ជាតិ
នយោបាយជាតិ
CNRP ថា ការបោះឆ្នោតប្រសើរជាងមុន តែមានភាពមិនប្រក្រតី ដែលគ.ជ.ប ត្រូវកែលម្អ
× ភ្នំពេញ៖ ក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសលទ្ធផលជាផ្លូវការជុំវិញការបោះឆ្នោតឃុំ-សង្កាត់ នោះ គណបក្សនយោបាយនីមួយៗ បានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ វាយតម្លៃពីដំណើការបោះឆ្នោតនេះ។
បន្ទាប់មកនេះគណបក្សសង្គ្រោះជាតិ បានចាត់ទុកដំណើរការបោះឆ្នោតមានភាពប្រសើរឡើងជាងមុន តែនៅមានហេតុការណ៍សំខាន់ៗមួយចំនួនទៀត ដែលបានធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោត។ អ្វីដែលគណបក្សសង្គ្រោះជាតិ ចាត់ទុកថា ជាបញ្ហាដែលបង្កឲ្យមានបរិយាកាសមិនល្អសម្រាប់ការបោះឆ្នោតនោះ គឺការហាមមេដឹកនាំគណបក្សខ្លួនចូលស្រុកវិញ, ការឃុំខ្លួន និងបំភិតបំភ័យអ្នកនយោបាយ ប្រជាពលរដ្ឋ ជាដើម មុនការបោះឆ្នោត។
ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២៦ មិថុនានេះ គណបក្សសង្គ្រោះជាតិ បានកត់សម្គាល់ឃើញថា អំឡុងពេលរាប់សន្លឹកឆ្នោត មានភាពមិនប្រក្រតីមួយចំនួន ដោយនៅតាមការិយាល័យខ្លះ មានបិទទ្វាបង្អួតបន្ទប់ និងហាមមិនឲ្យភ្នាក់ងារអង្កេតការណ៍ការបោះឆ្នោត និងពលរដ្ឋចូលតាមដានការរាប់សន្លឹកទៀតផង។ បើតាមគណបក្សសង្គ្រោះជាតិ ប្រធានការិយាល័យរាប់សន្លឹកឆ្នោតមួយចំនួន រាប់សន្លឹកឆ្នោតលឿន ហើយផ្ដល់សុពលភាពគំនូសគាំទ្រគណបក្សនយោបាយមានភាពលម្អៀងផងដែរ…។
តាមរយៈសេចក្ដីថ្លែងការណ៍ចំនួន៣ទំព័រ ដែលបានរៀបរាប់ពីបញ្ហាភាពមិនប្រក្រតីនេះ គណបក្សសង្គ្រោះជាតិ បានអំពាវនាវឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អាជ្ញាធរ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ កែលម្អភាពមិនប្រក្រតី ដែលមាននៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះ សម្រាប់រៀបចំដំណើការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ ដើម្បីឲ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋ៕
© រក្សាសិទ្ធិដោយ thmeythmey.com