ជាតិ
អាជ្ញាធរ​សៀមរាប​៖ សំណង់​មុខ​សណ្ឋាគារ​សុខា​ធ្វើ​ឲ្យ​ខូច​សណ្តាប់ធ្នាប់ និង​សង់​លើផ្លូវ​បុរាណ​
21, Jul 2017 , 9:39 pm        
រូបភាព
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
​សៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប ដែលមាន​ការចូលរួម​ពី​កងកម្លាំង​ចម្រុះ បាន​ចុះ​រុះរើ​សំណង់​ខុសច្បាប់​មួយកន្លែង ស្ថិតនៅ​ភូមិ​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ឬ​នៅខាងមុខ​សណ្ឋាគារ​សុខា សៀមរាប​។ ការចុះ​រុះរើ​នេះ គឺមាន​ការសហការ​បា​ន​យ៉ាង​ល្អ​ពី​ប្រជាពលរដ្ឋ​ជា​ម្ចាស់ផ្ទះ ក្រោយ​អាជ្ញាធរ​បាន​ពន្យល់​ពី​ភាពមិន​ស្របច្បាប់​របស់​ពួកគេ​។​



​ក្នុង​វីដេអូ ដែល​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាល​ខេត្តសៀមរាប លោក សូរ ប្លា​តុង អភិបាលក្រុង​សៀមរាប និង​ជា​អ្នកដឹកនាំ​កម្លាំង​ចុះ​រុះរើ បាន​ឲ្យ​ដឹងថា ផ្ទះ​ដែល​សង់​ខុសច្បាប់​ទាំងនោះ​មាន​ចំនួន ១៩​ខ្នង​។ លោក​បន្តថា សំណង់​ទាំងនេះ គឺ​ត្រូវបាន​ប្រជាពលរដ្ឋ​ទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់ អំឡុងពេល​យុទ្ធនាការ​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​សង្កាត់ អាណត្តិ​ទី​៤​កន្លងទៅ ទោះ​មានការ​ហាមឃាត់​ពី​អាជ្ញាធរ​មូលដ្ឋាន​បែបណា​ក្តី​។

​តាម​ការពន្យល់​របស់​លោក សូរ ប្លា​តុង សំណង់​ខុសច្បាប់​ទាំងនោះ  ស្ថិតក្នុង​បុរី​សណ្ឋាគារ ទេសចរណ៍ និង​ត្រូវបាន​រាជរដ្ឋាភិបាល​កាត់ចេញ​តាមរយៈ​ស​.​ជ​.​ណ លេខ ១៥៨​។ យ៉ាងណា តាម​ការបញ្ជាក់​របស់​លោក​អភិបាលក្រុង ទីតាំង​ខាងលើ ជា​អតីត​ផ្លូវ​បុរាណ ដែលជា​ប្រព័ន្ធ​ការពារ​ក្រុង​ដ៏​សំខាន់​សម្រាប់​រំដោះ​ចរាចរណ៍​ក្នុង​ខេត្ត​។



​ក្រោយ​ការរុះរើ​សំណង់​ចេញ​កាលពី​ថ្ងៃទី​២០ កក្កដា រដ្ឋបាលខេត្ត​បានធ្វើការ​ឈូសឆាយដី​ដើម្បី​ធ្វើ​ផ្លូវ ចៀសវាង​មានការ​រំលោភ​នៅពេល​ក្រោយ​។ លោក សូរ ប្លា​តុង បាន​ប្រាប់​ដល់​ពលរដ្ឋ​កុំ​ឲ្យ​ចាញ់កល​អ្នក​ញុះញង់ ឬ​ឈ្មួញកណ្តាល ហើយ​មុន​សាងសង់​អ្វី​ត្រូវ​សួរ​ព័ត៌មាន​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ជាមុនសិន ចៀសវាង​ការខាតបង់​ប្រយោជន៍​ណាមួយ​៕


Tag:
 សូរ ប្លា​តុង​
  សណ្ឋាគារ​សុខា
© រក្សាសិទ្ធិដោយ thmeythmey.com