ជាតិ
សម្តេច ហ៊ុន សែន ចំណាយថវិកា ៥ ម៉ឺនដុល្លារ ដើម្បីជួយសង់ចេតិយ លោក កែម ឡី
× ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ បានប្រកាសឧបត្ថម្ភថវិកា៥ម៉ឺនដុល្លារ ជូនក្រុមគ្រួសារលោកបណ្ឌិតកែម ឡី ដើម្បីសាងសង់ចេតិយតម្កល់ធាតុលោក កែម ឡី។ កាលពីពេលកន្លងទៅ សម្តេច ហ៊ុន សែន ក៏ធ្លាប់បានចូលបុណ្យ ១ ម៉ឺនដុល្លារ ដើម្បីឲ្យគ្រួសារលោកសពចាត់ចែង ក្នុងពិធីរម្លឹកខួបមួយឆ្នាំនៃមរណភាពលោក កែម ឡី ផងដែរ។
នៅថ្ងៃទី២២ ខែកក្កដានេះ សម្តេច ហ៊ុន សែន បានប្រកាសឧបត្ថម្ភថវិកា៥ម៉ឺនដុល្លារ ដល់គ្រួសារលោក កែម ឡី ដើម្បីសាងសង់ចេតិយ តម្កល់ធាតុលោកបណ្ឌិត កែម ឡី ដែលត្រូវបានឃាតករបាញ់សម្លាប់កាលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
សម្តេច ហ៊ុន សែន បានប្រកាសតាមរយៈអង្គភាពព័ត៌មាន Fresh news ថា ប្រសិនបើក្រុមគ្រួសារសពលោក កែម ឡី រកថវិកាពីសប្បុរសជនជួយមិនបាន ឬថវិកាដែលគណៈកម្មការប្រមូលដើម្បីសាងសង់ជាងមួយឆ្នាំកន្លងមកមិនគ្រប់ចំនួននោះ សម្តេច នឹងជួយឧបត្ថម្ភថវិកាជាបន្តបន្ទាប់ទៀត រហូតដំណើរការសាងសង់ចេតិយសម្រេចជាស្ថាពរ។ បើតាមសារព័ត៌មាន Fresh news ដដែល ការណ៍ដែលប្រមុខរដ្ឋាភិបាល ប្រកាសផ្តល់ថវិកា៥ម៉ឺនដុល្លារនេះ គឺបន្ទាប់ពីលោក កែម រិទ្ធិសិទ្ធ ប្អូនប្រុសបង្កើតរបស់ លោក កែម ឡី បានអំពាវនាវរកថវិកា ដើម្បីសង់ចេតិយជូនប្រុសរបស់ខ្លួន។
សូមបញ្ជាក់ថា លោកបណ្ឌិត កែម ឡី ដែលគេស្គាល់ថា ជាអ្នកស្រាវជ្រាវសង្គម និងនយោបាយ ព្រមទាំងជាវាគ្មិនដ៏ល្បីល្បាយម្នាក់ ត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៦ ។ ករណីឃាតកម្មកណ្តាលរាជធានីភ្នំពេញនេះ សមត្ថកិច្ច បានចាប់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ហើយកាលពីខែឧសភា ឆ្នាំ ២០១៧ តុលាការដំបូងរាជធានីភ្នំពេញ បានកាត់ទោសជនសង្ស័យរូនេះ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទ ឃាតកម្មគិតទុកជាមុន និងការកាន់កាប់អាវុធខុសច្បាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com