ជាតិ
បក្ស​សម រង្ស៊ី ត្រៀម​ប្តូរ​ឈ្មោះ ឯ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​គ្រោង​ដក​រូប​សម្តេចក្រុមព្រះ​
24, Jul 2017 , 9:19 pm        
រូបភាព
ដោយ:
​គណបក្ស សម រង្ស៊ី គ្រោង​ធ្វើ​សមាជ​ដើម្បី​ប្តូរ​ឈ្មោះ​គណបក្ស​ចេញ ខណៈដែល​ខ្លឹមសារ​នៃ​សេចក្តីស្នើច្បាប់​គណបក្សនយោបាយ​ថ្មី មិនទាន់​ចូល​ជា​ធរមាន​។ ចំណែកឯ​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច ឯណេះ​វិញ ក៏​ត្រៀមខ្លួន​រួចរាល់ ដើម្បី​អនុវត្ត​ឲ្យ​ស្របតាម​ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​គណបក្សនយោបាយ​ថ្មី​ផងដែរ​។​



​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ​ថ្មី កំពុង​ជះឥទ្ធិពល​ដល់​គណបក្ស សម រង្ស៊ី និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ គណបក្ស​ទាំងពីរ​នេះ កំពុង​គិតគូរ​រក​ច្រកចេញ ដើម្បី​កុំ​ឲ្យ​គណបក្ស​របស់ខ្លួន​មាន​ចំណុចខ្សោយ ដែល​ផ្ទុយ​នឹង​ខ្លឹមសារ​ច្បាប់​ថ្មី​។ ខ្លឹមសារ​សំខាន់​នៃ​ច្បាប់​ថ្មី ដែល​ធ្វើ​ឲ្យ​បក្ស សម រង្ស៊ី និង​បក្ស​ហ្វ៊ុនស៊ិនប៉ិច ខ្វល់ខ្វាយ គឺ​នៅត្រង់​មាត្រា ៤៨ ថ្មី ដែល​បានចែង​យ៉ាងនេះ​ថា​៖«​ចំពោះ​គណបក្សនយោបាយ​ណា ដែលមាន​ឈ្មោះ ឬ​សញ្ញា​សម្គាល់​របស់​គណបក្ស​ជា​ឈ្មោះ  ឬ​រូបភាព​របស់​រូបវន្ត​បុគ្គល ត្រូវ​ផ្លាស់ប្តូរ​ឈ្មោះ  ឬ​សញ្ញា​សម្គាល់ ឲ្យ​ស្របតាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​នេះ ក្នុង​រយៈពេល ៩០ ថ្ងៃ យ៉ាងយូរ គិត​ចាប់​ពីថ្ងៃ​ដែល​ច្បាប់​នេះ​ចូល​ជា​ធរមាន​»​។​

​បច្ចុប្បន្ន​គណបក្ស សម រង្ស៊ី កំពុង​ប្រើ​ឈ្មោះ​រូបវន្តបុគ្គល​ គឺ​ឈ្មោះ​របស់លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទ្ទេស​ខ្លួន​នៅក្នុង​ប្រទេស​បារាំង​។ គណបក្ស​នេះ មាន​លោក ទាវ វ​ណ្ណុល ជា​ប្រធានស្តីទី និង​មាន​សមាជិក​ព្រឹទ្ធសភា​ចំនួន ១១ រូប​។ ចំណែក​គណបក្ស​ដែល​ដាក់​រូបភាព​រូបវន្តបុគ្គល សម្រាប់​សម្គាល់​គណបក្ស​វិញ គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ដាក់​រូប​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ។

​លោក ទាវ វ​ណ្ណុល ប្រធានស្តីទី​គណបក្ស សម រង្ស៊ី បាន​ថ្លែង​តាម​ទូរ​សព្ទ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​របស់​គណបក្ស​លោក​នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃទី ២៥ ខែកក្កដា ដើម្បី​ពិភាក្សា​អំពី​ការប្តូរឈ្មោះ​គណបក្ស មុននឹង​បន្តធ្វើ​សមាជ​។ លោក ទាវ វ​ណ្ណុល លើកឡើង​ដូច្នេះ​ថា​៖«​រូប​សញ្ញា​ភ្លើងទៀន គឺ​យើង​រក្សាទុក​ដដែល ដោយ​យើង​ដូរ​តែ​ឈ្មោះ​ទេ​។ ខ្ញុំ​សូម​ប្រាប់​ឈ្មោះ​ថ្មី​ចំនួន​៣​សិន​ចុះ គឺ​គណបក្ស​ជាតិខ្មែរ គណបក្ស​រស្មី​ប្រជាធិបតេយ្យ និង​គណបក្ស​ពន្លឺ​ភ្លើងទៀន​»​។ សម្រាប់​លោក វ​ណ្ណុល ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​បក្សនយោបាយ មិនបាន​បម្រើ​ផលប្រយោជន៍​សង្គម​នោះទេ​។​

