ជាតិ
ច្បាប់បក្សនយោបាយថ្មី ហាមដាក់ «ឈ្មោះ ឬរូបភាពរូបវន្តបុគ្គល» ធ្វើជាសញ្ញាសម្គាល់បក្ស
× មាត្រាសំខាន់មួយក្នុងចំណោមសេចក្តីស្នើវិសោធនកម្មច្បាប់គណបក្សនយោបាយ បានកំណត់មិនឲ្យគណបក្សនយោបាយទាំងអស់ ដាក់ឈ្មោះ ឬរូបភាពរបស់រូបវន្តបុគ្គល ដើម្បីធ្វើជាស្លាកសញ្ញាសម្គាល់គណបក្សឡើយ។
នៅពេលដែលសេចក្តីស្នើវិសោធនកម្មច្បាប់គណបក្សនយោបាយថ្មី ចូលជាធរមាន គណបក្សណា ដែលមានឈ្មោះ ឬរូបភាពរូបវន្តបុគ្គល សម្រាប់ធ្វើជាស្លាកសម្គាល់គណបក្ស ត្រូវដកចេញជាបន្ទាន់។ មាត្រា ៤៨ ថ្មី ដែលស្នើឡើងដោយតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានចែងយ៉ាងនេះថា៖ «ចំពោះគណបក្សនយោបាយណា ដែលមានឈ្មោះ ឬសញ្ញាសម្គាល់របស់គណបក្សជាឈ្មោះ ឬរូបភាពរបស់រូបវន្តបុគ្គល ត្រូវផ្លាស់ប្តូរឈ្មោះ ឬសញ្ញាសម្គាល់ ឲ្យស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះ ក្នុងរយៈពេល ៩០ ថ្ងៃ យ៉ាងយូរ គិតចាប់ពីថ្ងៃដែលច្បាប់នេះចូលជាធរមាន»។
បច្ចុប្បន្នគណបក្សនយោបាយ ដែលកំពុងប្រើឈ្មោះរូបវន្តបុគ្គល គឺគណបក្ស សម រង្ស៊ី ដែលជាឈ្មោះរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ។ បច្ចុប្បន្នគណបក្សនេះ មានលោក ទៀវ វណ្ណុល ជាប្រធាន និងមានសមាជិកព្រឹទ្ធសភាចំនួន ១១ រូប។ ចំណែកគណបក្សដែលដាក់រូបភាពរូបវន្តបុគ្គល សម្រាប់សម្គាល់គណបក្សវិញ គឺគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលដាក់រូបសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ពន្យល់បាប់សារព័ត៌មានថ្មីៗថា ការស្នើបញ្ញត្តិមិនឲ្យយកឈ្មោះ ឬរូបភាពរូបវន្តបុគ្គលសម្រាប់សម្គាល់បក្សនេះឡើង ខាងតំណាងរាស្ត្រគណបក្សបក្សប្រជាជនកម្ពុជា មិនមានចេតនាធ្វើបាបគណបក្សណាមួយទេ តែធ្វើឡើងដើម្បីប្រយោជន៍សង្គមទូទៅ។
ជាមួយគ្នានេះ អ្នកនាំពាក្យគណបក្សបក្សប្រជាជនកម្ពុជាខាងលើ បន្ថែមថា សម្រាប់រូបភាពរូបវន្តបុគ្គលនៅលើផ្ទាំងផ្សព្វផ្សាយបក្ស(ក្រៅពីស្លាក់សញ្ញាសម្គាល់បក្ស) មិនចោទជាបញ្ហានោះទេ បើសិនជាឈ្មោះឬរូបភាពរូបវន្តបុគ្គលនោះ មិនមែនជាទណ្ឌិត។ « ដូចរូបសម្តេច ហ៊ុន សែន និងសម្តេច ហេង សំរិន នៅលើផ្ទាំងផ្សព្វផ្សាយបក្សប្រជាជនកម្ពុជា មិនខុសនោះទេ»។ នេះជាការបរិយាយចុងក្រោយរបស់លោក ឥសាន។
សូមបញ្ជាក់ថា សេចក្តីស្នើរបស់តំណាងរាស្ត្រគណបក្សកាន់អំណាច ដើម្បីវិសោធនកម្មគណបក្សនយោបាយថ្មី ត្រូវបានព្រឹទ្ធសភាបានអនុម័តរួចរាល់ហើយ នៅថ្ងៃទី ១៨ ខែកក្កដា។ នេះជាលើកទី ២ ហើយដែលតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ស្នើឲ្យវិសោធនកម្មគណបក្សនយោបាយ នៅក្នុងឆ្នាំ ២០១៧ នេះ។ លើកទី ១ តំណាងរាស្ត្របក្សប្រជាជនកម្ពុជា បានស្នើវិសោធនកម្មច្បាប់នេះ ដោយមានខ្លឹមសារ ហាមអ្នកទោសមិនឲ្យធ្វើជាប្រធានគណបក្ស និងធ្វើជាសមាជិកគណៈកម្មាធិការនាយកនៃគណបក្សនយោបាយ៕
Tag:
ច្បាប់បក្សនយោបាយ
គណបក្ស
រដ្ឋសភា
ព្រឹទ្ធសភា
សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com