ជាតិ
វៀតណាម ចង់ភ្ជាប់​ទំនាក់ទំនង​ជាមួយ​កម្ពុជា ឲ្យ​កាន់តែ​ស៊ីជម្រៅ​
21, Jul 2017 , 3:12 pm        
រូបភាព
ជំនួបរវាងសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយលោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នៅវិមានសន្តិភាព នាថ្ងៃទី២0 ខែកក្កដា ឆ្នាំ២0១៧។ រូបភាពពីទំព័រហ្វេសប៊ុកសម្តេច  ហ៊ុន សែន
ជំនួបរវាងសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយលោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នៅវិមានសន្តិភាព នាថ្ងៃទី២0 ខែកក្កដា ឆ្នាំ២0១៧។ រូបភាពពីទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន
​ភ្នំពេញ​៖ រហូតមកដល់​ពេលនេះ ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​និង​វៀតណាម មាន​រយៈពេល​៥០​ឆ្នាំ​មកហើយ ដោយ​ប្រទេស​ទាំង​ពីរបាន​ឆ្លងកាត់​ការតស៊ូ និង​ការសហការ​យ៉ាង​ជិតស្និទ្ធ ដើម្បី​ស្វែងរក​សន្តិភាព និង ស្ថិរភាព​។  នេះ​ជាការ​លើកឡើង​របស់លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម ក្នុងជំនួប​ជាមួយ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​វិមាន​សន្តិភាព នា​ថ្ងៃទី​២0 ខែកក្កដា ឆ្នាំ​២0១៧​។



​សម្តី​របស់លោក  ង្វៀន ហ៊្វូ​ជុង ខាងលើ ត្រូវបាន​ដកស្រង់​និង​យកទៅ​ចុះផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន​។ បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន ដដែល លោក ង្វៀន ហ៊្វូ​ជុង បានស្នើ​ឡើង​យ៉ាង​ដូច្នេះ​ថា​៖«​សុំ​ឲ្យ​ប្រទេស​ទាំងពីរ​ជំរុញ​ការតភ្ជាប់​ឲ្យ​កាន់តែ​ស៊ីជម្រៅ តាមរយៈ​ស្ថាប័នរដ្ឋ វិស័យ​អប់រំ យុវជន និង​វិស័យសេដ្ឋកិច្ច ជាដើម ដោយ​ធ្វើយ៉ាងណា ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កើន​ឡើងដល់ ៥​ពាន់​លាន​ដុល្លារ នា​ឆ្នាំ​២០២៥​ខាងមុខ​»​។​

​នៅក្នុង​ជំនួប​នោះ សម្តេច ហ៊ុន សែន ក៏បាន​ស្នើ​ទៅ​ភាគី​វៀតណាម​វិញ​ផងដែរ ដោយ​សុំ​ឲ្យ​ជួយ​ជំរុញ​ភ្ញៀវទេសចរ មក​កម្ពុជា ឲ្យ​បាន​កាន់តែច្រើន​។ ជាងនេះទៀត សម្តេច ហ៊ុន សែន  ថែមទាំង​ជំរុញ​ឲ្យ​មាន​កិច្ចសហការ​រវាង​ស្ថាប័ន​និង​អាជ្ញាធរខេត្ត ដែល​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម ដើម្បី​ទប់ស្កាត់​រាល់​អំពើ​ឧក្រិដ្ឋ​ឆ្លងដែន​នានា ដែល​អាច​នឹង​កើតមានឡើង​នៅតាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​។

​សូមបញ្ជាក់ថា លោក ង្វៀន ហ៊្វូជុង រួមទាំង​គណៈប្រតិភូ​វៀតណាម បានមក​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ចំនួន​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២0 ដល់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២0១៧​។ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់ លោក ង្វៀន ហ៊្វូ​ជុង ប្រទេស​វៀតណាម បាន​ផ្តល់ជំនួយ​២៥​លាន​ដុល្លារ ដល់​ប្រទេស​កម្ពុជា ដើម្បី​ចំណាយ​លើ​ការសាងសង់​អគារ​រដ្ឋបាល នៅក្នុង​រដ្ឋសភា​៕


Tag:
 កម្ពុជា​-​វៀតណាម​
  មិត្តភាព
© រក្សាសិទ្ធិដោយ thmeythmey.com