អន្តរជាតិ
នាយករដ្ឋមន្ត្រី​ឥណ្ឌា​ជួប​នាយក​ក្រុមហ៊ុន​អាមេរិក​ធំៗ មុន​ជួប​ប្រធានាធិបតី ត្រាំ
26, Jun 2017 , 7:59 pm        
រូបភាព
នាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី និងនាយកប្រតិបត្តិក្រុមហ៊ុនធំៗរបស់អាមេរិក (រូបភាព The Economics Times)
នាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី និងនាយកប្រតិបត្តិក្រុមហ៊ុនធំៗរបស់អាមេរិក (រូបភាព The Economics Times)
​នាយករដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី (Narendra Modi) បាន​ទៅដល់​ទឹកដី​អាមេរិក​នៅ​ថ្ងៃទី​២៥ ខែមិថុនា ដើម្បី​ត្រៀម​ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​។ មុន​ជំនួប​ជាមួយ​លោក ត្រាំ នាយករដ្ឋមន្ត្រី​ឥណ្ឌា​ក៏​ឆ្លៀត​ជួប​សំណេះសំណាល​ជាមួយ​ប្រជាជន​ឥណ្ឌា​កំពុង​រស់នៅ​អាមេរិក និង​ជួប​ជាមួយ​បណ្ដា​នាយក​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក​ទៀតផង​។ លោក ម៉ូ​ឌី បានស្នើ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​បោះទុន​រកស៊ី​នៅ​ឥណ្ឌា​ឲ្យ​បាន​ច្រើន​។

 


​នាយករដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី បាន​ជួប​ជាមួយ​នាយក​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក​ដើម្បី​គៀងគរ និង​ផ្ដល់ឱកាស​វិនិយោគ​នៅ​ឥណ្ឌា​។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​៥​របស់លោក ម៉ូ​ឌី ទៅកាន់​ទឹកដី​អាមេរិក និង​ជា​ជំនួប​ទល់មុខ​លើកទីមួយ​រវាង​លោក និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ខណៈ​អាមេរិក និង​ឥណ្ឌា​នៅ​ខ្វែងគំនិត​គ្នា​លើ​បញ្ហា​ជាច្រើន​ដូចជា​កិច្ចព្រមព្រៀង​អាកាសធាតុ និង​ការផ្ដល់​ទិដ្ឋាការ​ឲ្យ​ជនជាតិ​ឥណ្ឌា​កំពុងធ្វើការ​នៅ Silicon Valley ជាដើម​។​

​បើតាម​សារព័ត៌មាន The Economics Times នាយក​ក្រុមហ៊ុន​អាមេរិក​ធំៗ​ដែល​ទើប​ជួប ជាមួយ លោក ត្រាំ បានបង្ហាញ​វត្តមាន​ក្នុងជំនួប​នេះ​ដូចជា លោក Tim Cook នាយក​ប្រតិបត្តិ Apple លោក Sunder Pichai នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Google លោក John Chambers មកពី Cisco និង​លោក Jeff Bezos របស់ Amazon ជាដើម​។ លោក ម៉ូ​ឌី បាន​ប្រាប់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ធំៗ​ទាំងនេះ​ពី​ឱកាស​រកស៊ី​នៅ​ឥណ្ឌា​ដែលជា​ប្រទេស​បើកចំហ​សេដ្ឋកិច្ច​។​

​ក្នុងជំនួប​ជាមួយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ចំនួន​២០ នាយករដ្ឋមន្ត្រី​ឥណ្ឌា​ក៏បាន​លើកឡើង​ពី​ការប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​ឥណ្ឌា​ក្នុងការ​កែទម្រង់​អភិបាលកិច្ច និង​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​។ លោក​បន្តថា ពិភពលោក​កំពុង​យកចិត្តទុកដាក់​លើ​សេដ្ឋកិច្ច​ឥណ្ឌា ជាពិសេស​វិស័យ​ពាណិជ្ជកម្ម ផលិតកម្ម និង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​។ នេះ​ក៏​ព្រោះតែ​ឥណ្ឌា​មាន​កំណើនប្រជាជន និង​ការកើនឡើង​ប្រជាជនមាន​ជីវភាព​មធ្យម​។​

​បើតាម​មន្ត្រី​ឥណ្ឌា​ដែលមាន​វត្តមាន​ក្នុងជំនួប​៩០​នាទី​នៅឯ​សណ្ឋាគារ Willard នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាមេរិក​បានបង្ហាញ​ឆ​ន្ទះ​ក្នុងការ​ធ្វើជា​ដៃគូរ​របស់​ឥណ្ឌា​ក្នុងការ​អភិវឌ្ឍ​ជំនាញ និង​គំនិត​ផ្ដួចផ្ដើម​អប់រំ​នៅ​ឥណ្ឌា​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ឥណ្ឌា ក៏​និយាយ​ដែរ​ថា នាយក​ក្រុមហ៊ុន​ទាំងនោះ​ក៏បាន​សរសើរ​ការកែទម្រង់​របស់​ឥណ្ឌា ដែល​បាន​សម្រួល​ដល់​ការធ្វើ​ជំនួញ និង​ពួកគេ​រីករាយ​រកស៊ី​នៅ​ឥណ្ឌា​ផងដែរ​។​

​ជំនួប​រវាង​លោក ម៉ូ​ឌី និង​លោក ត្រាំ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៦ ខែមិថុនា នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​ជជែក​លើ​កិច្ចសហប្រតិបត្តិការ​ប​ច្ចុ​ប្បន្ន​រវាង​មហាអំណាច​ប្រជាធិបតេយ្យ​ទាំងពីរ​ដូចជា​ការប្រឆាំង​ភេរវកម្ម និង​វិស័យ​ការពារជាតិ​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ជំនួប​លើកដំបូង​នេះ ក៏​នឹង​ផ្ដោតលើ​ការសម្រេច​ឲ្យ​បាន​ទស្សនវិស័យ «Make in India» របស់លោក ម៉ូ​ឌី និង «Make in America» របស់លោក ត្រាំ ដែល​សុទ្ធសឹង​ឲ្យ​តម្លៃ​លើ​ជាតិ​របស់ខ្លួន​ជាធំ​នោះ​៕   


Tag:
 ឥណ្ឌា​
  អាមេរិក​
  Narendra Modi
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com