រថយន្ត
អន្តរជាតិ
កុមារ​អាយុ​១០​ឆ្នាំ​ម្នាក់​ច្នៃ​ឧបករណ៍​ដែល​អាចជួយ​កុមារ​ផុតពី​ការស្លាប់​ក្នុង​រថយន្ត​
26, Jun 2017 , 8:39 pm        
រូបភាព
ដោយ: ធីតា
​សិស្សសាលា​អាយុ​១០​ឆ្នាំ​ម្នាក់ នៅ​រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក  ច្នៃប្រឌិត​ឧបករណ៍​មួយ​ដែល​អាចជួយ​សង្គ្រោះ​ជីវិត​កុមារ​ឲ្យ​រួច​ផុតពី​ការស្លាប់ ក្នុងករណី​ដែល​ពេល​ពួកគេ​ត្រូវ​ឪពុកម្តាយ​ភ្លេច និង​ទុកចោល​ក្នុង​រថយន្ត ដែលមាន​កម្តៅ​ខ្លាំង​។​



​នា​រយៈពេល​ជាង​២​ទសវត្សរ៍​ចុងក្រោយ​នេះ កុមារ​នៅ​សហរដ្ឋអាមេរិក​យ៉ាងហោចណាស់​៧០០​នាក់ បាន​ស្លាប់​ដោយសារតែ​ឪពុកម្តាយ​ទុកចោល​នៅក្នុង​រថយន្ត ព្រោះ​ពួកគេ​មិនអាច​ទ្រាំទ្រ​នឹង​ការ​ក្តៅ​ខ្លាំង រួមទាំង​ការ​ថប់ដង្ហើម​។



​សិស្សសាលា​ម្នាក់​ឈ្មោះ Bishop Curry ដែល​រស់នៅ​ភាគ​ខាងជើង​ក្រុង Dallas រដ្ឋ​តិច​សាស់ បាន​អះអាង​ប្រាប់ Fox News ថា គេ​បានធ្វើ​ការច្នៃ​ឧបករណ៍​មួយ ដែលមាន​ទម្រង់​ជា​ប្រអប់​តូច​។ ប្រអប់​នោះ មាន​បំពង់​ដែល​បង្កើត​ឲ្យ​មាន​ខ្យល់​ត្រជាក់​នៅពេល​បរិយាកាស​ឡើង​ក្តៅ​ក្នុង​រថយន្ត ហើយ​ក្នុងនោះ មាន​អង់​តែ​ន មួយ​ដែល​អាច​ប្រកាសអាសន្ន​ដល់​ឪពុកម្តាយ ឬ​ក្រុម​សង្គ្រោះ ដើម្បី​ជួយសង្គ្រោះ​កុមារ​ទាន់ពេលវេលា ក្នុងករណី​ដែល​ពួកគេ​ត្រូវ​អាណាព្យាបាល​ភ្លេច​យក​ចេញពី​រថយន្ត​។​



​បច្ចុប្បន្ន ឧបករណ៍​ច្នៃប្រឌិត​របស់ Bishop Curry ដែល​គេ​ដាក់ឈ្មោះថា «Oasis» មិនទាន់​លេចចេញ​ជា​រូបរាង​ឡើយ ដោយ​វា​ស្ថិតក្នុង​គម្រោង​រចនា 3D នៅឡើយ​។ Bishop និង​គ្រួសារ រំពឹងថា វា​នឹង​លេចចេញ​ជា​រូបរាង​ឡើង​នៅក្នុង​ឆ្នាំ​២០១៧ នេះ​តែម្តង​។​

«​យើង​រស់នៅក្នុង​រដ្ឋ​តិច​សាស់ ហើយ​ករណី​ស្លាប់​ក្នុង​រថយន្ត​ដែលមាន​កម្តៅ​ខ្លាំង មាន​តួលេខ​ច្រើន​ដ៏​គួរ​ឲ្យ​កត់សម្គាល់​»​។ នេះ​ជាការ​លើកឡើង​របស់​ឪពុកម្តាយ Bishop Curry ដែល​បានធ្វើការ​រៃអង្គាស​មូលនិធិ​តាម GoFundMe ដើម្បី​ជួយ​ដល់​គម្រោង​ច្នៃប្រឌិត​កូន​របស់ខ្លួន ហើយក៏​ទទួលបាន​ជំនួយ​ហិរញ្ញវត្ថុ​ជាច្រើន​ផងដែរ​ពី​សប្បុរសជន​។​



​ឪពុក​របស់ Bishop Curry បាន​អះអាងថា កូន​របស់ខ្លួន​តែងតែ​មានគំនិត​ច្នៃប្រឌិត​ប្លែកៗ​ជាច្រើន​។ ការច្នៃ​ឧបករណ៍​ជួយសង្គ្រោះ​កុមារ​នៅក្នុង​រថយន្ត កើតឡើង​បន្ទាប់ពី​គ្រួសារ​ជិតខាង​ម្នាក់ បាន​បាត់បង់​កូន​អាយុ​៦​ខែ ដោយសារតែ​ភ្លេច​ក្នុង​រថយន្ត​៕


© រក្សាសិទ្ធិដោយ thmeythmey.com