ជាតិ
The Voice Kids Cambodia៖ កុមារា ពេជ្រ ថៃ ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​
30, Jul 2017 , 3:46 pm        
រូបភាព
កុមារា ពេជ្រ ថៃ ធ្វើភ្នែក​ស្រលៀង មុនពេល​សម្រេចយក​លោក ព្រាប សុវត្ថិ ធ្វើជាគ្រូបង្វឹក
កុមារា ពេជ្រ ថៃ ធ្វើភ្នែក​ស្រលៀង មុនពេល​សម្រេចយក​លោក ព្រាប សុវត្ថិ ធ្វើជាគ្រូបង្វឹក
ដោយ: ថ្មីៗ
ត្រឹមតែ​ជាង​១៥​ម៉ោង​ប៉ុណ្ណោះ វីដេអូ​ស្តីពី​សកម្មភាព​របស់​កុមារា ពេជ្រ ថៃ ដែល​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​កម្មវិធី The Voice Kids Cambodia មាន​ការចូល​ទស្សនា​ជាង ១.៨​លាន​ដង ចែករំលែក (Shares) ជាង​១៣​ម៉ឺន និង​ការ​ចុច Like ជាង​១២​ម៉ឺន​។​



​វ័យ​១២​ឆ្នាំ មកពី​ខេត្តបាត់ដំបង  កុមារា ពេជ្រ ថៃ បាន​បកស្រាយ​បទ​ចម្រៀង​របស់​ស្តេច​ចម្រៀង ស៊ីន ស៊ី​សាមុត ដែលមាន​ចំណងជើង​ថា «​បាត់ដំបង​បណ្តូលចិត្ត​»​។ សំនៀងពីរោះ និង​សំឡេង​ច្បាស់​តាម​តួអក្សរ បាន​ទាក់ទាញ​គ្រូបង្វឹក​ទាំងបី​រូប គឺ​លោក ព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធ​កញ្ញា និង​កញ្ញា សុគន្ធ នីសា ចុច​ប៊ូ​តុង «I Want You» ជា​បន្តបន្ទាប់​។​

​ទេពកោសល្យ​ទទួលបាន​នូវ​ការ​ស្ងើចសរសើរ​បន្ថែមទៀត​នោះ កុមារា​ដែល​រៀន​ថ្នាក់​ទី​៧​រូបនេះ មាន​កាយវិការ និង​សំដី​ក្រ​ម៉េច​ក្រមើម និង​កំប្លែង​គួរ​ឲ្យ​កោតសរសើរ​យ៉ាងខ្លាំង​។ កុមារា​រូបនេះ រស់នៅ​ជាមួយ​ជីដូន​នៅក្នុង​ស្រុក​មោងឫស្សី ដោយ​ឪពុកម្តាយ​ធ្វើការ​ជាប្រចាំ​នៅក្នុង​ប្រទេស​ថៃ​។ ពេជ្រ ថៃ បានសម្រេច​យក​លោក​ព្រាប សុវត្ថិ ធ្វើជា​គ្រូបង្វឹក​។​

​អ្នកខ្លះ​បាន​ចំណាយពេល​មើល​ម្តង​ហើយ​ម្តងទៀត ឃ្លី​បរ​បស់ ពេជ្រ ថៃ ដែល​បានអូសបន្លាយ​រហូតដល់​ទៅ​២៣​នាទី​។ ម្នាក់ៗ​ផ្ទុះសំណើច និង​កោតសរសើរ​មិន​ដាច់​ពី​មាត់​។ តាមរយៈ​គណនី Youtube របស់ The Voice Kids Cambodia ផងដែរ​នោះ សមត្ថភាព​របស់​កុមារ ពេជ្រ ថៃ ក៏​ទទួលបាន​នូវ​ការកោតសរសើរ​ពី​សំណាក់​ជនបរទេស​ដែល​មិនចេះ​ភាសា​ខ្មែរ​ផងដែរ​។​

​កម្មវិធី The Voice Kids Cambodia របស់​ទូរទស្សន៍​ហង្ស​មាស វគ្គ Blind Audition បាន​ឈានចូល​សប្តាហ៍​ទី​ពីរ កាលពី​ថ្ងៃ​សៅរ៍​។ កាលពី​សប្តាហ៍​ទីមួយ កុមារ​ពីររូប​ក៏​ទទួល​នូវ​ការចាប់អារម្មណ៍​ដ៏​គួរ​ឲ្យ​កត់សម្គាល់​រហូត​មាន​ការចូល​ទស្សនា​ជាង​១​លាន​ដង​ផងដែរ ក្នុងនោះ មាន​កុមារី ឃុ​យ មីុ​ហៀ​ង ពី​ខេត្តកំពង់ស្ពឺ ដែល​ច្រៀង​បទ «​ចាំ​នៅតែ​ចាំ​» និង​កុមារី រ៉ាស៊ី លី​ម៉ូ​រី​យ៉ា នៅ​រាជធានី​ភ្នំពេញ ដែល​ច្រៀង​បទ «Blank Space»៕


© រក្សាសិទ្ធិដោយ thmeythmey.com