កីឡាជាតិ
ជាតិ
AFC U23៖ កម្ពុជាចាញ់ជប៉ុន ២-០
× ក្រុមកីឡាបាល់ទាត់អាយុក្រោម២៣ឆ្នាំជប៉ុនកម្ពុជា បានចាញ់ U23 ជប៉ុន ២-០ សម្រាប់ការប្រកួតជម្រុះពូល J នៃព្រឹត្តិការណ៍ AFC U23 Championship 2018 នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០១៧ នេះ ដោយមានអ្នកទស្សនាផ្ទាល់ជាង១៥០០០នាក់។
នៅក្នុងការប្រកួតវគ្គទីមួយ U23 ជប៉ុនដែលជាម្ចាស់ការពារតំណែងជើងឯក បានបើកការវាយលុកយ៉ាងខ្លាំង បន្ទាប់ពី ច្រឹង ពលរដ្ឋ មានឱកាសទាត់បាល់ពិន័យពីចម្ងាយមួយគ្រាប់នៅពីរដំបូងនៃការប្រកួត។
អ្នកចាំទី អ៊ុំ សេរីរ័ត្នន៍ បានង្គ្រោះបាល់ដែលជាការតែត និងស៊ុតជាបន្តបន្ទាប់របស់ខ្សែប្រយុទ្ធជប៉ុន Tagawa Kyosuke ខ្សែការពារ Yanagi Takahiro ជាដើម។ ភ្លៀងបានចាប់ធ្លាក់ បន្ទាប់ពីការប្រកួតដំណើរការបាន២៥នាទី ប៉ុន្តែមិនខ្យល់បោកបក់ និងគ្រាប់ភ្លៀងច្រើនឡើយ។
គ្រូបង្វឹកប្រេស៊ីល លោក Leonardo Vitorino បានសម្រេចផ្លាស់ប្តូរ ប្រាក់ ធីវ៉ា ចូលជំនួស សារី ម៉ាត់ណូរ៉ូទីន ដែលរងរបួស នៅ២នាទីមុនបញ្ចប់ការប្រកួត។ ការវាយលុករបស់ជប៉ុន និងការប្រឹងទប់របស់កម្ពុជា បានធ្វើឲ្យការប្រកួតបញ្ចប់ក្នុងលទ្ធផលដោយគ្មានការស៊ុតបាល់បញ្ចូលទីនៅវគ្គទីមួយ។
អាកាសធាតុបានវិលទៅរកស្ថានភាពល្អប្រសើរវិញនៅវគ្គទីពីរ ហើយកីឡាជប៉ុនធ្វើការសម្រុកយ៉ាងខ្លាំងទៅកាន់សំណញ់ទីរបស់កម្ពុជា។ នៅនាទី៦២ អ៊ិន សូដាវីដ ត្រូវបានដាក់ជំនួសដោយ ជួន ចាន់ចាវ។
នៅនាទី៦៥ សេរីរ័ត្នន៍ បំពេញតួនាទីយ៉ាងល្អមួយទៀត តាមរយៈការសង្គ្រោះបាល់ក្រោមកម្លាំងតែតដ៏ធ្ងន់របស់ Keita Endo។ ២នាទីក្រោយមក គ្រូបង្វឹកជប៉ុន បានដាក់ខ្សែប្រយុទ្ធ Ren Komatsu ដែលបានស៊ុតបាល់បញ្ចូលទី៤គ្រាប់ក្នុងជ័យជម្នះ ៨-០ លើហ្វីលីពីន ចូលលេងជំនួស Tagawa Kyosuke។
ក្រោយការសម្រុកជាច្រើនលើក ជប៉ុនរកបានគ្រាប់បាល់បញ្ចូលទីដំបូងរបស់ខ្លួន ដែលសម្រេចផលដោយខ្សែបម្រើ Keita Endo។ នៅនាទី៨៥ Endo បានរួចផុតពីការរារាំងរបស់ ឆុំ ពិសា ហើយបន្តនាំបាល់សំដៅទៅកាន់ទីរបស់កម្ពុជា មុននឹងបញ្ជូនទៅឲ្យ Ren Komatsu ស៊ុតបញ្ចូលទីនាំមុខ ២-០ ។
នៅនាទី៨៦ នេន សុធារដ្ឋ បានទាត់បាល់ពិន័យនៅចំពីមុខតំបន់គ្រោះរបស់ជប៉ុន ប៉ុន្តែកម្លាំងជើងរបស់គេបានបញ្ជូនបាល់ហើរឆ្ងាយពីរបាទី។
នាការប្រកួតគូទីមួយ U23 ចិនបានយកឈ្នះ U23 ហ្វីលីពីន ២-០ ។ ជ័យជម្នះនេះ នាំឲ្យចិនមាន៤ពិន្ទុ ខណៈហ្វីលីពីន ចាញ់ទាំងពីរប្រកួត និងត្រូវហាលអាវ។
ជម្រើស១១នាក់ដំបូងរបស់កម្ពុជា៖ អ៊ុំ សេរីរ័ត្នន៍ (អ្នកចាំទី), នេន សុធារដ្ឋ, សឿយ វិសាល (ប្រធានក្រុម), ឆុំ ពិសា, ហូយ ផល្លីន, សារី ម៉ាត់ណូរ៉ូទីន (ប្រាក់ ធីវ៉ា ៤៣), ច្រឹង ពលរដ្ឋ, ឆេង ម៉េង, អ៊ិន សូដាវីដ (ជូន ចាន់ចាវ ៦២), នួន បូរី, ស៊ុន វ៉ាន់ដេត (សុខ សំណាង ៧៦)៕
© រក្សាសិទ្ធិដោយ thmeythmey.com