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ការពារ​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​នេះ​ថា ច្បាប់​នេះ មាន​ខ្លឹមសារ​ល្អ និង​សមស្រប​នឹង​បរិបទ​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​។ លោក​ថា តំណាងរាស្ត្រ​គណបក្ស​បក្ស​ប្រជាជន​កម្ពុជា ស្នើច្បាប់​នេះ​ឡើង មិនមាន​ចេតនា​ធ្វើបាប​គណបក្ស​ណាមួយ​ទេ តែ​ធ្វើឡើង​ដើម្បី​ប្រយោជន៍​សង្គម​ទូទៅ​។​

​លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យ​គណបក្ស ហ្វ៊ុនស៊ិនប៉ិច  បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ថ្នាក់ដឹកនាំ​គណបក្ស​របស់លោក បានសម្រេច​គ្នា​រួចហើយ ដើម្បី​អនុវត្ត​ទៅតាម​ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​គណបក្សនយោបាយ ដែល​ស្នើឡើង​ដោយ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​។ « យើង​គ្មាន​លទ្ធភាព​អ្វី​នឹង​តវ៉ា​ទេ ក្រៅតែពី​អនុវត្ត​តាមច្បាប់​ប៉ុណ្ណោះ​»​។ លោក ប៊ុនជិន បញ្ជាក់​យ៉ាងនេះ​ហើយ ក៏​ឆ្លៀត​ត្អូញត្អែរ​ពី​ការចំណាយ​នៅពេលដែល​គណបក្ស​រាជានិយម​មួយ​នេះ ប្តូរ​ស្លាក​សម្គាល់​សញ្ញា​គណបក្ស ដោយ​ដក​រូប​សម្តេចក្រុមព្រះ​ចេញ​។ លោក បញ្ជាក់​យ៉ាងនេះ​ថា​៖« យើង​ជា​គណបក្ស​ក្រ​ណាស់ លំបាក់​បន្តិច​ហើយ នៅពេល​ដូរ​ស្លាក​សញ្ញា​សម្គាល់​ទូទាំងប្រទេស​»​។

​សេចក្តីស្នើ​របស់​តំណាងរាស្ត្រ​គណបក្សកាន់អំណាច ដើម្បី​វិសោធនកម្ម​មាត្រា​ចំនួន ៥ នៃ​ច្បាប់​គណបក្សនយោបាយ​ថ្មី  ត្រូវបាន​រដ្ឋសភា និង​ព្រឹទ្ធសភា អនុម័ត​រួចរាល់​ហើយ​។ បច្ចុប្បន្ន សេចក្តីស្នើ​នេះ បាន​ទៅដល់​ក្រុមប្រឹក្សាធម្មនុញ្ញ​ហើយ​។ នេះ​ជា​លើក​ទី ២ ហើយ​ដែល​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ស្នើ​ឲ្យ​វិសោធនកម្ម​គណបក្សនយោបាយ នៅក្នុង​ឆ្នាំ ២០១៧ នេះ​។ លើក​ទី ១ តំណាងរាស្ត្រ​បក្ស​ប្រជាជន​កម្ពុជា បានស្នើ​វិសោធនកម្ម​ច្បាប់​នេះ ដោយមាន​ខ្លឹមសារ ហាម​អ្នកទោស​មិន​ឲ្យ​ធ្វើជា​ប្រធាន​គណបក្ស និង​ធ្វើជា​សមាជិក​គណៈកម្មាធិកា​រ​នាយក​នៃ​គណបក្សនយោបាយ​៕


Tag:
 ច្បាប់​បក្សនយោបាយ​
  សម រង្ស៊ី​
  ទាវ វ​ណ្ណុល​
  ញ៉េប ប៊ុនជិន
© រក្សាសិទ្ធិដោយ thmeythmey.com