អន្តរជាតិ
ឌូ​ទើ​តេ ប្រាប់​មន្ត្រី​ទាំងអស់​ឈប់​តាំង​រូបថត​លោក​នៅតាម​អគារ​រដ្ឋ តែ​តាំង​រូប​វីរបុរស​ជាតិ​វិញ​
19, Jul 2017 , 3:09 pm        
រូបភាព
រូបថតលោក រ៉ូឌ្រីហ្គោ ឌូទើតេ ព្យួរក្នុងវិមានប្រធានាធិបតីហ្វីលីពីន (រូបភាព ABS-CBN News)
រូបថតលោក រ៉ូឌ្រីហ្គោ ឌូទើតេ ព្យួរក្នុងវិមានប្រធានាធិបតីហ្វីលីពីន (រូបភាព ABS-CBN News)
​បន្ទាប់ពី​ប្រាប់​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ឈប់​ប្រើ​ឡាន​ស៊ី​រ៉ែ​ន និង​បន្ថយ​ចំនួន​អង្គរក្ស​រួចមក ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​ប្រាប់​ឲ្យ​មន្ត្រី​ទាំងអស់​ដក​រូបថត​លោក និង​រូបថត​ពួកគេ​ចេញពី​ការិយាល័យ​ធ្វើការ ហើយ​ដាក់តាំង​រូបថត​វីរបុរស​ជាតិ​វិញ​។ លោក ឌូ​ទើ​តេ និយាយ​នៅ​ថ្ងៃទី​១៨ ខែកក្កដា ថា មន្ត្រី​ទាំងអស់នោះ មិនទាន់មាន​ស្នាដៃ​ដល់​ថ្នាក់​តាំង​រូបថត​ខ្លួនឯង​ឡើយ និង​ចាត់ទុក​ការដាក់​តាំង​រូបថត​វីរ​បុស​ជាតិ​ជា​គំរូ​ល្អ​សម្រាប់​ក្មេងជំនាន់ក្រោយ​។​



​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ និយាយថា រូបថត​លោក និង​រូបថត​មន្ត្រី​សាធារណៈ​ដែល​ដាក់​ទាំង​នៅតាម​កា​រិ​ល័យ​រដ្ឋាភិបាល នឹងត្រូវ​ដាក់​ជំនួយ​វិញ​ដោយ​រូបថត​វីរបុរស​ជាតិ​។ លោក ឌូ​ទើ​តេ ក៏​នឹង​ចេញ​បទបញ្ជា​មួយ​ទាក់ទង​បញ្ហា​នេះ ដោយ​សំដៅ​ហាម​ប្រើប្រាស់​រូបថត​មន្ត្រី​ទាំងអស់​នៅ​កន្លែងធ្វើការ ដោយបាន​យោង​លើ​ហេតុផល​ថា មន្ត្រី​ទាំងនោះ​មិនទាន់​ដើរ​ចំណុច​ដែល​គួរ​លើកតម្កើង​ដល់​ថ្នាក់​ដាក់តាំង​រូបថត​ជា​សាធារណៈ​ឡើយ​។​

​ថ្លែង​ក្នុង​ពិធី​ប្រគល់​កាំភ្លើងខ្លី​ដល់​កងទ័ព​ហ្វីលីពីន​នៅ​វិមាន​ប្រធានាធិបតី​នៅ​ថ្ងៃទី​១៨ ខែកក្កដា លោក ឌូ​ទើ​តេ បានបញ្ជាក់​ច្បាស់​ថា លោក​ចង់​ឲ្យ​មានការ​ដាក់តាំង​រូបថត​វីរ​បុស​ជាតិ​វិញ ព្រោះ​មន្ត្រី​ទាំងអស់​មិនមាន​ស្នាដៃ​អ្វីដែល​អាច​យកទៅ​ប្រៀបធៀប​ស្នាដៃ​វីវ​បុរស​ឡើយ​។ លោក ឌូ​ទើ​តេ ក៏​ឆ្លៀត​រិះគន់​មន្ត្រី​ខ្លះ​ថា​ពុករលួយ​ខ្លាំង ហើយ​រង​បណ្ដឹង​យ៉ាងច្រើន ប៉ុន្តែ​នៅតែ​ហ៊ាន​ដាក់​រូបថត​ខ្លួនឯង​នៅតាម​សាធារណៈ​ទៅទៀត​។​

