បទវិភាគ
សង្គមជាតិ
រដ្ឋ និង​ក្រុមហ៊ុន​ជួល​មន្ត្រី ឬ​បុគ្គលិក​ឲ្យ​មក​ធ្វើការ មិនមែន​ឲ្យ​មកលេង​ហ្គេម និង​ឆែក​ហ្វេ​ស​ប៊ុ​ក​ឡើយ​!
16, Jul 2017 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅក្នុង​សម័យកាល​បច្ចេក​វិទ្យា​ព័ត៌មាន​នេះ ពេលខ្លះ ម្ចាស់​ក្រុមហ៊ុន​ពិបាក​ត្រួតពិនិត្យ​ការងារ​របស់​កម្មករ បុគ្គលិក និយោជិត​ណាស់ ព្រោះ ពួកគេ​ធ្វើ​ការងារ​ភាគច្រើន​ដោយ​ប្រើប្រាស់​កុំព្យូទ័រ​។ បុគ្គលិក​ខ្លះ មាន​សតិសម្បជញ្ញៈ ពួកគេ​មិន​លេង​ហ្វេ​ស​ប៊ុ​ក មិន​លេង​ហ្គេម មិន​មើល​វីដេអូ​អត់​ប្រយោជន៍​ឡើយ​។ តែ​បុគ្គលិក​ខ្លះទៀត​ដែល​ខ្ជិល មិនដឹង​ពី​តួនាទី​របស់ខ្លួន តែងតែ​ធ្វើ​កិច្ចការ​តាមរបៀប​លេងសើច មិន​ខ្វល់​ពី​ផលិតភាព​ការងារ មិន​ខ្វល់​ពី​ការ​ខាត ឬ​ចំណេញ​របស់​ក្រុមហ៊ុន​ឡើយ​។



​នៅក្នុង​ប្រទេស​ជឿនលឿន​មួយចំនួន ដល់​ម៉ោង​ធ្វើការ មិន​ថា ការងារ​រដ្ឋ ឬ​ការងារ​ឯកជន​ឡើយ បុគ្គលិក ឬ​មន្ត្រី​គ្មាន​សិទ្ធិ ឬ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​អ្វី​ផ្សេង​ក្រៅពី​ការងារ​ឡើយ​។ មិនមែនជា​រឿង​តឹងរ៉ឹង​ពេក​ទេ តែ​វា​ជាគោលការណ៍​ដែល​បុគ្គលិក ឬ​មន្ត្រី​ត្រូវតែ​គោរព​តាម​។ រដ្ឋ​ជួល​មន្ត្រី ឲ្យ​មក​ធ្វើ​ការងារ មិនមែន​ជួល​មន្ត្រី​ឲ្យ​មកលេង​ហ្គេម ឬ​លេង​ហ្វេ​ស​ប៊ុ​ក​ឡើយ​។ ក្រុមហ៊ុន​ជួល​បុគ្គលិក​ដើម្បី​ឲ្យ​ធ្វើការ ពោល គឺ​មិនមែន​ឲ្យ​មក​អង្គុយលេង ហើយ​ដល់​ខែ​បើក​ប្រាក់ខែ​នោះទេ​។ ប្រាក់ខែ​ត្រូវតែ​ប្តូរ នឹង​ផលិតភាព​ការងារ​។

​នៅក្នុង​ប្រទេស​មួយចំនួន​ខាងលើនេះ មន្ត្រី ឬ​បុគ្គលិក​ក្រុមហ៊ុន​ដែល​មិន​គោរព​គោលការណ៍​របស់​ក្រុមហ៊ុន ឬ​ស្ថាប័នរដ្ឋ​ត្រូវតែ​ប្រឈម​នឹង​ការបណ្តេញចេញ ឬ​ទណ្ឌកម្ម​។ នៅក្នុង​ប្រទេស​កម្ពុជា សេរីភាព​ហាក់បីដូចជា​នៅ​ទូលាយ​ណាស់​។ បុគ្គលិក ឬ​មន្ត្រី​មួយចំនួន​ធ្វើការ​ផង លេង​ហ្វេ​ស​ប៊ុ​ក​ផង ប្រជុំ​ផង លេង​ហ្វេ​ស​ប៊ុ​ក​ផង​។ ប្រសិនបើ​ទង្វើ​នេះ​នៅតែ​បន្ត រដ្ឋ និង​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​កម្ពុជា​ឈានទៅរក​ភាព​ប្រឈម​នៃ​ការ​ការធ្លាក់ចុះ​ផលិតភាព​ការងារ​ជាក់​ជាពុំខាន​៕



© រក្សាសិទ្ធិដោយ thmeythmey.com