ជាតិ
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្មចេញប្រកាសកំណត់ឲ្យបិទស្លាកតម្លៃជាប្រាក់រៀលលើមុខទំនិញ
× ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានតម្រូវឲ្យបិទស្លាកតម្លៃជាប្រាក់រៀលលើទំនិញ និងសេវាទាំងអស់ដែលចរាចរលើទីផ្សារ ដើម្បីធានាការប្រកួតប្រជែងដោយសមធម៌ក្នុងសេដ្ឋកិច្ចទីផ្សារសេរី និងលើកកម្ពស់ប្រាក់រៀល។ នេះបើតាមប្រកាសដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៧ខែកក្កដា។
ការបិទស្លាកតម្លៃលើផលិតផល ត្រូវបានក្រសួងពាណិជ្ជកម្មចេញប្រកាសតាំងពីឆ្នាំ២០១៣ មកម្លេះ ហើយការចេញប្រកាសថ្មីនេះ គឺក្រសួងកែសម្រួលបន្ថែមលើប្រកាសមុនដែលមានស្រាប់។ ប្រកាសថ្មីនេះត្រូវបានផ្សព្វផ្សាយលើវេបសៃយ៍ក្រសួង នៅថ្ងៃទី១៩ខែកក្កដា។
«ពាណិជ្ជករ អាជីវករ សេវាករទាំងអស់ ដែលកំពុងធ្វើសកម្មភាពពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មនៅប្រទេសកម្ពុជា ត្រូវតែបិទស្លាកថ្លៃលើគ្រប់មុខទំនិញ និងសេវារបស់ខ្លួនជាប្រាក់រៀលជាចាំបាច់»។ នេះជាខ្លឹមសារដែលមានចែងក្នុងប្រកាសខាងលើ។ ប្រកាសនេះបញ្ជាក់ថា ការមិនអនុវត្តតាមប្រកាសនឹងត្រូវទទួលខុសត្រូវតាមច្បាប់ជាធរមាន។
បើទោះប្រកាសនេះមិនបានចែងច្បាស់អំពីទំហំអាជីវកម្មដែលត្រូវជាប់កាតព្វកិច្ចនេះក៏ដោយ ប៉ុន្តែបើតាមកញ្ញា សឹង សុផារី អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ប្រកាសនេះនឹងអនុវត្តសម្រាប់តែអាជីវកម្មផ្លូវការដែលបានចុះបញ្ជីត្រឹមត្រូវប៉ុណ្ណោះ ដែលមិនរួមបញ្ចូលអ្នកលក់ដូរតូចតាច ដូចជា អ្នកលក់គ្រឿងទេសលក្ខណៈគ្រួសារ អ្នកលក់ដូរតូចតាចក្នុងទីផ្សារធម្មតាជាដើម។ «នៅពេលនេះតម្លៃប្រាក់រៀលមានស្ថិរភាព ដូច្នេះវាដល់ពេលដែលយើងចាំបាច់ត្រូវសហការជំរុញឲ្យប្រជាជនប្រើប្រាស់ប្រាក់រៀល»។ នេះជាការលើកឡើងរបស់ កញ្ញា សឹង សុផារី ដែលត្រូវបានស្រង់សំដីដោយការសែតភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី២០ខែកក្កដា៕
Tag:
ប្រាក់រៀល
បិទស្លាកតម្លៃ
© រក្សាសិទ្ធិដោយ thmeythmey.com