អន្តរជាតិ
​អ៊ុយ​ក្រែ​ន​រំពឹង​អាមេរិក​ផ្តល់ជំនួយ​អាវុធ​ទុក​ទប់ទល់​រុស្ស៊ី នៅ​ឆ្នាំនេះ​
26, Jun 2017 , 5:33 pm        
រូបភាព
រូបភាព៖Sputnik
រូបភាព៖Sputnik
​មេដឹកនាំ​អ៊ុយ​ក្រែ​ន​សង្ឃឹមថា សហរដ្ឋអាមេរិក​នឹង​ជួយ​ផ្គត់ផ្គង់​អាវុធ​ឲ្យ​ខ្លួន​ឆាប់ៗ​ខាងមុខ​ក្រោយ​កិច្ចព្រមព្រៀង​ការពារជាតិ​មួយ​ត្រូវ​ភាគី​ទាំងពីរ​ចុះ​រួមគ្នា​។ អ៊ុយ​ក្រែ​ន​បញ្ជាក់ថា​ខ្លូន​ត្រូវការ​អាវុធ​ជា​ចាំបាច់​ដើម្បី​ការពារ​ខ្លួន​ផង និង​ដើម្បី​ទប់​ទល់នឹង​រុស្ស៊ី​ផង​។​



​បន្ទាប់ពី​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​វ៉ាស៊ីនតោន​កាលពី​ខែ​សប្តាហ៍​មុន ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Petro Poroshenko បាន​លើកឡើងថា អ៊ុយ​ក្រែ​ន និង​អាមេរិក​ជិត​សម្រេចបាន​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​អាវុធ​រួមគ្នា​ហើយ​។ លោក ក៏​សង្ឃឹមថា អាវុធ​ទាំងនោះ​នឹងត្រូវ​បញ្ជូនមក​អ៊ុយ​ក្រែ​ន​ក្នុងឆ្នាំនេះ​យ៉ាងយូរបំផុត​។​

​យោងតាម​សារព័ត៌មាន​រុស្ស៊ី RT លោក Poroshenko បាន​សង្កត់ធ្ងន់ថា កិច្ចព្រមព្រៀង​នេះ​អាច​នឹងត្រូវ​ចុះហត្ថលេខា​ក្នុងពេលដែល​ប្រមុខ​ការពារជាតិ ជេ​ម ម៉ា​ទី​ស បំពេញ​ទស្សនកិច្ច​នៅ​អ៊ុយ​ក្រែ​ន​ខាងមុខ​ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​នៃ​ដំណើរ​ទស្សនកិច្ច​នេះឡើយ​។​

​ក្នុងពេល​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក​កាលពី​ថ្ងៃ ២០ មិថុនា លោក Proshenko បាន​ជជែក​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក រិច ធី​ល័​រ​សិន (Rex Tillerson) ពី​បញ្ហា​ផ្គត់ផ្គង់​អាវុធ​នេះ​។ ហើយ​មេដឹកនាំ​អ៊ុយ​ក្រែ​ន​រូបនេះ​បានបញ្ជាក់​ជាថ្មី​ម្តង​ទៀតថា ខ្លួន​ពិតជា​ត្រូវការ​អាវុធ​សម្រាប់​ការពារ​ខ្លួន​នៅពេលនេះ​។

​កាលពី​ខែកុម្ភៈ​រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន Pavel Klimkin បាន ព្រលយ​ពាក្យ​ថា អ៊ុយ​ក្រែ​ន​ពិតជា​ត្រូវការ​អាវុធ​សម្រាប់​ការពារ​ខ្លួន ហើយ​ក្រៅពីនេះ​អ៊ុយ​ក្រែ​ន​ក៏​ចង់​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អាមេរិក​និង​ណា​តូ​ដែរ​។ ចំណែក​មេបញ្ជាការ​កង​ទ័ព​អាមេរិក​ប្រចាំ​អឺរ៉ុប Curtis M. Scaparrotti បាន​អំពាវនាវ​ឲ្យ​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ប្រញាប់ប្រញាល់​ផ្តល់ជំនួយ​ជា​សព្វាវុធ​បន្ថែម​ដើម្បី​ការពារ​ខ្លួន និង​កំញើញ​រុស្ស៊ី​ផងដែរ​។​

​យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក រិច ធី​ល័​រ​សិន នៅ​យល់ថា អាមេរិក​មិនគួរ​ចំណាយលុយ​លូកលាន់​ចូលក្នុង​បញ្ហា​ដែល​កើតឡើង​នៅ​អ៊ុយ​ក្រែ​ន​ឡើយ​។ លោក​បានលើកឡើង​ក្នុងជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​បារាំង Jean-Marc Ayrault នៅ​អ៊ីតាលី​កាលពី​ខែមេសា​ថា វា​គ្មាន​មូល​ហេតុដែល​អាមេរិក​ត្រូវ​ប្រើប្រាស់​លុយ​ពន្ធ​ប្រជាជន​អាមេរិក​ក្នុង​បញ្ហា​អ៊ុយ​ក្រែ​ន​ឡើយ​។​

​សូមបញ្ជាក់ថា​ជម្លោះ​អ៊ុយ​ក្រែ​ន​កើតឡើង​នៅក្នុង​ឆ្នាំ ២០១៤ បន្ទាប់ពី​មាន​ចលនា​បដិវត្តន៍​ទម្លាក់​របប​ដឹកនាំ​ស្និទ្ធ​រុស្ស៊ី​លោក Viktor Yanokovych និង​បន្ទាប់ពី​រុស្ស៊ី​ក្រសោប​យក​ទឹកដី Crimea ពី​អ៊ុយ​ក្រែ​ន​ផង​។ ជម្លោះ​ប្រដាប់អាវុធ​នេះ​កើតឡើង​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​រវាង​ក្រុម​ឧទ្ទាម​គាំទ្រ​ដោយ​រុស្ស៊ី​និង​ទាហាន​រដ្ឋាភិបាល​។ មនុស្ស​ប្រហែល​មួយ​ម៉ឺន​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​រួចទៅហើយ​ដោយសារ​ជម្លោះ​រ៉ាំរ៉ៃ​នេះ​៕


Tag:
 ​រុស្ស៊ី​
  អ៊ុយ​ក្រែ​ន​
  រិច ធី​ល័​រ​សិន​
  Petro Poroshenko
© រក្សាសិទ្ធិដោយ thmeythmey.com