អន្តរជាតិ
កូរ៉េខាងត្បូង​ថា សេដ្ឋកិច្ច​កូរ៉េខាងជើង​កើនឡើង​ខ្លាំង ទោះ​រង​ទណ្ឌកម្ម​ជុំជិត​ក្ដី​
21, Jul 2017 , 8:19 pm        
រូបភាព
​ធនាគារកណ្ដាល​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​២១ ខែកក្កដា បាន​បញ្ចេញ​របាយការណ៍​មួយ​ដែល​បង្ហាញថា សេដ្ឋកិច្ច​កូរ៉េខាងជើង​មាន​កំណើន​ខ្ពស់​ក្នុង​ឆ្នាំ​២០១៦ ដែល​អត្រា​ខ្ពស់​ជាងគេ​ក្នុង​រយៈពេល​១៧​ឆ្នាំ​ចុងក្រោយ​។ កំណើនសេដ្ឋកិច្ច​កូរ៉េខាងជើង​កើន​ខ្ពស់ ទោះជា​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​កំពុង​រុំ​ព័ទ្ធ​ដោយ​ទណ្ឌកម្មសេដ្ឋកិច្ច​របស់​អន្តរជាតិ​អស់​ពេល​ជាច្រើន​ឆ្នាំ​ដោយសារតែ​មហិច្ឆតា​នុយក្លេអ៊ែរ​ក្ដី​។​



​ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សាសន្តិសុខ ហាក់​មិនមាន​ប្រសិទ្ធភាព​អ្វី​លើ​កូរ៉េខាងជើង​ឡើយ​។ បើតាម​ធនាគារ​កូរ៉េខាងត្បូង ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​កូរ៉េខាងជើង បាន​កើនឡើង​ជិត​បួន​ភាគរយ​ក្នុង​ឆ្នាំ​២០១៦ ។ នេះ គឺជា​ការ​កើន​ខ្ពស់​ជាងគេ​សម្រាប់ GDP កូរ៉េខាងជើង បើ​គិតពី​ឆ្នាំ​១៩៩៩ មក ទោះជា​កូរ៉េខាងជើង ប្រឈមមុខ​រាំងស្ងួត និង​ការធ្លាក់ចុះ​តម្លៃ​ទំនិញ​ក៏ដោយ​។ ប៉ុន្តែ​ការនាំចេញ​រ៉ែ និង​ថាមពល បាន​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​ឯកោ​មួយ កើនឡើង​ខ្ពស់​។​

​ខណៈដែល​ក្រុមប្រឹក្សាសន្តិសុខ​ដាក់​ការហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​តាំងពី​ឆ្នាំ​២០០៦​មក កូរ៉េខាងជើង បែរ​អាច​បង្កើន​ការនាំចេញ​ទៅវិញ​។ ការនាំចេញ​របស់​កូរ៉េខាងជើង ដែលមាន​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​នោះ មាន​កំណើន​៤,៦​ភាគរយ​ក្នុង​ឆ្នាំ​២០១៦ គឺជា​អត្រា​ខ្ពស់​ជាងគេ​តាំងពី​ឆ្នាំ​២០១៣ ។ យ៉ាងណាក្ដី ទំហំ​ប្រាក់ចំណូល​សម្រាប់​មនុស្ស​ម្នាក់​មាន​ត្រឹម​១,១៣៦​ដុល្លារ​ប៉ុណ្ណោះ ដែល​ទាប​ជាង​អត្រា​នៅ​កូរ៉េខាងត្បូង​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​

​តាមពិតទៅ ធនាគារ​កូរ៉េខាងត្បូង តែង​បាន​បញ្ចេញ​របាយការណ៍​ស្ដីពី GDP របស់​កូរ៉េខាងជើង តាំងពី​ឆ្នាំ​១៩៩១ មកម្ល៉េះ ដោយ​ពឹង​ផ្អែកលើ​ទិន្នន័យ​របស់​ក្រសួង​ប​ង្រួ​បង្រួម​កូរ៉េ និង​ទីភ្នាក់ងារ​ចារកម្ម​កូរ៉េខាងត្បូង​ផ្ទាល់​។ នេះ​ក៏​ព្រោះ​កូរ៉េខាងជើង​ប្រឹងប្រែង​បិទបាំង​ព័ត៌មាន​របស់ខ្លួន​យ៉ាង​ដិតដល់​បំផុត ហើយក៏​មិន​បញ្ចេញ​ជា​សាធារណ​ដែរ​។ យ៉ាងណា​នោះ របាយការណ៍​របស់​កូរ៉េខាងត្បូង ត្រូវបាន​ប្រើ​យ៉ាង​ទូលំទូលាយ​ដោយ​អន្តរជាតិ​ក្នុងការ​វាយតម្លៃ​សេដ្ឋកិច្ច​កូរ៉េខាងជើង​។​

​ច្បាស់​ណាស់​ថា កំណើនសេដ្ឋកិច្ច​របស់​កូរ៉េខាងជើង​ពិតជា​មាន​ជាប់​ពាក់ព័ន្ធ​ទំនាក់ទំនង​ជាមួយ​ចិន ព្រោះ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ចិន និង​កូរ៉េខាងជើង នៅតែ​អនុវត្តតាម​ធម្មតា ទោះជា​ចិន​បាន​កំហិត​ការ​នាំចូល​ទំនិញ​ខ្លះ​ពី​កូរ៉េខាងជើង​តាម​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​ក្ដី​។ ចិន​អះអាងថា ការរកស៊ី​ជាមួយ​កូរ៉េខាងជើង គឺ​មិន​ប៉ះពាល់​ទណ្ឌកម្ម​របស់​អន្តរជាតិ​ឡើយ ប៉ុន្តែ​វា​បាន​ក្លាយជា​ចំណូល​ដ៏​ធំ​របស់​កូរ៉េខាងជើង​ទៅវិញ​។​

​ដោយសារតែ​កូរ៉េខាងជើង​មិន​ចុះ​ញ៉ម រួម​នឹង​ទណ្ឌកម្ម​មិនសូវមាន​ប្រសិទ្ធភាព​ទៀត​នោះ អាមេរិក​កំពុងតែ​ញាប់​ដៃជើង​ដើម្បី​ដាក់​សម្ពាធ​បន្ថែម​លើ​កូរ៉េខាងជើង ជាពិសេស​ការប្រើប្រាស់​ឥទ្ធិពល​របស់​ចិន​តែម្ដង​។ អាមេរិក​ដឹង​ច្បាស់​ចិន​មាន​អានុភាព​បង្ខំ​ឲ្យ​កូរ៉េខាងជើង​បោះបង់​មហិច្ឆតា​នុយក្លេអ៊ែរ ព្រោះ​ចិន​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​កូរ៉េខាងជើង​ទាំង​ការទូត សេដ្ឋកិច្ច និង​នយោបាយ​។ ប៉ុន្តែ​ចិន​ហាក់​មិន​អើពើ​ការស្នើ​របស់​អា​មេ​រិ​កឡើ​យ​៕
 

Tag:
 ​កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com