ជាតិ
សេដ្ឋកិច្ច
កម្ពុជានឹងមានរថភ្លើងធុនស្រាលនៅឆ្នាំ២០១៨ ដែលចរាចរពីទីតាំងព្រលានយន្តហោះភ្នំពេញ រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
× ភ្នំពេញ៖ ក្រុមហ៊ុន Royal Railways គ្រោងដាក់ឲ្យដំណើរការរថភ្លើងធនស្រាលចំនួន៤គ្រឿង ដែលធ្វើចរាចរទៅមករវាងស្ថានីយរថភ្លើង(នៅកណ្ដាលទីក្រុង) និងព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅក្នុងអំឡុងខែមេសាឆ្នាំ២០១៨ ។ នេះបើតាមការឲ្យដឹងដោយ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្រោយពិធីប្រគល់និងទទួលសម្ភារគ្រឿងចក្រពីក្រុមហ៊ុនមួយពីប្រទេសចិន នៅថ្ងៃទី២១ខែកក្កដានេះ។
លោក ស៊ុន ចាន់ថុល ឲ្យដឹងថា ខណៈពេលនេះក្រុមហ៊ុនកំពុងស្ថាបនាផ្លូវរថភ្លើង ដែលតភ្ជាប់ពីផ្លូវដែកមានស្រាប់ ចូលមកព្រលានយន្តហោះភ្នំពេញ ដែលមានចម្ងាយ ១,៥គីឡូម៉ែត្រ។ លោកបន្ថែមថា ក្រុមហ៊ុន Royal Railways បានបញ្ជាទិញរួចហើយនូវរថភ្លើងចំនួន ៤គ្រឿងពីប្រទេសម៉ិចស៊ីកូ ក្នុងតម្លៃចន្លោះពី ១លាន ទៅ២លានដុល្លារ ដែលគ្រោងនឹងដាក់ឲ្យដំណើរនៅក្នុងអំឡុងខែមេសាឆ្នាំ២០១៨ ខាងមុខនេះ។
លោក ស៊ុន ចាន់ថុល អះអាងថា គម្រោងដាក់ឲ្យដំណើរការរថភ្លើងធនស្រាលនេះ គឺជាការឆ្លើយតបនឹងតម្រូវការធ្វើដំណើររបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងកាត់បន្ថយការកកស្ទះចរាចរណ៍។ លោកប្រាប់ថា រថភ្លើងនេះបើកបរដោយចំណាយរយៈពេល ២០ ទៅ២៥នាទី ពី ព្រលានយន្តហោះភ្នំពេញ ទៅស្ថាននីយរថភ្លើង និងអាចផ្ទុកអ្នកដំណើរប្រហែល ១០០នាក់៕
Tag:
រថភ្លើងធនស្រាល
ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com