​បើតាម​សារព័ត៌មាន Inquirer.net ប្រធានាធិបតី​ហ្វីលីពីន​ពន្យល់ថា ការដាក់​តាំង​រូបថត​វីរបុរស​ជាតិ នឹង​ជួយ​ឲ្យ​ក្មេងជំនាន់ក្រោយ​យល់ដឹង​ពី​ប្រវត្តិសាស្ត្រ ហើយ​អាច​ជំរុញ​ឲ្យ​ពួកគេ​មក​ទស្សនា​អាគារ​រដ្ឋាភិបាល​ទៀតផង​។ ចំណែកឯ​រូបថត​មន្ត្រី​រដ្ឋាភិបាល​ដែល​ត្រូវ​ដកចេញ លោក ឌូ​ទើ​តេ បាន​ប្រាប់​ឲ្យ​យកទៅ​តាំងនៅ​បន្ទប់ទទួលភ្ញៀវ​ក្នុងផ្ទះ​របស់​ពួកគេ​វិញ ព្រោះ​វា​ជា​កន្លែង​សក្ដិសម​ជាង​អាគារ​រដ្ឋាភិបាល​។​

​លោក ឌូ​ទើ​តេ ក៏បាន​រំឭក​ពី​វិធានការ​ដូចគ្នានេះ ពេល​លោក​កាន់តំណែង​អភិបាលក្រុង Davao ។ លោក បាន​ប្រាប់​អ្នកចូលរួម​ទាំងអស់​ថា រយៈពេល​ជាង​២០​ឆ្នាំ​នៅឯ​ទីក្រុង Davao លោក​បាន​ហាម​ការ​ដាក់តាំង​រូបថត​របស់លោក​នៅតាម​អាគារ​រដ្ឋ និង​បាន​ប្រាប់​ឲ្យ​ដាក់​រូបថត​វីរបុរស​ជាតិ​ជំនួស​វិញ​។ យ៉ាងណាក្ដី ប្រធានាធិបតី​រូបនេះ មិនអាច​បញ្ជាក់​ពី​ពេលវេលា​ដែល​លោក​ចេញ​បទបញ្ជា​ហាម​ខាត់​ការដាក់​តាំង​រូបថត​នេះ​នៅឡើយ​ទេ​។​

​គេ​មិនទាន់​ដឹងថា​បម្រាម​របស់លោក ឌូ​ទើ​តេ នឹង​ប៉ះពាល់​រូបថត​របស់លោក​ផ្ទាល់​ដែរ​ឬ​យ៉ាងណាទេ ព្រោះ​ជា​ប្រពៃណី រូបថត​ប្រធានាធិបតី​តែង​ត្រូវបាន​ដាក់តាំង​នៅតាម​អាគារ​រដ្ឋាភិបាល ជាពិសេស​នៅតាម​អាគារ​កងទ័ព​ដើម្បី​ជា​សញ្ញា​បង្ហាញថា​អ្នកណា​ជា​មេបញ្ជាការ​កំពូល​កងទ័ព​។ ប៉ុន្តែ​លោក ឌូ​ទើ​តេ ជា​មនុស្ស​មិន​ចូលចិត្ត​ការលើកតម្កើង​ខ្លួនឯង ទំនងជា​អនុវត្តតាម​ប្រពៃណី​ដែល​លោក​ធ្លាប់ធ្វើ​នៅពេល​កាន់តំណែង​ចៅហ្វាយក្រុង Davao មិន​ខាន​៕


Tag:
 ហ្វីលីពីន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ
© រក្សាសិទ្ធិដោយ thmeythmey.com