ជាតិ
គណៈកម្មការ​ទី ១ រដ្ឋសភា សន្យា​យក​ញត្តិ​ខ្មែរក្រោម​ដែល​ចង់យក​ថ្ងៃទី ៤ មិថុនា ជា​ថ្ងៃ​បុណ្យជាតិ ដាក់ជូន​សម្តេច ហេង សំរិន​
26, Jun 2017 , 10:39 pm        
រូបភាព
ដោយ:
​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​បាន​ជួបជុំគ្នា នៅ​វត្ត​ចាស់​ស្ថិតនៅ​សង្កាត់​ជ្រោយចង្វា  ដើម្បី​ហែ​និង​ដាក់​ញត្តិ​ជូន​រដ្ឋ​ភា​ជាតិ​កម្ពុជា​សុំ​បញ្ចូល ថ្ងៃទី​០៤ ខែមិថុនា ជា​ទិវា​បុណ្យជាតិ​។  គណៈកម្មការ​ទី ១ នៃ​រដ្ឋសភា គឺ​គណៈកម្មាធិការ​សិទ្ធិមនុស្ស ស៊ើបអង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា បានអនុញ្ញាត​ឲ្យ​តំណាង​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ៥ នាក់ ចូលក្នុង​រដ្ឋសភា​ដើម្បី​ដាក់​ញត្តិ​នេះ​។​



​គណៈកម្មការ​សិទ្ធិមនុស្ស ស៊ើប​ង្កេ​ត​និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា បានអនុញ្ញាត​ឲ្យ​តំណាង​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ៥ នាក់ ចូលទៅក្នុង​រដ្ឋសភា ដើម្បី​ដាក់​ញត្តិ ដែល​សុំ​ឲ្យ​យក​ថ្ងៃទី ៤ ខែមិថុនា ធ្វើជា​ថ្ងៃ​បុណ្យជាតិ​។ ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ​១៩៤៩ ជា​ថ្ងៃ​ដែល​សម័យ​អាណានិគម​បារាំង​កាត់​ទឹកដី​កម្ពុជា​ក្រោម (​កូសាំងស៊ីន​) ឲ្យ​ទៅ​ឲ្យ​វៀតណាម​ត្រួ​ត្រា​។ ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា បាន​ថ្លែងថា សមាជិក​គណៈកម្មការ​សិទ្ធិមនុស្ស មាន​លោក ចាន់ ចេង និង​លោក ជា ប៉ូច ជាដើម បានទទួល​ញត្តិ​ពី​រូបលោក ហើយ​គណៈកម្មការ​នេះ សន្យាថា នឹង​ញត្តិ​របស់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដាក់​ជាស​ម្តេច ហេង សំរិន ប្រធានរដ្ឋសភា​។



​លោក ថាច់ សេដ្ឋា បន្ថែមថា នេះ​ជា​លើក​ទី ២ ហើយ​ដែល​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ដាក់​ញត្តិ​ទាមទារ​ឲ្យ​យក​ថ្ងៃទី ៤ ខែមិថុនា ជា​ថ្ងៃ​បុណ្យជាតិ បន្ទាប់ពី​ការដាក់​ញត្តិ​លើក​ទី ១ កាលពី​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ធ្វើជា​ប្រធានរដ្ឋសភា មិនបាន​ជោគជ័យ​។ លោក បញ្ជាក់ថា មូលហេតុ​ដែល​សហគម​ន៍​ខ្មែរ​កម្ពុជា​ក្រោម​ព្យាយាម​ម្ដង​ហើយ​ម្ដងទៀត ដើម្បី​ឲ្យ​រដ្ឋសភា​កំណត់​យក​ថ្ងៃទី ៤ មិថុនា ជា​ថ្ងៃ​បុណ្យជាតិ គឺ​ដើម្បី​រម្លឹក​ឲ្យ​កូន​ខ្មែរ​គ្រប់រូប​ចងចាំ នៃ​ការបាត់បង់​កម្ពុជា​ក្រោម​ដែល​គ្រប់​គ្រង់​ដោយ​វៀតណាម​ដែលមាន​រយៈពេល​៦៨​ឆ្នាំ​ហើយ គិត​ត្រឹម​ឆ្នាំនេះ​។



​ជាការ​កត់សម្គាល់ គម្រោង​ហែ​ញត្តិ​របស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម មកកាន់​រដ្ឋសភា កាលពី​ព្រឹក​ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៧  ត្រូវបាន​រារាំង​ដោយ​កងកម្លាំងប្រដាប់អាវុធ​។ ការរារាំង​នេះ ត្រូវបាន​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្តី បកស្រាយ​ថា ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​និង​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​។ យ៉ាងណា​ក្រោយ​ការតវ៉ា​និង​ជជែក​គ្នា​ជាមួយ​កង​ប្រដាប់អាវុធ​រួចមក អាជ្ញាធរ បានអនុញ្ញាត​ឲ្យ​តំណាង​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ៣០ នាក់ យក​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា​៕




Tag:
 រដ្ឋសភា​
  ខ្មែរ​កម្ពុជា​ក្រោម​
  ថាច់ សេដ្ឋា​
© រក្សាសិទ្ធិដោយ thmeythmey.com