កីឡាជាតិ
ជាតិ
កីឡាករ ធឿន ធារ៉ា ផ្តួល​ថៃ​ឲ្យ​សន្លប់​រហូត​សែង​ចេញពី​សង្វៀន Max Muay Thai
26, Jun 2017 , 5:17 pm        
រូបភាព
ដោយ:
​អ្នកលេង​គុន​ខ្មែរ ធឿន ធារ៉ា បាន​ផ្តួល​កីឡាករ​ថៃ Iklang Muaythaisamchaigym ឲ្យ​សន្លប់​រហូត​សែង​ចេញពី​សង្វៀន​នា​ការប្រកួត​មិត្តភាព​អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍ Max Muay Thai Ulimate 2017 កាលពី​យប់​ថ្ងៃទី​២៥ ខែមិថុនា ម្សិលមិញ​។​



​អ្នកលេង​គុន​ខ្មែរ​មកពី​ក្លិប​ក្រសួងកសិកម្ម ធឿន ធារ៉ា បាន​ប្រើ​កែង​ឆ្វេង​ផ្តួល​កីឡាករ​ថៃ Iklang Muaythaisamchaigym ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​២​រហូត​ប្រើ​គ្រែស្នែង​សែង​ចេញពី​សង្វៀន​ប្រកួត​។ ការ​ផ្តួល​ថៃ​រហូត​ក្រោក​លេង​រួច​នេះ ធ្វើឡើង​នា​ការប្រកួត​មិត្តភាព​អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍ Max Muay Thai Ulimate 2017 នៅលើ​ទឹកដី​នៃ​ប្រទេស​ថៃ​។

​នេះ​មិនមែនជា​លើក​ទី​១​នោះទេ​សម្រាប់ ធារ៉ា ដែល​ផ្តួល​កីឡាករ​ថៃ​ឲ្យ​សន្លប់​ដោយ​ប្រើ​កែង​ដ៏​មុត​ស្រួច​របស់គេ​។ ជាក់ស្តែង​កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ កន្លងទៅ ធារ៉ា បាន​ផ្តួល​កីឡាករ​ថៃ Petchtongchai Sor.seubsak ដោយ​ប្រើ​កែង​ឲ្យ​សន្លប់​ត្រឹម​ទីក​ទី​២​ផងដែរ នា​ព្រឹត្តិការណ៍ Max Muay Thai នេះ​។



​នា​ការប្រកួត​ដ៏​ស្វិតស្វាញ​ដោយ​ប្រើ​រយៈពេល​មួយ​ទឹក​កន្លះ កីឡាករ ធឿន ធារ៉ា បាន​ប្រើ​ជើង​ស្តាំ​ធាក់​កីឡាករ​ថៃ​ឲ្យ​ដួល​អុកគូទ​ជាការ​ស្វាគមន៍​នៅ​ដើម​ទឹក​ទី​១​។ មួយ​ជើង​របស់ ធារ៉ា បានធ្វើ​ឲ្យ​ថៃ ក្តៅស្លឹកត្រចៀក​សម្រុកចូល​ទាត់​ជើង​ក្រោម​ធ្វើ​ឲ្យ ធារ៉ា ដួល​ភ្លាមៗ​ដើម្បី​ជាការ​សងសឹក​។ នៅ​ពាក់កណ្តាល​ទឹក​ទី​១ ថៃ បាន​បន្ត​ដើរចូល​ដើម្បី​ដាក់​សម្ពាធ​លើ ធារ៉ា តែ​ផ្ទុយទៅវិញ​បែរជា​ត្រូវ​មួយ​កែង​ស្តាំ​របស់ ធារ៉ា ពេញទំហឹង​រហូត​ធ្វើ​ឲ្យ​រូបគេ​បាត់បង់​ការគ្រប់គ្រង​។ ឆ្នៀ​ត​ឱកាស​នោះ ធារ៉ា បាន​សម្រុកចូល​ប្រើ​កែង​ឆ្វេង​-​ស្តាំ​ទៅលើ​ផ្ទៃមុខ​រហូត​ឲ្យ​អាជ្ញាកណ្តាល​រាប់​កីឡាករ​ថៃ នៅ​ចុង​ទឹក​ទី​១​។

​នៅ​ទឹក​ទី​២ ធារ៉ា បាន​បន្ត​ចូល​ប្រើ​កែង និង​បោះ​ជង្គង់​ឆ្វេង​ស្តាំ​យ៉ាងច្រើន ឯ​កីឡាករ​ថៃ​បាន​ព្យាយាម​គេច និង​ប្តូរ​កណ្តាប់ដៃ​ផងដែរ តែ​នៅតែ​មិនអាច​ទប់​ជាមួយនឹង​ផ្លែ​កែង និង​ជង្គង់​ដ៏​ធ្ងន់​របស់ ធារ៉ា​។ ការប្រើ​កែង និង​ជង្គង់​ចំ​គោលដៅ​របស់ ធារ៉ា បានធ្វើ​ឲ្យ​ថៃ ហាក់​ថមថយ​កម្លាំង​ក្នុងការ​វាយតប​។ ភាព​ទន់ជ្រាយ​របស់ ថៃ ជាហេតុ​ធ្វើ​ឲ្យ​មាន​ចន្លោះប្រហោង និង​ជា​ឱកាស​ដ៏​ល្អ​សម្រាប់ ធារ៉ា ក្នុងការ​កែង​ឆ្វេង​បុក​កាណូត​ទៅលើ​ផ្ទៃមុខ ដើម្បី​ផ្តួល​ថៃ​ឲ្យ​សន្លប់​ទៅ​ពាក់កណ្តាល​ទឺ​ក​ទី​២​នេះ​តែម្តង​៕       


Tag:
 ប្រដាល់​គុន​ខ្មែរ​
  ធឿន ធារ៉ា​
  Muay Thai
© រក្សាសិទ្ធិដោយ thmeythmey.com