កីឡាជាតិ
ជាតិ
AFC U23៖ គ្រូ​ជប៉ុន​ថា​ប៉ះ​កម្ពុជា​អាច​លំបាក ខណៈ Leonardo ថា​គ្មាន​អ្នកណា​ចាញ់​មុន​ប្រកួត​
21, Jul 2017 , 9:15 am        
រូបភាព
ដោយ:
​ទោះបី​ក្រុម U23 ជប៉ុន​ទទួលបាន​ជោគជ័យ​ដ៏​ធំធេង​តាមរយៈ​ការ​លត់​ក្រុម​ហ្វីលីពីន ៨-០ ដើម្បី​ឈរ​កំពូល​តារាង​ប្រចាំ​ពូ​ល J នៃ​ព្រឹត្តិការណ៍ AFC U23 Championship 2018 តែ​គ្រូបង្វឹក U23 ជប៉ុន មិន​ហ៊ាន​ដាក់​ក្តី​រំពឹង​ច្រើន​សម្រាប់​ការឡើង​ទៅកាន់​ជុំ​បន្ត​ឡើយ​។ U23 ជប៉ុន​ត្រូវ​ជួប​ជាមួយ U23 កម្ពុជា ចិន ដែល​គ្រូបង្វឹក​ជប៉ុន​ចាត់ទុកជា​ក្រុម​ខ្លាំង​ជា​បន្តបន្ទាប់​នៅ​ថ្ងៃទី​២១ និង​២៣ កក្កដា នា​ពហុ​កីឡដ្ឋាន​ជាតិ​។ គ្រូបង្វឹក U23 កម្ពុជា Leonardo បាន​និយាយ​លើកទឹកចិត្ត​កីឡាករ​ថា កម្ពុជា​អាចធ្វើ​បានល្អ បើ​មានការ​សហការ​ល្អ​។ លោក អះអាងថា គ្មាន​អ្នកណា​ចាញ់​មុន​ប្រកួត​នោះទេ ទាល់តែ​ការប្រកួត​ចប់​ទើប​ដឹង​លទ្ធផល​។



​គ្រូបង្វឹក​ក្រុម U23 ជប៉ុន​លោក Uchiyama Atsushi បានចាត់ទុក​ការ​ប៉ះ​ជាមួយ​ម្ចាស់ផ្ទះ U23 កម្ពុជា​ក្នុងជំនួប​លើក​ទី​២​ជាការ​ប្រកួត​ដែលមាន​ស្ថានភាព​តាន​តឺង​ជាង​ជួប​ហ្វីលីពីន​សម្រាប់​ក្រុម​របស់លោក​។ ម្យ៉ាង​ភាពជា​ម្ចាស់ផ្ទះ​របស់​កម្ពុជា​ក៏​ជា​សម្ពាធ​មួយ​ផងដែរ​សម្រាប់ U23 ជប៉ុន​នា​ជំនួប​លើក​ទី​២​ក្នុង​វគ្គ​ជម្រុះ​ពូ​ល J នៃ​ព្រឹត្តិការណ៍ AFC U23 Championship 2018 នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​២១ កក្កដា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។



​ទោះបី​មិន​រំពឹង​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​ដូច​ប៉ះ​ជាមួយ​ហ្វីលីពីន​ក៏ដោយ តែ​គ្រូបង្វឹក​ជនជាតិ​ជប៉ុន​រូបនេះ​អះអាងថា នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ស្វែងរក​ជ័យជម្នះ​ឲ្យ​បាន​ពី​ជំនួប​ដ៏​តានតឹង​មួយ​នេះ​។ លោក​បញ្ជាក់ថា ការ​មក​ទីនេះ​របស់ U23 ជប៉ុន គឺ​ដើម្បី​ទទួល​កៅអី​ឡើងទៅ​លេង​ជុំ​បន្ត​នៅ​ឆ្នាំ​២០១៨​។ តែ​យ៉ាងណា លោក មិនអាច​ប្រៀបធៀប​សមត្ថភាព​ក្រុម​នេះ​ខ្លាំង​ជាង ឬ​ខ្សោយ​ជាង​នោះឡើយ ព្រោះ​បាល់ទាត់​អ្វី​ក៏​អាច​កើតឡើង​បានដែរ​។



​ទន្ទឹមនឹងនេះ គ្រូបង្វឹក U23 កម្ពុជា​លោក Leonardo Vitorino នៅតែ​អះអាង​ដដែល​ថា កម្ពុជា​នឹង​អាចធ្វើ​បានល្អ​បើ​កីឡាករ​មានការ​សហកា​រ​គ្នា​ល្អ​នៅ​ក្រុម និង​លេង​ឲ្យ​អស់ពី​ចិត្ត​ប្រកបដោយ​ឆន្ទៈ​ខ្ពស់​។ តែ​យ៉ាងណា លោក​ទទួលស្គាល់ថា U23 ជប៉ុន​ជា​ក្រុម​ខ្លាំង និង​មាន​សមត្ថភាព​ខ្ពស់​នៅ​តំបន់​អាស៊ី​។ ទន្ទឹមនឹងនេះ លោក Leonardo បាន​បញ្ជាក់ថា ទោះបី​លទ្ធផល​ចាញ់ ឬ​ឈ្នះ​មិនមែនជា​គោលបំណង​របស់​កម្ពុជា​នោះឡើយ ពោលគឺ​កម្ពុ​ជាមាន​គោលបំណង​អភិវឌ្ឍន៍​យុវជន ដើម្បី​ត្រៀម ២០២៣​។​



«​ខ្ញុំ​បាន​ប្រាប់​ក្រុម​កីឡាករ​យុវជន​របស់​កម្ពុជា​ថា ពួកគេ​អាចធ្វើ​បាន គឺ​គ្មាន​អ្នកណា​ចាញ់​មុន​ការប្រកួត​នោះទេ លុះត្រា​ការប្រកួត​ចប់​ទើប​យើង​អាច​ដឹង​ពី​លទ្ធផល​។ កីឡាករ​ក្នុង​ក្រុម​ទាំងអស់​ជា​កីឡាករ​ល្អ​សម្រាប់​ខ្ញុំ ជាក់ស្តែង​ដូច​កីឡាករ ច្រឹង ពលរដ្ឋ ពេលខ្លះ​គាត់​លេង​ប្រយុទ្ធ ពេលខ្លះ​ការពារ និង​ពេលខ្លះ​បម្រើ ដូច្នេះ​ខ្ញុំ​គិតថា កីឡាករ​ក្នុង​ក្រុម​ទាំងអស់​ជា​កីឡាករ​ល្អ​»​។ នេះ​ជាការ​លើកឡើង​របស់ លោក Leonardo Vitorino​។

​មុន U23 កម្ពុជា​ប៉ះ​ជាមួយ​ជប៉ុន​នា​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ក្រុម U23 ហ្វីលីពីន​ត្រូវ​តទល់​ជាមួយ​ចិន នា​វេលា​ម៉ោ​១៥:៣០​នាទី​រសៀល​នៅ​ថ្ងៃទី​២១ កក្កដា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​៕


Tag:
 AFC U23
  U23 កម្ពុជា​
  U23 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com