរ​។ ហើយ​យើង ដើរ​តាមផ្លូវ ដែល​ប្រជាពលរដ្ឋ​ចង្អុល​។ នេះហើយ ដែល​គណបក្ស​សង្គ្រោះ​ជាតិ បានទទួល​ការគាំទ្រ​ច្រើន​។ […] យើង​ជា​អ្នកនយោបាយ យើង​ត្រូវ​ស្តាប់​ប្រជាពលរដ្ឋ ធ្វើតាម​ប្រជាពលរដ្ឋ ដែល​ចង្អុល​ប្រាប់​យើង​។ មិនមែន​ធ្វើតាម​ចិត្ត​យើង​ទេ​»​។​

​ឯកឧត្តម កឹម សុខា ថែមទាំង​នៅតែ​ជឿជាក់ថា ព្រោះតែ​មិន​ក្បត់​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទទួលបាន​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ថ្នាក់ជាតិ នៅ​ឆ្នាំ​២០១៨ ខាងមុខ​។ 

​យោងតាម​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ នា​អាណត្តិ​ទី​៤​នេះ គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​បាន​សំឡេងគាំទ្រ ប្រហាក់ប្រហែល​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​។ នៅក្នុង​នោះ គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​សំឡេងឆ្នោត​ចំនួន ៣.០៥៦.៨២៤ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​ចំនួន ៣.៥៤០.០៥៦​។ បើ​គិត​ជា​អាសនៈ គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន ៥០០៧ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន ៦៥០៣៕


Tag:
 កឹម សុខា​
© រក្សាសិទ្ធិដោយ thmeythmey.com