កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ជំរុញ Neymar ទៅ​ចូលរួម​ជាមួយ Man Utd បើសិន​ចង់​ចេញពី Barca
24, Jul 2017 , 7:39 pm        
រូបភាព
Cristiano Ronaldo ណែនាំ​ឲ្យ Neymar ទៅ​ចូលរួម​ជាមួយ Manchester United កុំ​ដោយសារតែ​ការផ្ទេរ​ជា​កំណត់ត្រា​ពិភពលោក​ទើប​ចាក​ចេញពី Barcelona ទៅ Paris Saint-Germain ហើយ​បើ​មិន​ដូច​ឆ្នោះ​ទេ​នឹង​ស្តាយក្រោយ​មិន​ខាន​។



​បន្ទាប់ពី​លេចលឺ​ពាក្យ​ចរាម​អា​រ៉ា​ម​ថា​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល យល់ព្រម​ទទួល​សំណើ​របស់​ក្លិប​អ្នកមាន​នៃ​ក្របខណ្ឌ​កំពូល​បារាំង Paris Saint-Germain ជាមួយនឹង​តម្លៃ​ផ្ទេ​កប់​ពពក​ប្រមាណ ២៥៣​លាន​ដុល្លារ​នោះ ពេលនេះ Cristiano Ronaldo បានចេញ​មុខរា​រាំង Neymar ចាក​ចេញពី Barcelona បើ​មិន​អ៊ីចឹង​ទេ​រូបគេ​នឹងមាន​កំហុស​ដ៏​ធំ​មួយ​មិន​ខាន​។​

​តារា​ឆ្នើម​របស់ Real Madrid វ័យ​៣២​ឆ្នាំ​រូបនេះ ក៏បាន​ជំរុញ​ឲ្យ​មិត្ត​ភ​ក្កិ​ជិតស្និទ្ធ​របស់ខ្លួន​គឺ Neymar ទៅ​ចូលរួម​ជាមួយ​អតីត​ក្រុម​ចាស់​របស់គេ Manchester United វិញ​ទើប​ជា​ក្រុម​ល្បី​លើ​លោក និង​អាចជួយ​ឲ្យ អតីត​សមាជិក​ក្រុម Santos នេះ​បោះ​ជំ​ហ៊ាន​ទៅមុខ​បាន​មួយកម្រិត​ថែមទៀត​។​

​បើតាម​ការផ្សាយ​របស់ TheSun Sport អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​បិសាច​ក្រហម​បាន​ផ្ញើ​សារ​តាម WhatsApp ដោយ​ព្រមាន​កីឡាករ​វ័យ​២៥​ឆ្នាំនេះ​កុំ​ឲ្យ​ចាក​ចេញពី Nou Camp ទៅ​ចូលរួម​ជាមួយ​ក្រុម​នៃ​ក្របខណ្ឌ​កំពូល​បារាំង Ligue 1 ជាដាច់ខាត ព្រោះ​ជា​ក្រុម​តូច​មិន​ល្បី​ដូច Real Madrid, Barcelona ឬ Manchester United ឡើយ​។​

​សូមបញ្ជាក់ថា​រហូតមក​ទល់នឹង​ពេលនេះ​មិនទាន់មាន​ព័ត៌មាន​ច្បាស់ការ​ណាមួយ​បញ្ជាក់ថា Neymar ព្រម​ចេញទៅ​កាន់​ទឹកដី Parc des Princes ក្នុង​ទីក្រុង​ប៉ារីស​នៅឡើយ​នោះទេ ខណៈ លោក Josep Maria Bartomeu ប្រធាន​ក្លិប Barcelona ក៏បាន​ចេញមុខ​បដិសេធ​នៃ​ការចាកចេញ​នេះដែរ​។​

​យ៉ាងណា​បើតាម​ប្រភព​ដដែល បើសិនជា​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ប្រ​ស៊ី​ល​យល់​ព្រមទៅ​ចូលរួម​ជាមួយ Paris Saint-Germain មែន ពួកគេ​សន្យាថា​នឹង​ចំណាយ​ប្រាក់​ប្រចាំ​ស​ប្តា​ហិ៍​រហូតដល់ ៥​សែន​ផោន ប្រមាណ​៦៥​ម៉ឺន​ដុល្លារ​ឯណោះ​៕

Tag:
 បាល់ទាត់​
  Cristiano Ronaldo
  Neymar
© រក្សាសិទ្ធិដោយ thmeythmey.com