អន្តរជាតិ
ទោះ​កូរ៉េខាងជើង​មិន​ឆ្លើយតប កូរ៉េខាងត្បូង​នៅតែ​ចង់​ចរចា​អន្តរ​កូរ៉េ​ដដែល​
21, Jul 2017 , 4:08 pm        
រូបភាព
​កូរ៉េខាងត្បូង​មិនទាន់​ទទួលបាន​ចម្លើយ​ពី​កូរ៉េខាងជើង​លើ​សំណើសុំ​ចរចា​យោធា និង​កាកបាទក្រហម​នៅឡើយ​ទេ​។ ប៉ុន្តែ​កូរ៉េខាងត្បូង​សង្ឃឹមថា កូរ៉េខាងជើង​នឹង​ឆ្លើយតប​ក្នុងពេល​ឆាប់ៗ​ខាងមុខ​មិន​ខាន​។ ក្រុង​សេ​អ៊ូ​ល​ក៏​ប្រកាស​ដែរ​ថា បើទោះជា​ព្យុងយ៉ាង​នៅតែ​ធ្វើ​មិនដឹងមិនលឺ​ក៏ដោយ ក៏​ខ្លួន​នៅ​បន្ត​ជំរុញ​ទំនាក់ទំនង​អន្តរ​កូរ៉េ​ដដែល ជាមួយនឹង​គោលដៅ​រក្សា​ស្ថិរភាព និង​បញ្ចប់​វិបត្តិ​ឧបទ្វីប​កូរ៉េ​តាមផ្លូវ​សន្តិភាព​។​



​អស់​ពេល​៥​ថ្ងៃ​មកហើយ​ដែល​កូរ៉េខាងត្បូង​ដាក់សំណើ​ផ្លូវការ​ទៅកាន់​កូរ៉េខាងជើង​ដើម្បី​រៀបចំ​ជំនួប​យោធា និង​កាកបាទក្រហម​រវាង​កូរ៉េ​ខាង​ទាំងពីរ​។ ប៉ុន្តែ​គេ​មិនទាន់​ឃើញ​មានការ​ឆ្លើយតប​ណាមួយ​ពី​សំណាក់​កូរ៉េខាងជើង​នៅឡើយ​ទេ​នៅ​ថ្ងៃទី​២១ ខែកក្កដា​នេះ​។ កូរ៉េខាងត្បូង ដែល​រង់ចាំ​ចម្លើយ​ទាំង​អន្ទះអន្ទែង​នោះ ហាក់​អស់សង្ឃឹម​នឹង​ទទួល​ចម្លើយ​ពី​កូរ៉េខាងជើង តែ​បាន​អះអាងថា ការមិន​អើពើ​របស់​កូរ៉េខាងជើង នឹងមិន​ប៉ះពាល់​ការប្រឹងប្រែង​ដើម្បី​រក្សា​ទំនាក់ទំនង​អន្តរ​កូរ៉េ​ឡើយ​។​

​ទាំង​កំពុង​រង់ចាំ​ការឆ្លើយតប​នោះ រដ្ឋាភិបាល​កូរ៉េខាងត្បូង​និយាយ​ដែរ​ថា ខ្លួន​នឹងមិន​ដាក់សំណើ​ទៅកាន់​កូរ៉េខាងជើង​ម្ដងទៀត​ទេ ព្រោះ​សំណើ​ចាស់​ដែល​សុំ​ចរចា​ផ្នែក​យោធា​មិនទាន់មាន​ចម្លើយ​នៅឡើយ​។ ចំណែកឯ​កូរ៉េខាងជើង​វិញ ក៏​នៅតែ​បន្ត​ភាព​ស្ងៀមស្ងាត់​របស់ខ្លួន​ដដែល ហើយ​មិន​ក៏បាន​និយាយថា​ទទួលយក​សំណើ​កូរ៉េខាងត្បូង ឬក៏​ទាត់ចោល ឬក៏​ទទួលយក​សំណើ ហើយ​បដិសេធ​មួយទៀត​ដែរ​។​

​នៅ​ថ្ងៃទី​២១ ខែកក្កដា​នេះ ក្រសួង​បង្រួបបង្រួម​កូរ៉េ​របស់​កូរ៉េខាងត្បូង ក៏បាន​ទទូច​ឲ្យ​កូរ៉េខាងជើង​ទទួលយក​សំណើ​ទាំងពីរ​របស់ខ្លួន​។ យោធា​កូរ៉េខាងត្បូង​ចង់​ជួប​យោធា​កូរ៉េខាងជើង​នៅ​ថ្ងៃទី​២១ ខែកក្កដា​នេះ ដើម្បី​បន្ថយកម្ដៅ​តានតឹង​តាម​ព្រំដែន​អន្តរ​កូរ៉េ និង​ជំនួប​រវាង​ស្ថាប័ន​មនុស្សធម៌​នៅ​ថ្ងៃទី​១ ខែសីហា ដើម្បី​រៀបចំ​ការជួបជុំ​គ្រួសារ​កូរ៉េ​ទាំងពីរ​ឡើងវិញ​។ ប៉ុន្តែ​សំណើ​ទីមួយ​បានមក​ដល់​ថ្ងៃ​កំណត់​ទៅហើយ នៅសល់តែ​សំណើ​ទី​ពីរ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap អ្នកនាំពាក្យ​ក្រសួង​ខាងលើ​និយាយថា កូរ៉េខាងត្បូង​នឹងមិន​ឲ្យ​ជំហរ​របស់ខ្លួន​វៀចវេរ​ដោយសារ​ការស្ងៀមស្ងាត់រ​បស់​កូរ៉េខាងជើង​ទេ តែ​កូរ៉េខាងត្បូង​នឹង​បន្ត​ការព្យាយាម​របស់ខ្លួន​ក្នុង​គោលដៅ​ពង្រឹង​ទំនាក់ទំនង​កូរ៉េ​ទាំងពីរ​ជា​ជំហានៗ និង​ដោយ​អាកប្បកិរិយា​មិន​ឆេវឆាវ​ទេ​។ អ្នកនាំពាក្យ​ដដែល​រំពឹងថា​កូរ៉េខាងជើង​នឹង​ឆ្លើយតប​សំណើ​ចរចា​របស់ខ្លួន​ឲ្យ​ឆាប់​តាមតែ​អាចធ្វើ​បាន​។​

​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ ខណៈដែល​រដ្ឋាភិបាល​កូរ៉េខាងជើង​មិនទាន់​ឆ្លើយ​សំណើ​កូរ៉េខាងត្បូង​នោះ សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង Rodong Sinmun បានចាត់ទុក​សំណើ​របស់​កូរ៉េខាងត្បូង​ជា​រឿង​គ្មាន​ប្រយោជន៍​។ គ្មាន​ប្រយោជន៍​ត្រង់​ថា កូរ៉េខាងត្បូង​ចង់​ចរចា ប៉ុន្តែ​បែរជា​បន្ត​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ដដែល​។ តាមពិត​នេះ​ជា​ជំហរ​របស់​កូរ៉េខាងត្បូង ដែល​ចង់​ចរចា​ផង ចង់​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​ផង សំដៅ​ធ្វើ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​៕


Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  នុយក្លេអ៊ែរ​
© រក្សាសិទ្ធិដោយ thmeythmey.com